ក្រោយផ្អាក ១៤ ឆ្នាំ! រោងចក្រនុយក្លេអ៊ែរដ៏ធំរបស់ជប៉ុន ចាប់ផ្ដើមដំណើរការឡើងវិញ ដើម្បីកាត់បន្ថយការនាំចូលឧស្ម័នពីបរទេស
ជប៉ុន៖ រោងចក្រថាមពលនុយក្លេអ៊ែរ កាស៊ីវ៉ាសាគី-ការីវ៉ា (Kashiwazaki-Kariwa) ក្នុងប្រទេសជប៉ុន បានសម្រេចដំណើរការម៉ាស៊ីនរ៉េអាក់ទ័រលេខ ៦ ឡើងវិញ បន្ទាប់ពីផ្អាកដំណើរការអស់រយៈពេល ១៤ ឆ្នាំ។ ការសម្រេចចិត្តនេះ មានគោលបំណងយុទ្ធសាស្ត្រក្នុងការកាត់បន្ថយការពឹងផ្អែកលើការនាំចូលឧស្ម័នធម្មជាតិរាវ (LNG) ពីបរទេស ជាពិសេសក្នុងស្ថានភាពដែលការផ្គត់ផ្គង់ថាមពលសកលកំពុងជួបវិបត្តិ ។
ប្រធានរោងចក្រ លោក តាកេយូគិ អ៊ីណាហ្គាគិ (Takeyuki Inagaki) បានបញ្ជាក់កាលពីពេលថ្មីៗនេះថា ការដំណើរការម៉ាស៊ីនរ៉េអាក់ទ័រនេះនឹងជួយកាត់បន្ថយការនាំចូលឧស្ម័ន LNG ពីប្រទេសកាតា តាមរយៈច្រកសមុទ្រ ហ័រមូស (Hormuz) បានប្រហែល ៣០%។ ស្ថិរភាពនៃម៉ាស៊ីនរ៉េអាក់ទ័រលេខ ៦ ក្នុងរយៈពេលមួយឆ្នាំ អាចជួយសន្សំសំចៃឧស្ម័នបានរហូតដល់ ១,៣ លានតោន ដែលជាចំណែកដ៏សំខាន់ក្នុងការទប់ទល់នឹងភាពរអាក់រអួលនៃការដឹកជញ្ជូនថាមពលតាមច្រកសមុទ្រដ៏សំខាន់នៅមជ្ឈិមបូព៌ា ។
ការផ្អាកដំណើរការនាពេលកន្លងមក គឺបណ្តាលមកពីគ្រោះមហន្តរាយរញ្ជួយដី និងរលកយក្សស៊ូណាមិនៅហ្វ៊ូគូស៊ីម៉ា (Fukushima) ក្នុងឆ្នាំ ២០១១ ដែលបានបង្កឱ្យមានគ្រោះថ្នាក់នុយក្លេអ៊ែរកម្រិតធ្ងន់ធ្ងរបំផុត។ ព្រឹត្តិការណ៍នោះ បានធ្វើឱ្យជប៉ុនបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងផ្លាស់ប្តូរគោលនយោបាយថាមពលនុយក្លេអ៊ែរទូទាំងប្រទេស ដើម្បីធានាថាមិនមានសោកនាដកម្មបែបនេះកើតឡើងជាថ្មីទៀតឡើយ ។
ដើម្បីឆ្លើយតបនឹងបញ្ហាសុវត្ថិភាព ក្រុមហ៊ុន ថេបកូ (TEPCO) បានវិនិយោគលើការសាងសង់ជញ្ជាំងការពារស៊ូណាមិកម្ពស់ ១៥ ម៉ែត្រ និងរៀបចំទីតាំងរ៉េអាក់ទ័រឱ្យស្ថិតនៅកម្ពស់សុវត្ថិភាពពីនីវ៉ូទឹកសមុទ្រ។ វិធានការបច្ចេកទេសទាំងនេះ ត្រូវបានធ្វើឡើងដើម្បីធានាថា បើទោះបីជាមានរលកយក្សកម្ពស់ខ្ពស់ដូចកាលពីអតីតកាល ក៏ទឹកមិនអាចហក់មកបំផ្លាញប្រព័ន្ធត្រជាក់នៃម៉ាស៊ីនរ៉េអាក់ទ័របានដែរ ។
ក្រៅពីហេដ្ឋារចនាសម្ព័ន្ធ រោងចក្រក៏បានផ្ដោតខ្លាំងលើការបណ្ដុះបណ្ដាលធនធានមនុស្ស ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីឱ្យបុគ្គលិកអាចដោះស្រាយស្ថានការណ៍អាសន្នបានយ៉ាងស្ទាត់ជំនាញ។ ការហ្វឹកហាត់យ៉ាងដិតដល់នេះ គឺជាផ្នែកមួយនៃបេសកកម្មពង្រឹងសុវត្ថិភាពជាអតិបរមា ស្របពេលដែលពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើការវិលត្រឡប់មកប្រើប្រាស់ថាមពលនុយក្លេអ៊ែររបស់ជប៉ុន ។
ការដំណើរការរ៉េអាក់ទ័រឡើងវិញនេះ គឺជាចំណាត់ការដ៏ចាំបាច់សម្រាប់សន្តិសុខថាមពលរបស់ជប៉ុន ខណៈដែលតំបន់អាស៊ីកំពុងរងសម្ពាធពីសង្គ្រាមនៅមជ្ឈិមបូព៌ា។ ការវាយប្រហារលើមជ្ឈមណ្ឌលថាមពលក្នុងប្រទេសកាតា បានបង្ហាញឱ្យឃើញពីភាពងាយរងគ្រោះនៃផ្លូវដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz ដែលជំរុញឱ្យជប៉ុនត្រូវតែរក្សាស្ថិរភាពថាមពលក្នុងស្រុកឱ្យបានទោះក្នុងតម្លៃណាក៏ដោយ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY's video.