ព័ត៌មានអន្តរជាតិ

មនុស្ស ២នាក់ស្លាប់ ក្នុងហេតុការណ៍រថយន្តបើកបុកហ្វូងមនុស្សនៅតំបន់ពាណិជ្ជកម្ម Leipzig ប្រទេសអាឡឺម៉ង់

image

អាល្លឺម៉ង់៖ ហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងកាលពីថ្ងៃចន្ទ ក្នុងប្រទេសអាល្លឺម៉ង់ ដោយមានបុរសម្នាក់ បានបើកបររថយន្តសំដៅទៅបុកយ៉ាងកំរោលចូលក្នុងចំណោមមនុស្ស នៅកណ្តាលក្រុងឡៃភ៍ស៊ិក (Leipzig)។ ឧបទ្ទវហេតុនេះ បានបណ្តាលឱ្យមនុស្ស ២ នាក់បាត់បង់ជីវិតភ្លាមៗ និងជាច្រើននាក់ទៀតរងរបួស ខណៈជនបង្កត្រូវមន្ត្រីនគរបាលចាប់ខ្លួននៅនឹងកន្លែងកើតហេតុ ។

ទីតាំងដែលរងការវាយប្រហារ គឺជាតំបន់ពាណិជ្ជកម្ម និងជាទីកន្លែងទិញទំនិញដ៏មមាញឹកបំផុត ដែលស្ថិតនៅក្បែរទីសក្ការៈបូជា និងគ្រឹះស្ថានសិក្សា។ នៅពេលកើតហេតុ មានប្រជាពលរដ្ឋជាច្រើនកំពុងដើរកម្សាន្ត និងអង្គុយតាមហាងកាហ្វេ ដែលធ្វើឱ្យការបើកបុកនេះបង្កជាការខូចខាត និងការតក់ស្លុតយ៉ាងខ្លាំង ។

បច្ចុប្បន្ន អាជ្ញាធរអាល្លឺម៉ង់ កំពុងដាក់ការសង្ស័យថា នេះគឺជាសកម្មភាពបើកបុកមនុស្សដោយចេតនា និងកំពុងបើកការស៊ើបអង្កេតយ៉ាងដិតដល់លើប្រវត្តិរបស់អ្នកបើកបរវ័យ ៣៣ ឆ្នាំរូបនោះ។ ទោះជាយ៉ាងណាក្ដី សមត្ថកិច្ច អះអាងថា ស្ថានភាពបច្ចុប្បន្នត្រូវបានគ្រប់គ្រងទាំងស្រុង ខណៈតំបន់កើតហេតុត្រូវអាជ្ញាធរបិទខ្ទប់ ដើម្បីប្រមូលភស្តុតាង និងការពារសន្តិសុខ ៕

ប្រែសម្រួល៖ ឡេង លាងហេង

ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY's video