ព័ត៌មានជាតិ

រដ្ឋ-ឯកជន រួមដៃគ្នាពង្រឹងទីផ្សារទេសចរណ៍ក្រៅប្រទេស ខណៈភ្ញៀវទេសចរបរទេសថយចុះ ៤០% ក្នុង ៣ខែដើមឆ្នាំនេះ

image

ភ្នំពេញ៖ ផ្នែកទេសចរណ៍រដ្ឋាភិបាល និងឯកជន បានសហការគ្នារៀបចំសិក្ខាសាលាស្តីពី ការសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស ដើម្បីកំណត់ទីផ្សារទេសចរណ៍អាទិភាព និងទីផ្សារដែលមានសក្តានុពលសម្រាប់កម្ពុជា, ស្វែងយល់អំពីនិន្នាការធ្វើដំណើរក្នុងតំបន់ និងសកលរបស់ភ្ញៀវទេសចរ ដែលបាននឹងកំពុងតែជះឥទ្ធិពលលើតម្រូវការនៃវិស័យទេសចរណ៍, ពិនិត្យមើលបញ្ហាប្រឈមដែលប៉ះពាល់ដល់សមត្ថភាពប្រកួតប្រជែង រួមទាំងការតភ្ជាប់ផ្លូវអាកាស និងតម្លៃ, ការកំណត់ទីផ្សារទេសចរណ៍អាទិភាពសំខាន់ៗសម្រាប់ឆ្នាំ២០២៧-២០២៨ ឆាប់ៗខាងមុខនេះ។

សិក្ខាសាលាស្តីពីការសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេសឆ្នាំ២០២៧-២០២៨ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ។ សិក្ខាសាលានេះ ក៏មានការចូលរួមផងដែរ ពីសំណាក់សមាជិកក្រុមការងារ "ផ្នែកទេសចរណ៍" តំណាងទាំងផ្នែករដ្ឋាភិបាល និងផ្នែកឯកជន, តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, តំណាងក្រុមប្រឹក្សាភិបាលសិក្សា និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងតំណាងសមាគម ក្រុមហ៊ុនឯកជនពាក់ព័ន្ធក្នុងវិស័យទេសចរណ៍មួយចំនួនទៀតផងដែរ។ 

លោករដ្ឋមន្ត្រី ហួត ហាក់ បានថ្លែងថា ជំនួបប្រតិបត្តិករនៅក្នុងវិស័យទេសចរណ៍ នាពេលនេះ ពិតជាមានសារៈសំខាន់និងទាន់សភាពការណ៍ ស្របពេលដេលស្ថានភាពនយោបាយ និងសេដ្ឋកិច្ចពិភពលោក និងក្នុងតំបន់កំពុងតែមានការប្រែប្រួលយ៉ាងឆាប់រហ័សទៅកាន់ស្ថានភាពដ៏លំបាកនេះ។ ជាក់ស្តែង ការកើនឡើងនៃតម្លៃថ្លៃដើមចំពោះផលិតផល និងផលិតកម្មគ្រប់ប្រភេទ ដែលបណ្តាលមកពីវិបត្តិថាមពលសកល គឺពិតជាបានរុញច្រានឲ្យមានវិបត្តិអតិផរណានៃថ្លៃទំនិញ និងសេវាកម្មគ្រប់ប្រភេទផងដែរ។

លោករដ្ឋមន្ត្រី បន្តថា វិស័យទេសចរណ៍កម្ពុជា បានទទួលរងផលប៉ះពាល់ដោយផ្ទាល់ផងដែរ ជាពិសេសទៅលើវិស័យធ្វើដំណើរ និងប្រតិបត្តិការសេវាកម្ម ខណៈដែលនៅត្រីមាសទី១នេះ គឺ ៣ខែដើមឆ្នាំ២០២៦ យើងកំពុងតែទទួលនូវបញ្ហាប្រឈមដោយសារភ្ញៀវទេសចរអន្តរជាតិ មានការថយចុះប្រមាណ ៤០ភាគរយ ដែលបណ្តាលមកពីកត្តាជាច្រើន ដូចជា ជម្លោះព្រំដែន, ឥទ្ធិពលស្កេមអនឡាញ ដែលរដ្ឋាភិបាលកំពុងតែចាត់វិធានការយ៉ាងម៉ឺងម៉ាត់ តាមរយៈគោលនយោបាយសេរ៉ូស្កេម, ការផ្សព្វផ្សាយព័ត៌មានល្អៗពីកម្ពុជានៅមានកម្រិតនៅឡើយ និងមិនទាន់បានច្រើនទូលំទូលាយដែលអាចគ្របដណ្តប់ទៅលើព័ត៌មានអាក្រក់តិចតួចខ្លះនៅកម្ពុជា និងវិបត្តិសង្គ្រាមនៅក្រៅតំបន់ ជាដើម។

