ព័ត៌មានអន្តរជាតិ

មនុស្ស២នាក់ស្លាប់ ក្នុងហេតុការណ៍យន្តហោះធុនស្រាល ធ្លាក់បុកអគារ ក្នុងតំបន់ បេឡូ អូរីហ្សុនតេ ប្រទេសប្រេស៊ីល

image

ប្រេស៊ីល៖ ហេតុការណ៍ធ្លាក់យន្តហោះដ៏រន្ធត់មួយបានកើតឡើងនៅក្នុងតំបន់ បេឡូ អូរីហ្សុនតេ (Belo Horizonte) ប្រទេសប្រេស៊ីល កាលពីថ្ងៃចន្ទ ទី៤ ខែឧសភា ដោយបណ្តាលឱ្យអ្នកបើកបរ និងជំនួយការម្នាក់បាត់បង់ជីវិតភ្លាមៗ។ យន្តហោះធុនស្រាលខាងលើ បានបាត់បង់ការគ្រប់គ្រង រួចក៏ហោះទៅបុកអគារស្នាក់នៅកម្ពស់ ៣ ជាន់យ៉ាងពេញទំហឹង បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នករស់នៅតំបន់នោះ។

មុនពេលកើតហេតុ អ្នកបើកបរយន្តហោះបានព្យាយាមទាក់ទងទៅកាន់ប៉មត្រួតពិនិត្យការហោះហើរ ដើម្បីរាយការណ៍ពីបញ្ហាបច្ចេកទេសក្នុងអំឡុងហោះឡើង។ ទោះបីជាមានការប្រកាសអាសន្នក៏ដោយ ក៏យន្តហោះមិនអាចរក្សាកម្ពស់បាន ហើយក៏ធ្លាក់បុកអគារ និងធ្លាក់ចូលក្នុងចំណតរថយន្ត ដែលបណ្តាលឱ្យបន្ទប់ស្នាក់នៅជាច្រើនរងការខូចខាតយ៉ាងខ្លាំង។ 

ក្រៅពីអ្នកស្លាប់ ក៏មានមនុស្ស ៣ នាក់ផ្សេងទៀតទទួលរងរបួស និងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់។ ក្រុមអ្នកពន្លត់អគ្គិភ័យ និងអាជ្ញាធរបានចុះអន្តរាគមន៍ជម្លៀសមនុស្សចេញពីអគារកើតហេតុ ដើម្បីធានាសុវត្ថិភាព ខណៈរចនាសម្ព័ន្ធអគារអាចនឹងរងគ្រោះថ្នាក់ពីការប៉ះទង្គិចដ៏ខ្លាំងក្លានេះ។

បច្ចុប្បន្ន ក្រុមអ្នកជំនាញកំពុងធ្វើការវាយតម្លៃយ៉ាងយកចិត្តទុកដាក់ទៅលើស្ថានភាពអគារ និងកំពុងបើកការស៊ើបអង្កេតដើម្បីស្វែងរកមូលហេតុពិតប្រាកដដែលនាំឱ្យយន្តហោះជួបបញ្ហាបច្ចេកទេសរហូតធ្លាក់បែបនេះ ៕

ប្រែសម្រួល៖ ឡេង លាងហេង

ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY's video_Bombeirosmg.