កម្ពុជា ទទួលទេសចរអន្តរជាតិជាង ១លាននាក់ ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ ខណៈទេសចរចិនឈរលេខ១
សៀមរាប៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្នុងរយៈពេល ៣ខែដើមឆ្នាំ២០២៦ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ១លាននាក់ ក្នុងនោះ ភ្ញៀវទេសចរចិនមានចំនួនជាង ២៤ម៉ឺននាក់ ឈរនៅលំដាប់ទី១។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ផ្អែកតាមស្ថិតិនេះ វិស័យទេសចរណ៍កម្ពុជា នៅតែបង្ហាញភាពធន់នឹងវិបត្តិ (Resilient) ដោយសារស្មារតីសាមគ្គីភាពនៃមហាគ្រួសារវិស័យទេសចរណ៍ ទាំងរដ្ឋ និងវិស័យឯកជន រួមគ្នាដាក់ចេញវិធានការបន្ទាន់ និងផែនការសកម្មភាពអនុវត្តជាក់ស្ដែង បានទាន់ពេលវេលា ពិសេសការបន្តដាក់ចេញនូវយុទ្ធនាការទស្សនាកម្ពុជានៅ “រដូវកាលបៃតង (Green Season)» និងការដាក់ចេញនូវយុទ្ធនាការ «រដូវកាលសាមគ្គីភាព» ជាដើម ដែលធ្វើឱ្យយើងនៅតែអាចសម្រេចបានតាមផែនការ និងស្របតាមការព្យាករណ៍ឡើងវិញដែលបានគ្រោងទុក។
ថ្លែងក្នុងព្រឹត្តិការណ៍ «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ លោក ហួត ហាក់ បានលើកឡើងថា អនាគតនៃវិស័យទេសចរ ណ៍ កម្ពុជា គឺមិនអាចកាត់ផ្តាច់ពីការស្រូបទាញកំណើននៃលំហូរទេសចរ និងវិនិយោគិនចិនបានឡើយ ហើយកម្ពុជាក៏បានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងរួចរាល់ក្នុងការទទួលស្វាគមន៍ការត្រលប់មកវិញនូវភ្ញៀវទេសចរ និងវិនិយោគិនចិន តាមរយៈការសម្រួល បរិយា កាសទទួលបដិសណ្ឋារកិច្ចដល់ភ្ញៀវទេសចរ និងវិនិយោគិន របស់មិត្តចិននៅកម្ពុជា។
សូមជម្រាបថា ព្រឹត្តិការណ៍ «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» ត្រូវបានរៀបចំឡើងដោយមានការសម្តែងរួមគ្នារវាងព្រះសង្ឃវត្តសៅលីញ និងអត្តលិកសហព័ន្ធកីឡាល្បុក្កតោ នៅមុខប្រាសាទបាយ័ន ខេត្តសៀមរាប នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។
លោករដ្ឋមន្ត្រីបានបន្តថា ព្រឹត្តិការណ៍នេះ ក៏ជាផ្នែកមួយនៃការអបអរសាទរខួបលើកទី៦៨ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងចិន ក្នុងបរិការណ៍ដែលទំនាក់ទំនងកម្ពុជា-ចិន កំពុងត្រូវបានពង្រឹង ពង្រីក ពូនជ្រំ និងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះ រវាងប្រទេសទាំងពីរ។
នៅឆ្នាំ២០២៥ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥,៦លាននាក់ ក្នុងនោះ ភ្ញៀវទេសចរចិនមានចំនួនជាង ១,២លាននាក់ កើនឡើងជិត ៤២% និងឈរនៅលំដាប់ទី២។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចអនុវត្តសាកល្បងគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន ដោយអនុញ្ញាតឲ្យស្នាក់នៅរយៈពេល ១៤ថ្ងៃ ក្នុងអំឡុងពេល ៤ខែ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។ ក្នុងអំឡុងពេលនេះ ភ្ញៀវទេសចរចិន អាចចូលមកកម្ពុជាបានប៉ុន្មានលើកក៏បាន ដោយមិនចាំបាច់ដាក់ពាក្យសុំទិដ្ឋាការ និងមិនបង់កម្រៃ តែត្រូវបំពេញបែបបទ E-arrival card ប៉ុណ្ណោះ៕
អត្ថបទ៖ ជា ស្រស់