ព័ត៌មានអន្តរជាតិ

ម៉ាឡេស៊ី គ្រងតំណែងជាប្រទេសដែលមានអ្នកទៅលេងច្រើនជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ក្នុងត្រីមាសទីមួយ ឆ្នាំ ២០២៦

image


ម៉ាឡេស៊ី៖ ប្រទេសម៉ាឡេស៊ីបានបង្ហាញពីឧត្តមភាពរបស់ខ្លួនក្នុងវិស័យទេសចរណ៍ ដោយគ្រងតំណែងជាប្រទេសដែលមានអ្នកចូលទស្សនាច្រើនជាងគេបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ សម្រាប់ត្រីមាសទីមួយនៃឆ្នាំ ២០២៦។ ជាមួយនឹងចំនួនភ្ញៀវទេសចរ ១០,៦ លាននាក់ ម៉ាឡេស៊ីបានបង្ហាញពីសន្ទុះកំណើនយ៉ាងរឹងមាំ បើទោះបីជាស្ថានភាពនយោបាយពិភពលោកមានភាពរកាំរកូសក៏ដោយ ។

កត្តាសំខាន់ដែលធ្វើឱ្យម៉ាឡេស៊ី ទទួលបានជោគជ័យបែបនេះ គឺការផ្លាស់ប្តូរយុទ្ធសាស្ត្រទីផ្សារទេសចរណ៍។ ទោះបីជាចំនួនភ្ញៀវពីតំបន់មជ្ឈិមបូព៌ាមានការធ្លាក់ចុះដោយសារតែសង្គ្រាមក៏ពិតមែន ប៉ុន្តែម៉ាឡេស៊ីអាចទាក់ទាញភ្ញៀវមកពីតំបន់អាស៊ី និងអឺរ៉ុបឱ្យកើនឡើងវិញ ដើម្បីមកបំពេញចន្លោះប្រហោងនេះ ដែលសបញ្ជាក់ពីភាពបត់បែននៃវិស័យទេសចរណ៍របស់ខ្លួន ។
ភាពខ្លាំងរបស់ម៉ាឡេស៊ីក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កើតចេញពីកំណែទម្រង់ផ្ទៃក្នុងយ៉ាងស៊ីជម្រៅ ជាពិសេសគឺជាគោលនយោបាយទិដ្ឋាការដែលផ្តល់ភាពងាយស្រួលដល់ភ្ញៀវអន្តរជាតិ។ បន្ថែមលើនេះ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មទេសចរណ៍ បានធ្វើឱ្យម៉ាឡេស៊ីក្លាយជាគោលដៅប្រកបដោយភាពទាក់ទាញ និងផាសុកភាពសម្រាប់អ្នកដំណើរគ្រប់ទិសទី ។

បន្ទាប់ពីទទួលបានជោគជ័យយ៉ាងធំធេងក្នុងឆ្នាំ ២០២៥ ជាមួយនឹងភ្ញៀវជាង ៤២ លាននាក់ ម៉ាឡេស៊ីមិនបានឈប់ត្រឹមនេះទេ ដោយបានដាក់គោលដៅកាន់តែខ្ពស់សម្រាប់ឆ្នាំ ២០២៦ តាមរយៈការទាក់ទាញភ្ញៀវឱ្យបានដល់ ៤៧ លាននាក់។ តាមរយៈតួលេខក្នុងត្រីមាសទីមួយនេះ ម៉ាឡេស៊ីហាក់មានសង្ឃឹមខ្ពស់ក្នុងការសម្រេចមហិច្ឆតាក្លាយជា «មកុដនៃទេសចរណ៍អាស៊ីអាគ្នេយ៍» ជាប់ៗគ្នា ។

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Malay Mail via eVnExpress on MSN | រូបភាព៖ Reuters/ Sinar Daily_Canva/ weirdkaya on Microsoft Bing