ព័ត៌មានអន្តរជាតិ

ទិន្នន័យស្រាវជ្រាវសេដ្ឋកិច្ចមួយរបស់ថៃ ឱ្យដឹងថា កសិករថៃជាង ៤សែននាក់ កំពុងជាប់ផុងក្នុងវិបត្តិបំណុលធ្ងន់ធ្ងរ

image


ថៃឡង់ដ៍៖ វិបត្តិបំណុលក្នុងវិស័យកសិកម្មនៅប្រទេសថៃបានឈានដល់កម្រិតមួយដែលយ៉ាប់យ៉ឺនទៅៗ ដោយមានកសិករជាង ៤សែននាក់កំពុងជាប់គាំងនៅក្នុងស្ថានភាពហិរញ្ញវត្ថុដ៏លំបាក។ កសិករទាំងនេះអាចមានលទ្ធភាពត្រឹមតែសងការប្រាក់ប្រចាំខែប៉ុណ្ណោះ ប៉ុន្តែមិនអាចកាត់បន្ថយប្រាក់ដើមបានឡើយ ដែលធ្វើឱ្យពួកគេជាប់ជំពាក់បំណុលមិនចេះចប់មិនចេះហើយ ។

បើតាមទិន្នន័យស្រាវជ្រាវពីវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចពួយ អ៊ឹងផាកន (Puey Ungphakorn) (ក្រោមការឧបត្ថម្ភរបស់ធនាគារកណ្តាលថៃ) បានឱ្យដឹងថា បំណុលជាមធ្យមរបស់ក្រុមគ្រួសារកសិករ បានកើនឡើងដល់ ២៥ម៉ឺនបាត ដែលជាចំនួនច្រើនជាងក្រុមគ្រួសារទូទៅដល់ទៅ ៣ ដង។ ក្នុងរយៈពេល ៨ ឆ្នាំចុងក្រោយនេះ ចំនួនអ្នកដែលបង់បានត្រឹមតែការប្រាក់ បានហក់ឡើងពី ២០% ទៅដល់ ៥០% ខណៈដែលកសិករភាគច្រើន មានបំណុលសរុបកើនឡើងលើសពីកន្លះលានបាតរួចទៅហើយ ។

កត្តាចម្បងដែលរុញច្រានឱ្យមានវិបត្តិនេះ គឺការធ្លាក់ចុះប្រាក់ចំណូលជារៀងរាល់ ២ ទៅ ៣ ឆ្នាំម្តង ដែលធ្វើឱ្យកសិករជិតពាក់កណ្តាល គ្មានសមត្ថភាពគ្រប់គ្រាន់ក្នុងការទូទាត់បំណុល។ ក្រៅពីបញ្ហាចំណូល ប្រព័ន្ធនៃការសងប្រាក់មិនស៊ីច្រវាក់គ្នា និងការចំណាយផ្សេងៗក្នុងការដោះស្រាយបំណុល ក៏ជាបន្ទុកបន្ថែមដែលរារាំងដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ក្រុមគ្រួសារកសិករថែមទៀតផង ។

របាយការណ៍ខាងលើ ក៏បានរិះគន់ផងដែរ លើវិធានការដោះស្រាយបំណុលកាលពីពេលកន្លងទៅ ដូចជាការលើកលែងការសងបណ្តោះអាសន្ន ថាជាដំណោះស្រាយត្រឹមតែមួយគ្រា។ ក្រុមអ្នកស្រាវជ្រាវ យល់ឃើញថា វិធីសាស្ត្របែបនេះមិនត្រឹមតែមិនបានដោះស្រាយបញ្ហាឱ្យដាច់ស្រឡះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចធ្វើឱ្យអ្នកខ្ចីប្រាក់បាត់បង់ទំនួលខុសត្រូវ និងវិន័យក្នុងការគ្រប់គ្រងលុយកាក់ជាដើម ។
ជាច្រកចេញ ក្រុមអ្នកជំនាញ បានជំរុញឱ្យមានការផ្លាស់ប្តូរយុទ្ធសាស្ត្រ ដោយផ្តោតលើការរៀបចំរចនាសម្ព័ន្ធបំណុលឱ្យត្រូវនឹងសមត្ថភាពសងជាក់ស្តែង។ លើសពីនេះ ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ត្រូវបានលើកទឹកចិត្តឱ្យយកមកប្រើដើម្បីវាយតម្លៃ និងផ្តល់ជំនួយឱ្យចំគោលដៅ ដើម្បីជួយឱ្យកសិករអាចចាកចេញពីវដ្តបំណុលនេះបានយ៉ាងពិតប្រាកដ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Khaosod English | រូបភាព៖ The Nation Thailand/ Khaosod English