ប្រធានគណៈកម្មការអឺរ៉ុប ជំរុញឱ្យអឺរ៉ុបបង្កើនសមត្ថភាពយោធា និងផលិតថាមពលក្នុងស្រុកឱ្យបានច្រើនជាងការពឹងផ្អែកលើការនាំចូលពីខាងក្រៅ
អឺរ៉ុប៖ នៅក្នុងកិច្ចប្រជុំកំពូលនៅប្រទេសអាមេនី ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អឺស៊ូឡា វ៉ុនឌើឡេយ៉េន (Ursula von der Leyen) បានសង្កត់ធ្ងន់ថា សហភាពអឺរ៉ុបត្រូវតែប្រឹងប្រែង ដើម្បីក្លាយជាតំបន់ដែលមានឯករាជ្យភាពពិតប្រាកដ។ លោកស្រីទទួលស្គាល់ដោយត្រង់ថា បច្ចុប្បន្នអឺរ៉ុបកំពុងស្ថិតក្នុងស្ថានភាពដែលពឹងផ្អែកលើការផ្គត់ផ្គង់ពីខាងក្រៅខ្លាំងជ្រុល ដែលបង្កជាហានិភ័យដល់ស្ថិរភាពតំបន់ ។
វិស័យចម្បងដំបូងដែលត្រូវកែប្រែ គឺវិស័យថាមពល។ ក្នុងនោះ អឺរ៉ុបមានបំណងកាត់បន្ថយការនាំចូលឥន្ធនៈផូស៊ីលពីបរទេស ដើម្បីជៀសវាងផលប៉ះពាល់ពីការឡើងថ្លៃ ឬការប្រែប្រួលទីផ្សារពិភពលោកដែលមិនអាចទាយទុកជាមុនបាន។ ដំណោះស្រាយដែលលោកស្រីលើកឡើង គឺការងាកមកប្រើប្រាស់ថាមពលក្នុងស្រុកឱ្យបានច្រើនជាងមុន ។
ការជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញ និងថាមពលនុយក្លេអ៊ែរ គឺជាយុទ្ធសាស្ត្រស្នូល ដើម្បីពង្រឹងសន្តិសុខថាមពល។ លោកស្រីយល់ឃើញថា ថាមពលដែលផលិតបាននៅក្នុងស្រុកខ្លួនឯង មិនត្រឹមតែមានស្ថិរភាពជាងមុនប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋ និងវិស័យឧស្សាហកម្មអឺរ៉ុបថែមទៀតផង ។
ចំពោះវិស័យការពារជាតិ លោកស្រីបានជំរុញឱ្យអឺរ៉ុបត្រូវតែបង្កើនសមត្ថភាពយោធារបស់ខ្លួនជាបន្ទាន់ ដើម្បីការពារខ្លួនពីការគំរាមកំហែងនានា។ លោកស្រីអះអាងថា ថវិកាសម្រាប់ការវិនិយោគគឺមានរួចរាល់ហើយ អ្វីដែលសំខាន់បំផុតនៅពេលនេះ គឺការបង្កើនល្បឿននៃការផលិតអាវុធ និងសម្ភារៈយោធាឱ្យបានលឿនតាមតែអាចធ្វើបាន ។
ការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ឱ្យមានភាពរឹងមាំ ក៏ជាចំណុចអាទិភាពមួយទៀតផងដែរ ដោយអឺរ៉ុបកំពុងស្វែងរកដៃគូពាណិជ្ជកម្មថ្មីៗដែលមានទស្សនៈនយោបាយ និងតម្លៃដូចគ្នា ដើម្បីធានាថាការផ្គត់ផ្គង់ទំនិញ និងវត្ថុធាតុដើមសំខាន់ៗនឹងមិនត្រូវបានរំខានដោយសារតែបញ្ហានយោបាយសកល ។
យុទ្ធសាស្ត្រពង្រីកបណ្តាញពាណិជ្ជកម្មសេរី ត្រូវបានអនុវត្តយ៉ាងសកម្ម រួមមានកិច្ចព្រមព្រៀងជាមួយតំបន់អាមេរិកឡាទីន ឥណ្ឌា អូស្ត្រាលី និងម៉ិកស៊ិក។ លោកស្រីជឿជាក់ថា ការធ្វើពាណិជ្ជកម្មជាមួយសម្ព័ន្ធមិត្តដែលគួរឱ្យទុកចិត្ត នឹងបង្កើតឱ្យមានស្ថិរភាពយូរអង្វែងសម្រាប់សេដ្ឋកិច្ចរបស់សហភាពអឺរ៉ុបទាំងមូល ។
ជាមួយគ្នានេះ ប្រទេសអាមេនី ត្រូវបានចាត់ទុកជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការតភ្ជាប់រវាងអឺរ៉ុប ទៅកាន់តំបន់កូកាស៊ីសខាងត្បូង (South Caucasus) និងអាស៊ីកណ្តាល។ តួនាទីរបស់អាមេនីក្នុងការសម្របសម្រួលខ្សែច្រក់ផ្គត់ផ្គង់ គឺជាសសរស្តម្ភមួយដែលជួយឱ្យអឺរ៉ុបសម្រេចបាននូវគោលដៅឯករាជ្យភាពរបស់ខ្លួន ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ express on Microsoft Bin