លោករដ្ឋមន្ត្រី ហួត ហាក់ បានបញ្ជាក់ថា ក្នុងរយៈពេល ៣ខែដើម ឆ្នាំ២០២៦នេះ កម្ពុជាទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវទេសចរជនជាតិចិន បានឈរនៅលំដាប់ទី១ ដែលមានចំនួនជាង ២៤ម៉ឺននាក់ ខណៈកម្ពុជារំពឹងពីកំណើនភ្ញៀវទេសចរចិនមកកម្ពុជាកាន់តែច្រើន ក្នុងអំឡុងពេលកម្ពុជាអនុវត្តការលើកលែងទិដ្ឋាការដល់ប្រជាពលរដ្ឋចិន ក្នុងដំណាក់កាលសាកល្បងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ។ ជាពិសេស យើងត្រូវតែបង្កើនជើងហោះហើរត្រង់ឲ្យបានកាន់តែច្រើនបន្ថែមទៀត ក្រៅពីពឹងផ្អែកលើការធ្វើដំណើរទេសចរតាមផ្លូវគោកជាប់ព្រំដែន, ផ្លូវដែក និងផ្លូវទឹក។

លោករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលបានបន្តចាត់ទុកវិស័យទេសចរណ៍ ជាវិស័យអាទិភាព និងជាមាសបៃតង បានរួមចំណែកការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតឱកាសការងារ ការបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋដោយផ្ទាល់ និងដោយប្រយោល។ ព្រមទាំងជំរុញការនាំចេញនៅនឹងកន្លែង ទ្រទ្រង់កំណើនសេដ្ឋកិច្ច បង្កើនចំណូលជូនជាតិ និងចូលរួមការអភិរក្ស វប្បធម៌ ថែរក្សាការពារបរិស្ថាន ធនធានធម្មជាតិ ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។ 

ក្នុងឱកាសនោះ ឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារ "ផ្នែកទេសចរណ៍" តំណាងផ្នែកឯកជន បានលើកឡើងថា សិក្ខាសាលាដ៏មានសារៈសំខាន់នេះមានគោលបំណង ដើម្បីពិនិត្យលើការយល់ឃើញរបស់ភ្ញៀវទេសចរ ការយល់ច្រឡំផ្សេងៗ និងឧបសគ្គក្នុងការកក់ការធ្វើដំណើរ និងដាក់ចេញនូវអនុសាសន៍ជាក់ស្ដែង ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងទេសចរណ៍របស់កម្ពុជា។

ឧកញ៉ា លូ ម៉េង បានបន្តថា ក្នុងកាលៈទេសៈដែលវិស័យទេសចរណ៍របស់កម្ពុជា កំពុងបន្តការងើបឡើងវិញ ឧស្សាហកម្មនេះកំពុងឈានចូលដល់ដំណាក់កាលយុទ្ធសាស្ត្រមួយ ដែលមិនត្រឹមតែផ្តោតលើការបង្កើនចំនួនភ្ញៀវទេសចរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តោតលើការកំណត់ប្រភពទីផ្សារឱ្យបានត្រឹមត្រូវ ដើម្បីជំរុញកំណើនប្រកបដោយនិរន្តរភាព បង្កើនការចំណាយរបស់ភ្ញៀវទេសចរ និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់គោលដៅទេសចរណ៍។

ឧកញ៉ា គូសបញ្ជាក់ថា ក្នុងបរិបទនៃការប្រកួតប្រជែងនៅក្នុងតំបន់ យើងត្រូវស្វែងយល់ឱ្យកាន់តែច្បាស់អំពីការប្រែប្រួលនៃនិន្នាការធ្វើដំណើរ ចំណូលចិត្តទីផ្សារ និងកត្តារចនាសម្ព័ន្ធដែលមានឥទ្ធិពលលើការជ្រើសរើសគោលដៅទេសចរណ៍ រួមមាន ការតភ្ជាប់ផ្លូវអាកាស តម្លៃ និងការកំណត់ទីតាំងផលិតផលទេសចរណ៍។ សិក្ខាសាលាដ៏មានសារៈសំខាន់នេះ ដែលទទួលបាននឹងរួមចំណែកក្នុងការកំណត់ទិសដៅទេសចរណ៍កម្ពុជាឆ្ពោះទៅឆ្នាំ២០២៧-២០២៨ ដោយធានានូវវិធីសាស្ត្រអភិវឌ្ឍន៍ទីផ្សារដែលមានគោលដៅច្បាស់លាស់ ប្រកួតប្រជែង និងមាននិរន្តរភាព។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួនប្រមាណ ៥,៦លាននាក់ ក្នុងនោះ ភ្ញៀវទេសចរចិនមានប្រមាណ ១លាន២ សែននាក់ កើនឡើងប្រមាណ ៤២% បើធៀបនឹងឆ្នាំមុនទៅ។ ភ្ញៀវទេសចរចិនបានឈរនៅលំដាប់ទី២ នៃភ្ញៀវទេសចរបរទេសមកកម្ពុជា៕

អត្ថបទ៖ ចេង ឆហួត