ព័ត៌មានជាតិ

បង្ក្រាបកន្លែង Online Scam នៅបឹងកេងកង សង្គ្រោះជនជាតិជប៉ុន និងឃាត់ខ្លួនជនបរទេស ១៦នាក់

image

នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចចម្រុះបានបើកប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យបង្ខាំងមនុស្សខុសច្បាប់មួយកន្លែង នៅអគារខុនដូ ប្រូវេន (PROVANCE) ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។

ប្រតិបត្តិការនេះធ្វើឡើងក្រោយទទួលបានបណ្តឹងតាមរយៈលេខទូរសព្ទHotline និងដោយមានការសម្របសម្រួលនីតិវិធីពីសំណាក់ លោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ 

ជាលទ្ធផល សមត្ថកិច្ចបានរកឃើញបទល្មើសចំនួន ៣ ករណី រួមមាន៖ ករណីទី១: សមត្ថកិច្ចបានសង្គ្រោះបុរសជនជាតិជប៉ុនម្នាក់ ដែលត្រូវបានគេអូសទាញមកពីខេត្តបន្ទាយមានជ័យ ក្នុងគោលបំណងជួញដូរបន្តទៅគោលដៅផ្សេង។

ករណីទី២: ឃាត់ខ្លួនបុរសជនជាតិចិន ៤ នាក់ និងដកហូតសម្ភារៈបច្ចេកទេសជាច្រើន រួមមាន៖ ទូរស័ព្ទដៃ ១២៧ គ្រឿង, CPU ២ គ្រឿង, Monitor ២ គ្រឿង និងកុំព្យូទ័រ All In One ៤ គ្រឿង។ តាមរយៈការធ្វើកោសល្យវិច័យ បង្ហាញថាពួកគេបានបង្កើត "ស្ទូឌីយោក្លែងក្លាយ" និងក្លែងអត្តសញ្ញាណ ដើម្បីធ្វើសកម្មភាពឆបោកតាម Online។

ករណីទី៣: រកឃើញជនបរទេសស្នាក់នៅដោយគ្មានលិខិតស្នាមត្រឹមត្រូវសរុបចំនួន ១២ នាក់ (ប្រុស) ដែលមានសញ្ជាតិចិន និងវៀតណាម។

បច្ចុប្បន្ន វត្ថុតាង និងជនសង្ស័យ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់ និងចាត់វិធានការតាមជំហានបន្ទាប់៕