សកម្មជនប្រឆាំងរដ្ឋាភិបាលអ៊ីស្រាអ៊ែល ចេញតវ៉ាឱ្យរដ្ឋាភិបាលបញ្ឈប់សង្គ្រាម និងងាកមកស្វែងរកសន្តិភាពឡើងវិញ
អ៊ីស្រាអ៊ែល៖ សកម្មជនប្រឆាំងរដ្ឋាភិបាលអ៊ីស្រាអ៊ែល កាលពីពេលថ្មីៗនេះ នាំគ្នាចេញមកធ្វើការតវ៉ាទ្រង់ទ្រាយធំនៅក្នុងទីក្រុងយ៉េរ៉ូសាឡឹមខាងលិច ដើម្បីរិះគន់នូវសកម្មភាពបន្តធ្វើសង្គ្រាមរបស់រដ្ឋាភិបាលលោក ណេតាន់យ៉ាហ៊ូ (Netanyahu)។ ក្រុមអ្នកតវ៉ា បានចោទប្រកាន់ថា សង្គ្រាមទាំងនេះមិនត្រឹមតែជារឿងដែលមិនចាំបាច់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កឱ្យមានអសន្តិសុខយ៉ាងធ្ងន់ធ្ងរសម្រាប់មនុស្សជាតិក្នុងតំបន់ទាំងមូលថែមទៀតផង ។
អ្នកចូលរួមតវ៉ា បានបង្ហាញពីការឈឺចាប់ និងភាពតក់ស្លុតដែលពួកគេត្រូវរស់នៅក្រោមការគំរាមកំហែងពីគ្រាប់បែក និងសំឡេងស៊ីរ៉ែនអាសន្នជារៀងរាល់ថ្ងៃ។ ពួកគេបានអំពាវនាវឱ្យរដ្ឋាភិបាលបច្ចុប្បន្នផ្លាស់ប្តូរជំហរពីការស្រេកឃ្លានសង្គ្រាម មកជាការស្វែងរកសន្តិភាពឡើងវិញ ដើម្បីបញ្ឈប់ការបង្ហូរឈាមដែលកំពុងកើតមានទាំងលើពលរដ្ឋអ៊ីស្រាអ៊ែល និងប៉ាឡេស្ទីន ។
បញ្ហាកាន់តែស្រួចស្រាលនៅពេលដែលអតីតទាហានបានចេញមុខបង្ហើបថា មានកងទ័ពជាច្រើនបានសម្រេចចិត្តបដិសេធមិនចូលបម្រើយោធា។ ការសម្រេចចិត្តនេះ ធ្វើឡើងដើម្បីដាក់សម្ពាធដល់មេដឹកនាំឱ្យបញ្ឈប់ការបញ្ជូនពលរដ្ឋទៅប្រថុយជីវិតក្នុងសមរភូមិដែលគ្មានផែនការច្បាស់លាស់ និងជាអ្វីដែលពួកគេយល់ថា ធ្វើឡើងដើម្បីតែផលប្រយោជន៍នយោបាយផ្ទាល់ខ្លួនរបស់មន្ត្រីរដ្ឋាភិបាល ។
ក្រៅពីបញ្ហាសង្គ្រាម អ្នកតវ៉ា ក៏បានលើកឡើងពីបញ្ហាអយុត្តិធម៌ក្នុងសង្គម ដូចជាការតវ៉ាប្រឆាំងនឹងច្បាប់លើកលែងការចូលបម្រើកងទ័ពសម្រាប់ក្រុមមនុស្សជាក់លាក់ ដូចជាក្រុមជ្វីហ្វអូស្សូដក់ (អ្នកបួសរៀនពីសាសនា)។ ពួកគេក៏បានទាមទារឱ្យមានការបង្កើតគណៈកម្មការស៊ើបអង្កេតឯករាជ្យមួយ ដើម្បីពិនិត្យឡើងវិញនូវភាពខ្វះចន្លោះដែលនាំឱ្យមានការវាយឆ្មក់ កាលពីខែតុលា ឆ្នាំ២០២៣ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព | រូបភាព៖ VIORY