មនុស្ស២៦នាក់ស្លាប់ ក្រោយផ្ទុះរោងចក្រផលិតកាំជ្រួចនៅខេត្ត Hunan ប្រទេសចិន
ចិន៖ ផ្ទុះរោងចក្រផលិតកាំជ្រួចដ៏រន្ធត់មួយកន្លែង បានកើតឡើងនៅក្នុងទីក្រុង Liuyang ខេត្ត Hunan ប្រទេសចិន កាលពីម៉ោង ៤:៤០នាទីល្ងាចថ្ងៃចន្ទ បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២៦ នាក់បាត់បង់ជីវិត និង ៦១ នាក់ទៀតរងរបួស។ កម្លាំងសង្គ្រោះបន្ទាន់ជិត ៥០០ នាក់បានដាក់ពង្រាយកម្លាំងជាបន្ទាន់ ដើម្បីស្វែងរកអ្នកបាត់ខ្លួន និងជម្លៀសពលរដ្ឋចេញពីតំបន់គ្រោះថ្នាក់ ខណៈការបំផ្លិចបំផ្លាញបានរីករាលដាលដល់អគារស្នាក់នៅជាច្រើនកន្លែងដែលស្ថិតនៅក្បែរនោះ ស្របពេលកិច្ចប្រតិបត្តិការជួយសង្គ្រោះនៅតែបន្តធ្វើឡើងយ៉ាងសស្រាក់សស្រាំដើម្បីស្វែងរកជនរងគ្រោះដែលកំពុងបាត់ខ្លួន។
លោកប្រធានាធិបតី ស៊ី ជិនពីង និងថ្នាក់ដឹកនាំជាន់ខ្ពស់ចិន បានបញ្ជាឱ្យមានការស៊ើបអង្កេតយ៉ាងតឹងរ៉ឹងបំផុត ដើម្បីស្វែងរកអ្នកទទួលខុសត្រូវមកផ្តន្ទាទោសតាមច្បាប់ និងបានដាក់ចេញនូវបទបញ្ជាឱ្យត្រួតពិនិត្យសុវត្ថិភាពនៅកន្លែងធ្វើការទូទាំងប្រទេស។ ទីក្រុង Liuyang គឺជាមជ្ឈមណ្ឌលផលិតកាំជ្រួចដ៏ធំបំផុតដែលផ្គត់ផ្គង់ដល់ទៅ ៧០ % នៃការនាំចេញសរុបរបស់ចិន ប៉ុន្តែកន្លែងនេះក៏ធ្លាប់ជួបគ្រោះថ្នាក់ស្រដៀងគ្នានេះកាលពីឆ្នាំ ២០១៩ ផងដែរ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Al Jazeera | រូបភាព៖ Getty Images/ BBC