កងទ័ពអ៊ីស្រាអ៊ែល អះអាងថាបានកម្ទេច រូងក្រោមដីប្រវែង ៨០ ម៉ែត្រនៅភាគខាងត្បូងលីបង់ ដែលសង្ស័យថាប្រើប្រាស់ដោយក្រុមហេសបូឡាហ៍
លីបង់៖ កងទ័ពអ៊ីស្រាអ៊ែល (IDF) កាលពីចុងសប្ដាហ៍កន្លងទៅ បានប្រកាសពីជោគជ័យក្នុងការស្វែងរក និងបំផ្លាញរូងក្រោមដីយុទ្ធសាស្ត្រមួយកន្លែងដែលមានប្រវែង ៨០ ម៉ែត្រ នៅភាគខាងត្បូងប្រទេសលីបង់ ដែលគេជឿថា ទីតាំងនោះគឺជាទីជម្រក និងកន្លែងប្រតិបត្តិការរបស់ក្រុមហេសបូឡាហ៍។ ប្រតិបត្តិការនេះ គាំទ្រដោយកងកម្លាំងរថក្រោះ និងថ្មើរជើង ដោយសំដៅវាយកម្ទេចរាល់មូលដ្ឋានបង្អែកក្រោមដី ដែលអាចបង្កគ្រោះថ្នាក់ដល់សន្តិសុខតាមបណ្តោយព្រំដែនរបស់អ៊ីស្រាអ៊ែល ។
ទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងភាគីទាំងពីរក៏ដោយ ក៏សកម្មភាពយោធារបស់អ៊ីស្រាអ៊ែលមិនបានថមថយឡើយ ដោយកងពលតូចលេខ ៤០១ បានបន្តរុករក និងរឹបអូសគ្រឿងយុទ្ធោបករណ៍ជាង ១០០ មុខក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍។ អ៊ីស្រាអ៊ែលបានការពារសកម្មភាពរបស់ខ្លួនថា ជាការចាំបាច់ដើម្បីលុបបំបាត់រាល់ការគំរាមកំហែងដល់អាយុជីវិតពលរដ្ឋរបស់ខ្លួន ។
ស្របពេលជាមួយគ្នានេះ កងទ័ពអ៊ីស្រាអ៊ែល បានពង្រីកការគ្រប់គ្រងរបស់ខ្លួនតាមរយៈការចេញបញ្ជាឱ្យប្រជាជនលីបង់ជម្លៀសចេញពីភូមិដ្ឋានបន្ថែមទៀត។ បញ្ជាថ្មីនេះ តម្រូវឱ្យអ្នកស្រុកនៅតាមបណ្តាទីប្រជុំជនក្បែរតំបន់ជម្លោះ ត្រូវចាកចេញទៅកាន់កន្លែងមានសុវត្ថិភាព ដែលស្ថិតនៅចម្ងាយយ៉ាងហោចណាស់ ១ គីឡូម៉ែត្រពីតំបន់ប្រតិបត្តិការ ដើម្បីបញ្ជៀសគ្រោះថ្នាក់ក្នុងអំឡុងមានការវាយប្រហារតាមអាកាស និងលើដី ។
យុទ្ធសាស្ត្ររបស់អ៊ីស្រាអ៊ែលនៅពេលនេះ គឺការបង្កើតតំបន់ទ្រនាប់សុវត្ថិភាពដែលមានជម្រៅ ១០ គីឡូម៉ែត្រ តាមបណ្តោយព្រំដែនជាប់ប្រទេសលីបង់។ អ៊ីស្រាអ៊ែលបានប្រកាសយ៉ាងច្បាស់ថា ខ្លួននឹងមិនអនុញ្ញាតឱ្យមានការរស់នៅ ឬការវិលត្រឡប់របស់ប្រជាជនចូលក្នុងតំបន់នេះឡើយ ដរាបណាឥទ្ធិពល និងការគំរាមកំហែងពីក្រុមហេសបូឡាហ៍ មិនទាន់ត្រូវបានកម្ចាត់ឱ្យអស់ពីតំបន់ព្រំដែនទាំងស្រុង ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY's video.