ព័ត៌មានអន្តរជាតិ

លោកត្រាំ ចាត់ទុកប្រតិបត្តិការយោធា ៦ សប្តាហ៍នៅអ៊ីរ៉ង់ ថាគ្រាន់តែជាសង្រ្គាមខ្នាតតូច (MINI-war) ប៉ុណ្ណោះ

image


សហរដ្ឋអាម៉េរិក៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានលើកឡើងពីសារៈសំខាន់នៃថ្នាក់ដឹកនាំដែលមានសមត្ថភាព និងភាពវៃឆ្លាត ក្នុងការបញ្ចៀសពិភពលោកពីសង្រ្គាមលោកលើកទី៣។ លោកបានប្រៀបធៀបជម្លោះបច្ចុប្បន្នជាមួយអ៊ីរ៉ង់ ទៅនឹងសង្រ្គាមកាលពីអតីតកាលដូចជា សង្រ្គាមវៀតណាម និងអ៊ីរ៉ាក់ ដោយលោកបានចាត់ទុកប្រតិបត្តិការយោធាដែលបានអូសបន្លាយរយៈពេល ៦ សប្តាហ៍នាពេលនេះ ថាគ្រាន់តែជា «សង្រ្គាមខ្នាតតូច» (MINI-war) ប៉ុណ្ណោះ ដោយសារតែភាពខ្លាំងក្លានៃកងទ័ពអាម៉េរិក ។

ចំណុចដែលគួរឱ្យកត់សម្គាល់បំផុតនោះគឺ លោក ត្រាំ បានប្រកាសថា កងទ័ពជើងទឹករបស់អ៊ីរ៉ង់ត្រូវបានបំផ្លាញទាំងស្រុង ដោយនាវាចម្បាំងចំនួន ១៥៩ គ្រឿងត្រូវអាម៉េរិកបាញ់ឱ្យលិចក្នុងរយៈពេលត្រឹមតែពីរសប្តាហ៍ដំបូងនៃជម្លោះ។ ទោះជាយ៉ាងណាក៏ដោយ លោកបានសម្តែងការមិនពេញចិត្តចំពោះយុទ្ធវិធីរបស់កងទ័ពអាម៉េរិក ដែលជ្រើសរើសយកការបាញ់កម្ទេចនាវាទាំងនោះចោល ជាជាងការវាយដណ្តើមយកមករក្សាទុក ដើម្បីប្រើប្រាស់ជាប្រយោជន៍ដល់ជាតិ ។

បើទោះបីជាមានការប្រឈមមុខដាក់គ្នាផ្នែកយោធាក៏ដោយ លោក ត្រាំ នៅតែបង្ហាញពីភាពជឿជាក់លើស្ថិរភាពសេដ្ឋកិច្ចក្នុងស្រុក ដោយលោកអះអាងថា ប្រទេសជាតិកំពុងមានការរីកចម្រើនយ៉ាងខ្លាំង។ បន្ថែមពីនេះ លោកសង្កត់ធ្ងន់ថា ការដឹកនាំដោយគោលការណ៍ត្រឹមត្រូវ និងភាពមុតស្រួចក្នុងការសម្រេចចិត្ត គឺជាកត្តាចម្បងដែលធ្វើឱ្យសហរដ្ឋអាម៉េរិក អាចគ្រប់គ្រងស្ថានការណ៍ដ៏ស្មុគស្មាញនៅតំបន់មជ្ឈិមបូព៌ាបានយ៉ាងមានប្រសិទ្ធភាព ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ (REUTERS/Leah Millis)/ (AP Photo/Jacquelyn Martin)/ AP