ហ្វីលីពីន-ជប៉ុន រៀបចំសមយុទ្ធ Salaknib ឆ្នាំ ២០២៦ រួមគ្នា ដើម្បីបង្ហាញពីកិច្ចសហការជិតស្និទ្ធរវាងប្រជាជាតិទាំងពីរ
ហ្វីលីពីន-ជប៉ុន៖ កងទ័ពជើងគោកហ្វីលីពីន និងជប៉ុន បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយតាមរយៈការធ្វើសមយុទ្ធបាញ់គ្រាប់ពិតរួមគ្នាជាលើកដំបូង កាលពីថ្ងៃសៅរ៍កន្លងទៅ។ ប្រតិបត្តិការយោធានេះ បានឆ្លុះបញ្ចាំងពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិដ៏រឹងមាំរវាងប្រទេសទាំងពីរ ដែលមានគោលដៅរួមគ្នាក្នុងការការពារស្ថិរភាពក្នុងតំបន់ ។
សមយុទ្ធបាញ់គ្រាប់ពិតនេះ បានប្រព្រឹត្តទៅនៅឯមូលដ្ឋានទ័ពអាកាសក្នុងតំបន់ កាប៉ាស់ (Capas) ដោយមានការចូលរួមយ៉ាងសកម្មពីកងទ័ពហ្វីលីពីនជាង ២០០នាក់ និងកងទ័ពជប៉ុនប្រហែល ៤០នាក់។ គ្រឿងយុទ្ធោបករណ៍ទំនើបៗ ដូចជារថក្រោះធុនស្រាលសាប្រាហ៍ (Sabrah) របស់ហ្វីលីពីន និងរថពាសដែកប្រយុទ្ធរបស់ជប៉ុន ត្រូវបានដាក់ពង្រាយដើម្បីសាកល្បងសមត្ថភាពបាញ់ប្រហារ និងការសម្របសម្រួលគ្នានៅលើសមរភូមិជាក់ស្តែង ។
សកម្មភាពនេះ គឺជាចំណែកដ៏សំខាន់នៃសមយុទ្ធសាឡានីប (Salaknib) ឆ្នាំ ២០២៦ ដែលរៀបចំឡើងដើម្បីពង្រឹងសមត្ថភាពការពារសន្តិសុខខាងក្រៅរបស់ប្រទេសហ្វីលីពីន។ សមយុទ្ធនេះ បានសង្កត់ធ្ងន់ទៅលើការបង្កើនប្រសិទ្ធភាពនៃការធ្វើការរួមគ្នា រវាងកងទ័ពនៃប្រទេសជាសម្ព័ន្ធមិត្ត ដើម្បីត្រៀមខ្លួនទប់ទល់នឹងរាល់ការគំរាមកំហែងនានាដែលកើតមាននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ។
ការធ្វើសមយុទ្ធរួមគ្នានេះ គឺជាសារយុទ្ធសាស្ត្រមួយបង្ហាញពីការរួមរួមកម្លាំងរវាងហ្វីលីពីន ជប៉ុន និងសម្ព័ន្ធមិត្តដទៃទៀតដូចជា អាម៉េរិក អូស្ត្រាលី និងណូវែលហ្សេឡង់ដ៍។ កិច្ចសហការនេះ មានគោលបំណងធានាឱ្យបាននូវតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលសេរី និងបើកចំហ តាមរយៈការបង្កើនការសម្របសម្រួល និងការយល់ដឹងពីបច្ចេកទេសយោធាទំនើបៗរវាងគ្នាទៅវិញទៅមក ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY's video.