សង្គម

កម្លាំងជំនាញ បើកប្រតិបត្តិការស្រាវជ្រាវបង្ក្រាបករណីជួញដូរ និងរក្សាទុកសាធាតុញៀនជាង ៣គីឡូក្រាម ឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាម ៤នាក់ នៅក្រុងបាវិត

image


ស្វាយរៀង៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តស្វាយរៀង ដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសាធាតុញៀនជាង ៣គីឡូក្រាម ឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាម ចំនួន ៤នាក់ នៅចំណុចផ្ទះជួលស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត។

ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជាដ៏យ៉ាងម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង និងដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្ដមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ក្រោមការសម្របសម្រួលពីលោកស្រី ស៊ុន យឿត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង។

បើតាមលោកឧត្ដមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ជនសង្ស័យចំនួន ៤នាក់ ខាងលើរួមមាន៖ ១.ឈ្មោះ ង្វៀង វ៉ាន់ជុង (NGUYEN VAN TRUNG) ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិវៀតណាម, ២.ឈ្មោះ ង្វៀង ស៊ឹងនិញ (NGUYEN XUAN NINH) ភេទប្រុស អាយុ ៦៥ឆ្នាំ ជនជាតិវៀតណាម, ៣.ឈ្មោះ វ៉ាង ឡុងវ៉ូ (VOANG LONG VU) ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិវៀតណាម និង៤.ឈ្មោះ វ៉ាង ធីហឿង (HAONG THI HUONG) ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិវៀតណាម។

សមត្ថកិច្ច បានដកហូតសម្ភារវត្ថុតាង សារធាតុញៀនគ្រប់ប្រភេទទម្ងន់ ៣,៥៥៧.៦៤ក្រាម ក្នុងនោះ ថ្នាំងញៀនប្រភេទកេតាមីនទម្ងន់ ២,០២៤.៦៦ក្រាម, ថ្នាំញៀនប្រភេទមេតំហ្វេតាមីនទម្ងន់ ៣២១.៧៥ក្រាម, ថ្នាំញៀនប្រភេទមេតំហ្វេតាមីនគ្រាប់ ទម្ងន់ ៧៤៤.៩០ក្រាម, ថ្នាំញៀនប្រភេទហេរ៉ូអុីន ទម្ងន់ ៣៩.២៥ក្រាម, ថ្នាំញៀនប្រភេទអុិចស្តាស៊ីគ្រាប់ ទម្ងន់ ២០.២៩ក្រាម, ថ្នាំញៀនប្រភេទអុិចស្តាស៊ី ទម្ងន់ ៤១៥.៧៩ក្រាម។ ក្រពីនេះ បានដកហូត រថយន្ត ១គ្រឿង, ម៉ូតូ ៣គ្រឿង, ទូរស័ព្ទ ៨គ្រឿង, ជញ្ជីងថ្លឹងថ្នាំញៀន ២គ្រឿង, លិខិតឆ្លងដែន ៤ក្បាល-អត្តសញ្ញាណប័ណ្ណវៀតណាម ៤សន្លឹក និងក្បាលបារីអេឡិចត្រូនិច ១៩៨គ្រាប់។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕
អត្ថបទ៖ មិន ភក្តី