ព័ត៌មានជាតិ

សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ស្នើដល់មន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធសហការទប់ស្កាត់ករណីលួចនាំចូលស៊ុតខូចគុណភាព ដែលប៉ះពាល់ដល់សុខភាពអ្នកបរិភោគ និងអ្នកចិញ្ចឹមក្នុងស្រុក

image

ភ្នំពេញ៖ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ស្នើដល់មន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់ផ្នែក ពិសេសអាជ្ញាធរមូលដ្ឋាន មន្ត្រីសមត្ថកិច្ចច្រកព្រំដែន មន្ត្រីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ មន្រីការិយាល័យផលិតកម្មនិងបសុព្យា បន្តសហការរឹតបណ្តឹង ទប់ស្កាត់ និងបង្រ្កាបករណីលួចនាំចូលស៊ុតខូចគុណភាពទាំងនោះឱ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីកុំឱ្យជនខិលខូចមានឱកាសនាំស៊ុតខូចគុណភាព មកបំផ្លាញសុខភាពប្រជាជន និងប៉ះពាល់មុខរបររបស់ប្រជាកសិករក្នុងវិស័យចិញ្ចឹមសត្វកម្ពុជា។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានបង្ហាញការព្រួយបារម្មណ៍ជាខ្លាំង ដែលលោកបានរកឃើញថា នាពេលថ្មីៗនេះ មានការនាំចូលស៊ុត មាន់ ទា ខូចគុណភាពរាប់ម៉ឺនគ្រាប់ក្នុងមួយថ្ងៃៗ ពីប្រទេសជិតខាង ដែលអាចបង្ករឱ្យមានផលប៉ះពាល់ដល់សុខភាពប្រជាជន និងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អ្នកចិញ្ចឹមសត្វក្នុងស្រុក ខណៈបច្ចុប្បន្នកម្ពុជាមិនខ្វះពងសត្វនិងសាច់សត្វសម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារឡើយ។

ជុំវិញបញ្ហានេះដែរ ប្រធានសមាគមរូបនេះ បានបញ្ជាក់ថា ស៊ុតខូចគុណភាពទាំងនោះ ត្រូវបានគេយកមកលក់នៅទីផ្សារកម្ពុជា ក្នុងតម្លៃថោកបំផុត ដែលអ្នកផលិតក្នុងស្រុកមិនអាចលក់បាន ព្រោះស៊ុតទាំងនោះគេលក់ឱ្យតែអស់ទេ ជាជាងគេយកទៅបោះចោលផងដែរ។ បច្ចុប្បន្ននេះ ក្រុមអ្នកចិញ្ចឹមសត្វក្នុងស្រុក មានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ស៊ុត តាមតម្រូវការទីផ្សារ ដោយមិនចាំបាច់ពឹងផ្អែកលើការនាំចូលស៊ុតពីប្រទេសជិតខាងនោះឡើយ។

លោក ស៊្រុន ពៅ បន្ថែមទៀតថា កន្លងមក សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធទប់ស្កាត់ និងបង្រ្កាបការលួចនាំចូលស៊ុតខូចគុណភាពពីប្រទេសជិតខាង បានយ៉ាងល្អប្រសើរ ប៉ុន្តែទើបតែប៉ុន្មានថ្ងៃមកនេះ គេឃើញមានជនខិលខូចមួយចំនួន បានគុបឃិតគ្នាលួចនាំចូលដោយខុសច្បាប់ តាមច្រកព្រំដែនមួយចំនួន ដោយដឹកជញ្ជូនតាមរថយន្ត និងម៉ូតូជាហូរហែរឥតដាច់នៅក្នុងមួយថ្ងៃៗ។

សូមបញ្ជាក់ថា តម្រូវការសាច់សត្វ និងស៊ុតសត្វនៅកម្ពុជា នៅតែមានកម្រិតខ្ពស់ និងបន្តកើនឡើងជាលំដាប់ ស្របតាមកំណើនប្រជាជន និងភ្ញៀវទេសចរ ទោះបីជាមានការប្រែប្រួលនៃលំហូរនាំចូលក៏ដោយ។ អ្នកចិញ្ចឹមសត្វបច្ចុប្បន្នអាចទទួលបានប្រាក់ចំណេញ តាមរយៈវិធានការរឹតបន្តឹងការនាំចូលសាច់បង្កក និងស៊ុតខុសច្បាប់ ជាដើម៕

អត្ថបទ៖ ចេង ឆហួត