ក្នុងត្រីមាសទី ១ឆ្នាំ២០២៦ កម្ពុជា រកចំណូលពីការនាំចេញសំបកកង់រថយន្តជាង ៤៧០លានដុល្លារ កើនឡើងជាង ៤២%
ភ្នំពេញ៖ ក្នុងត្រីមាសទី ១ឆ្នាំ២០២៦ ប្រទេសកម្ពុជា រកចំណូលបានពីការនាំចេញផលិតផលសំបកកង់រថយន្ត ឈានដល់ប្រមាណ ៤៧២លានដុល្លារអាម៉េរិក កើនឡើង ៤២,៣៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យផ្តល់ដោយក្រសួងពាណិជ្ជកម្ម។
លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា កម្ពុជា កំពុងជំរុញការធ្វើពិពិធកម្មទំនិញនាំចេញ ដោយផ្តោតលើផលិតផលឧស្សាហកម្មថ្មីៗ ដូចជា គ្រឿងបង្គុំអេឡិចត្រូនិក សម្ភារអគ្គិសនី និងសំបកកង់រថយន្ត ដើម្បីកាត់បន្ថយការពឹងផ្អែកលើវិស័យវាយនភណ្ឌ និងកាត់ដេរ។ កត្តានេះបានធ្វើឲ្យការនាំចេញផលិតផលទាំងនេះ មានកំណើនគួរឲ្យកត់សម្គាល់ ជាពិសេសផលិតផលសំបកកង់រថយន្ត។
ឧស្សាហកម្មផលិតសំបកកង់រថយន្ត គឺជាឧស្សាហកម្មថ្មីមួយដែលទើបលេចវត្តមាននៅកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុណ្ណោះ ប៉ុន្តែវាបានរីកចម្រើនយ៉ាងឆាប់រហ័សជាមួយការរកចំណូលបានពីការនាំចេញ ប្រមាណ ១.៣៨០លានដុល្លារអាម៉េរិក នៅឆ្នាំ២០២៥ កើនឡើងពីចំនួនទឹកប្រាក់ ៨៧៤លានដុល្លារអាម៉េរិក នៅឆ្នាំ២០២៤។
គួរបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជា មានរោងចក្រផលិតសំបកកង់រថយន្តចំនួន៨ ដែលបានបោះទីតាំងនៅតំបន់សេដ្ឋកិច្ចចំនួន៥ នៃខេត្តស្វាយរៀង ព្រះសីហនុ និងខេត្តក្រចេះ។
វិស័យសំបកកង់ ត្រូវបានគេមើលឃើញកាន់តែខ្លាំងឡើងថាជាសសរស្តម្ភសំខាន់នៃយុទ្ធសាស្ត្រធ្វើពិពិធកម្មឧស្សាហកម្មរបស់ប្រទេសកម្ពុជា និងជាក្បាលម៉ាស៊ីនថ្មីសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច ដែលគាំទ្រដល់មហិច្ឆតារបស់ប្រទេសកម្ពុជា ក្នុងការសម្រេចបានឋានៈជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០៕