មេដឹកនាំអ៊ីស្រាអ៊ែល ប្រកាសបង្កើនកញ្ចប់ថវិកាការពារជាតិយ៉ាងច្រើនមហាសាល ព្រមទាំងនិយាយថា ដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួនបាន លុះត្រាតែយើងខ្លាំងជាងសត្រូវ
អ៊ីស្រាអ៊ែល៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល លោក ប៊ែនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានប្រកាសជាផ្លូវការនូវការបង្កើនកញ្ចប់ថវិកាការពារជាតិក្នុងទំហំយ៉ាងច្រើនមហាសាល ដែលមានតម្លៃរហូតដល់ ១១៩ ពាន់លានដុល្លារអាម៉េរិក។ យុទ្ធសាស្ត្រនេះ ផ្តោតសំខាន់លើការបង្កើនសមត្ថភាពកងទ័ពអាកាស តាមរយៈការទិញយកយន្តហោះចម្បាំងទំនើបៗ ដូចជាប្រភេទ F-35 និង F-15 ជាដើម ដើម្បីធានាថា អ៊ីស្រាអ៊ែល មានសមត្ថភាពលើសលប់លើដែនអាកាសក្នុងតំបន់ ជាពិសេសគឺប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ។
ក្រៅពីការទិញគ្រឿងយុទ្ធោបករណ៍ពីក្រៅប្រទេស លោក ណេតាន់យ៉ាហ៊ូ (Netanyahu) បានសង្កត់ធ្ងន់លើការពង្រឹងស្វ័យភាពយោធាដោយខ្លួនឯងផងដែរ។ លោកបានដាក់ចេញនូវផែនការក្នុងការផលិតគ្រាប់រំសេវ និងការអភិវឌ្ឍយន្តហោះចម្បាំងនៅក្នុងស្រុក ដើម្បីកាត់បន្ថយការពឹងផ្អែកលើការផ្គត់ផ្គង់ពីបរទេស ដែលនេះ មានន័យថាជាការត្រៀមលក្ខណៈសម្រាប់សន្តិសុខជាតិរយៈពេលវែង ។
សេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល គឺជាសារព្រមានចំៗទៅកាន់ទីក្រុងតេហ៍រ៉ង់ ដោយលោកបញ្ជាក់ថា កងទ័ពអាកាសអ៊ីស្រាអ៊ែលមានសមត្ថភាពអាចហោះចូលទៅដល់គ្រប់ទីកន្លែងក្នុងដែនដីអ៊ីរ៉ង់ ហើយការដែលអ៊ីស្រាអ៊ែល ត្រៀមខ្លួនក្នុងការបើកប្រតិបត្តិការយោធាគ្រប់ពេលវេលានេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រ «ដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួនបាន លុះត្រាតែយើងត្រូវតែខ្លាំងជាងសត្រូវ» ។
ទោះជាយ៉ាងណាក៏ដោយ ការប្រកាសបង្កើនកញ្ចប់ថវិកាការពារជាតិនេះ បានកើតមានឡើងស្របពេលដែលស្ថានភាពនយោបាយផ្ទៃក្នុងរបស់អ៊ីស្រាអ៊ែលកំពុងមានភាពរកាំរកូស។ ប្រជាជនអ៊ីស្រាអ៊ែលកាន់តែច្រើនឡើង កំពុងដាក់សម្ពាធឱ្យរដ្ឋាភិបាលបញ្ចប់សង្គ្រាម និងទាមទារឱ្យមានការស៊ើបអង្កេតឱ្យបានច្បាស់លាស់ជុំវិញការឆកល្វែងលើផ្នែកសន្តិសុខ ដែលបានបណ្តាលឱ្យកើតមានព្រឹត្តិការណ៍វាយឆ្មក់ កាលពីខែតុលា ឆ្នាំ២០២៣ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ (REUTERS/Ronen Zvulun/File Photo)