រោងចក្រចម្រាញ់ប្រេងនៅខេត្តឈុនបុរី ត្រូវរន្ទះបាញ់អំឡុងមានភ្លៀងធ្លាក់ខ្លាំង នាំឱ្យមានការស៊ើបអង្កេតលើប្រព័ន្ធការពាររន្ទះក្នុងរោងចក្រ
ឈុនបុរី, ថៃឡង់ដ៍៖ មានករណីរន្ទះបាញ់ចំដំបូលធុងស្តុកប្រេងឆៅដ៏ធំមួយរបស់រោងចក្រចម្រាញ់ប្រេងមួយកន្លែង នៅខេត្តឈុនបុរី ប្រទេសថៃ កាលពីល្ងាចថ្ងៃចន្ទ ទី៤ ខែឧសភា ក្នុងអំឡុងមានភ្លៀងធ្លាក់ខ្លាំង។ ហេតុការណ៍នេះ បានបង្កជាអគ្គិភ័យយ៉ាងសន្ធោសន្ធៅ និងផ្សែងខ្មៅហុយទ្រលោមសាយភាយទៅលើអាកាស ដែលធ្វើឱ្យពលរដ្ឋរស់នៅក្បែរនោះមានការតក់ស្លុត និងបារម្ភពីសុវត្ថិភាពយ៉ាងខ្លាំង ។
ជុំវិញហេតុការណ៍នេះ អាជ្ញាធរ និងអ្នកជំនាញផ្នែកវិស្វកម្ម កំពុងបើកការស៊ើបអង្កេតស៊ីជម្រៅទៅលើប្រព័ន្ធការពាររន្ទះរបស់រោងចក្រចម្រាញ់ប្រេងនេះ ដោយការត្រួតពិនិត្យបច្ចេកទេសនឹងត្រូវធ្វើឡើង ដើម្បីស្វែងរកមូលហេតុដែលនាំឱ្យប្រព័ន្ធការពាររន្ទះមិនអាចទប់ស្កាត់គ្រោះថ្នាក់នេះបាន ស្របពេលទីតាំងនេះ ជាហេដ្ឋារចនាសម្ព័ន្ធសំខាន់ដែលតម្រូវឱ្យមានសុវត្ថិភាពកម្រិតខ្ពស់ ។
មានការបញ្ជាក់ដែរថា នៅក្នុងហេតុការណ៍នេះ មិនបណ្តាលឱ្យមានមនុស្សរងរបួស ឬបាត់បង់ជីវិតឡើយ ខណៈកម្លាំងជំនាញកំពុងវាយតម្លៃលើទំហំនៃការខូចខាត ដោយក្រុមហ៊ុនម្ចាស់រោងចក្រ ក៏បានសហការជាមួយភ្នាក់ងារបរិស្ថាន ដើម្បីតាមដានគុណភាពខ្យល់ និងផលប៉ះពាល់ពីផ្សែងដែលអាចរំខានដល់សុខភាពប្រជាពលរដ្ឋក្នុងសហគមន៍ជុំវិញនោះ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ The Nation Thailand | រូបភាព៖ Fire & Rescue Thailand