ព័ត៌មានអន្តរជាតិ

លោកត្រាំ បង្ហាញមោទនភាពថា អាម៉េរិកមានប្រៀបជាងប្រទេសចិន នៅក្នុងសមរភូមិបច្ចេកវិទ្យា AI

image


សហរដ្ឋអាម៉េរិក៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហាញពីមោទនភាពចំពោះវឌ្ឍនភាពសេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់សហរដ្ឋអាម៉េរិក ដោយលោកបានលើកឡើងពីការរីកដុះដាលនៃរោងចក្រដំឡើងរថយន្ត និងមជ្ឈមណ្ឌលអភិវឌ្ឍន៍បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នៅទូទាំងប្រទេស។ លោកសង្កត់ធ្ងន់ថា បច្ចុប្បន្នអាម៉េរិកកំពុងឈរនៅលំដាប់ថ្នាក់ដឹកនាំ និងមានប្រៀបជាងប្រទេសចិន នៅក្នុងសមរភូមិបច្ចេកវិទ្យាដ៏ទំនើបមួយនេះ ។

ការលើកឡើងនេះ ធ្វើឡើងស្របពេលដែលលោកកំពុងត្រៀមខ្លួនធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ ដើម្បីជួបពិភាក្សាជាមួយលោកប្រធានាធិបតី ស៊ី ជិនពីង។ លោក ត្រាំ ចាត់ទុកទំនាក់ទំនងរវាងមហាអំណាចទាំងពីរថាជាការប្រកួតប្រជែងដ៏ស្និទ្ធស្នាល ប៉ុន្តែលោកក៏មានបំណងបង្ហាញពីភាពខ្លាំង និងឧត្តមភាពរបស់អាម៉េរិកលើវិស័យ AI ដោយផ្ទាល់ទៅកាន់មេដឹកនាំចិនផងដែរ ។

គេរំពឹងថា ដំណើរទស្សនកិច្ចដែលនឹងឈានចូលមកដល់ឆាប់ៗនេះ គឺជាព្រឹត្តិការណ៍នយោបាយ និងសេដ្ឋកិច្ចដ៏សំខាន់បំផុតមួយ ដែលអាចកំណត់ទិសដៅនៃកិច្ចសហប្រតិបត្តិការ និងការប្រជែងគ្នារវាងអាម៉េរិក និងចិន។ ទោះបីជាមានការប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញក៏ដោយ ប៉ុន្តែសំឡេងរបស់លោក ត្រាំ ហាក់បង្ហាញពីភាពជឿជាក់ខ្ពស់ក្នុងការចរចា និងការរក្សាតុល្យភាពអំណាចបច្ចេកវិទ្យានៅលើឆាកអន្តរជាតិ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Getty Images/ nexus on Microsoft Bing