លោក អ៊ុំ រាត្រី ដឹកនាំកងកម្លាំងជួយរុះរើ និងជួសជុលផ្ទះជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅក្រុងសិរីសោភ័ណ
បន្ទាយមានជ័យ៖ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារចុះមូលដ្ឋានក្រុងសិរីសោភ័ណ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់នៅក្នុងសង្កាត់ម្កាក់ ជាង៥០ខ្នង ព្រមទាំងបានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ដើម្បីធ្វើការជួយរុះរើ និងជួសជុលផ្ទះជូនប្រជាពលរដ្ឋភ្លាមៗផងដែរ។
ក្នុងឱកាសនោះ លោក អ៊ុំ រាត្រី បានណែនាំឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលតែងតែកើតមានឡើង ដូចជាខ្យល់កន្ត្រាក់ រន្ទះបាញ់ជាដេីម ដែលបណ្តាលឱ្យប៉ះពាល់ទ្រព្យសម្បត្តិ ផ្ទះសំបែង និងអាយុជីវិតឋ។ លោក អភិបាលខេត្ត ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ត្រូវដាំកូនឈើឱ្យច្រើនទៅតាមលទ្ធភាពអាចធ្វើទៅ បានដើម្បីបញ្ចៀសនូវបាតុភូតធម្មជាតិផ្សេងៗដូចជា ដូចជាខ្យល់កន្ត្រាក់ជាដេីម។
សមបញ្ជាក់ថា កាលពីវេលាម៉ោង១៥និង៥៥នាទី ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ មានភ្លៀងលាយឡំ និងខ្យល់កន្ត្រាក់ ធ្វើឱ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រសង្កាត់ម្កាក់ របើកដំបូលផ្ទះចំនួន៥៣ខ្នង ខូចស័ង្កសីចំនួន៦១៧សន្លឹក
ផ្លានចំនួន៩០ដើម ក្នុងនោះមានភូមិម្កាក់ចំនួន២ខ្នង ស័ង្កសីចំនួន៣៧សន្លឹក, ផ្លានចំនួន១៦ដើម, ២-ភូមិតាម៉ាចំនួន៥១ខ្នង ស័ង្កសីចំនួន៥៨០សន្លឹក និងផ្លានចំនួន៧៤ដើម។
ក្នុងនោះដែរ ក្នុងនាមប្រធានក្រុមការងារចុះមូលដ្ឋានក្រុងសិរីសោភ័ណ លោក អ៊ុំ រាត្រី និងភរិយា ក៏បានជួយជាស័ង្កសីសម្រាប់ជួសជុលផ្ទះប្រជាពលរដ្ឋជាង៧០០សន្លឹកផងដែរ៕
ប៊ុន សំណាង