អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៨ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី ៤៨ នៅកោះសេប៊ូ សាធារណរដ្ឋ ហ្វីលីពីន ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៦។
ក្នុងអំឡុងពេលនៃដំណើរ ទស្សនកិច្ចនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងជួបពិភាក្សាការងារជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន ដើម្បីពង្រឹងទំនាក់ទំនងស្ថាប័នទាំងពីរ ក៏ដូចជាជំរុញពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។
ធុរជនកម្ពុជា និងធុរជនហ្វីលីពីន ក៏នឹងមានឱកាសជួបប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់ ក្នុងឱកាសនៃជំនួបនេះ ដើម្បីស្វែងយល់ និងពិនិត្យលទ្ធភាពសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន៖ ហិរញ្ញវត្ថុវិនិយោគ កសិកម្ម ម្ហូបអាហារ ទេសចរណ៍ អចលនទ្រព្យ សំណង់ និង ឧស្សាហកម្មអេឡិចត្រូនិក ជាដើម។
ក្រៅពីនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចពិភាក្សា និងជំនួបពាណិជ្ជកម្មផ្សេងទៀត ដើម្បីជំរុញទំនាក់ទំនងជាមួយសហគមន៍ធុរកិច្ចក្នុងអាស៊ាន៕