ក្នុងថ្ងៃទិវាសេរីភាពសារព័ត៌មានពិភពលោក ក្រសួងព័ត៌មាន តាំងពិព័រណ៍រូបថត និងធ្វេីពិធីគោរពវិញ្ញាណក្ខន្ធដល់អ្នកសារព័ត៌មានជាតិ-អន្តរជាតិ ដែលបានស្លាប់ និងបាត់ខ្លួនក្នុងអំឡុងសង្គ្រាមនៅកម្ពុជា
ភ្នំពេញ៖ ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ ឧសភា ២០២៦ នាឱកាសឆ្នាំ២០២៦ ក្រសួងព័ត៌មាន បាននិមន្តព្រះសង្ឃរៀបចំពិធីសូត្រមន្ត និងគោរពវិញ្ញាណក្ខន្ធដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិចំនួន ៣៧នាក់ ដែលបានស្លាប់ និងបាត់ខ្លួនក្នុងសម័យសង្គ្រាមនៅកម្ពុជាពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ និងការតាំងពិព័រណ៍រូបថត ស្តីពីតួនាទីអ្នកសារព័ត៌មាននៅកម្ពុជា ពីទសវត្សរ៍ឆ្នាំ១៩៧០ ដល់បច្ចុប្បន្ន។ ពិធីនេះបានធ្វើឡើងនៅសួនច្បារជ័យមង្គលព័ត៌មាន នៃក្រសួងព័ត៌មាន ក្រោមវត្តមាន លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងព័ត៌មាន ព្រមទាំង ឯកអគ្គររដ្ឋឥណ្ឌា, ឯកអគ្គរដ្ឋទូតគុយបា, តំណាងស្ថានទូតរុស្ស៊ី, តំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា និងអ្នកសារព័ត៌មានជាតិ និងអន្ដរជាតិជាច្រើនរូប។
លោក នេត្រ ភក្ត្រា បានលេីកឡេីងថា ការជួបជុំគ្នានៅក្នុងឱកាសនៃការប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ ឧសភា ឆ្នាំ២០២៦ ដើម្បីរំឭកដោយក្តីគោរពយ៉ាងជ្រាលជ្រៅ ចំពោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលបានបំពេញបេសកកម្មនៅកម្ពុជា ជាពិសេសអ្នកសារព័ត៌មានដែលបានស្លាប់បាត់បង់ជីវិត និងរងរបួសក្នុងសង្គ្រាមនៅកម្ពុជា ចាប់ពីឆ្នាំ១៩៧០ រហូតដល់ឆ្នាំ១៩៩៨។
លោករដ្ឋមន្ត្រី បានថ្លែងថា ពេលយើងនិយាយពីឆ្នាំ១៩៧០ ដល់ឆ្នាំ២០២៦ គឺមានរយៈពេល ៥៦ឆ្នាំក្នុងដំណើរកម្ពុជា។ រយៈពេលនេះ មិនមែនគ្រាន់តែជាចំនួនឆ្នាំនោះទេ ប៉ុន្តែជាដំណើរដ៏វែងឆ្ងាយរបស់ប្រទេសមួយ ដែលបានឆ្លងកាត់សង្គ្រាម អំពើហិង្សា សោកនាដកម្ម ការបែកបាក់ ការស្តារឡើងវិញ សន្តិភាព ការអភិវឌ្ឍ និងការបន្តកសាងអនាគត។ ក្នុងដំណើរ ៥៦ឆ្នាំនេះ អ្នកសារព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់ ហើយអ្នកសារព័ត៌មានបានក្លាយជាសាក្សីនៃប្រវត្តិសាស្ត្រ ជាអ្នកកត់ត្រាការពិត និងជាស្ពានភ្ជាប់រវាងព្រឹត្តិការណ៍នៅលើដីកម្ពុជា ជាមួយនឹងប្រជាជនកម្ពុជា និងពិភពលោក។ ចាប់ពីសម័យសង្គ្រាមក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ដល់ដំណាក់កាលនៃការស្វែងរកសន្តិភាព និងរហូតដល់កម្ពុជានាពេលបច្ចុប្បន្ន តួនាទីរបស់អ្នកសារព័ត៌មានតែងតែមានសារៈសំខាន់ក្នុងការផ្តល់ព័ត៌មាន បង្ហាញការពិត និងចូលរួមកសាងការយល់ដឹងសាធារណៈ។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងអំឡុងសង្គ្រាម និងអស្ថិរភាព អ្នកសារព័ត៌មានជាច្រើនបានឈរនៅជួរមុខនៃប្រវត្តិសាស្ត្រ ហើយបានធ្វើដំណើរឆ្លងកាត់តំបន់ប្រយុទ្ធ តំបន់គ្រោះថ្នាក់ និងស្ថានភាពដែលពោរពេញដោយហានិភ័យ ដើម្បីនាំយកការពិតទៅកាន់ប្រជាជនកម្ពុជា និងសហគមន៍អន្តរជាតិ។ អ្នកសារព័ត៌មាន មិនបានកាន់អាវុធទេ ប៉ុន្តែបានកាន់ប៊ិច កាមេរ៉ា ម៉ាស៊ីនថត សៀវភៅកត់ត្រា និងសេចក្តីក្លាហាន។ អ្នកព័ត៌មាន មិនបានស្វែងរកកិត្តិយសផ្ទាល់ខ្លួនទេ ប៉ុន្តែបានបំពេញបេសកកម្មដ៏ថ្លៃថ្នូរ ក្នុងការផ្តល់ព័ត៌មាន បង្ហាញការពិត និងកត់ត្រាការឈឺចាប់ ការតស៊ូ និងក្តីសង្ឃឹមរបស់ប្រជាជនកម្ពុជា ក្នុងសម័យកាលដ៏លំបាកមួយនៃប្រវត្តិសាស្ត្រជាតិ។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការបាត់បង់ជីវិត និងរបួសរបស់អ្នកសារព័ត៌មានទាំងនោះ គឺជាការលះបង់ដ៏ធំធេង មិនត្រឹមតែសម្រាប់វិស័យសារព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់សង្គមទាំងមូល។ ពួកគាត់បានបង្ហាញឱ្យយើងឃើញថា សេរីភាពសារព័ត៌មាន សិទ្ធិទទួលបានព័ត៌មាន និងការស្វែងរកការពិត មិនមែនជារឿងងាយស្រួលឡើយ។ វាត្រូវបានកសាងឡើងលើការលះបង់ ការប្តេជ្ញាចិត្ត និងពេលខ្លះ លើតម្លៃជីវិតរបស់មនុស្ស។
នៅក្នុងឱកាសនៃការរៀបចំការតាំងពិព័រណ៍នេះ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ជាការឆ្លុះបញ្ចាំងពីជ្រុងមួយនៃដំណើរកម្ពុជា ក្នុងរយៈពេល ៥៦ឆ្នាំ ដែលអ្នកសារព័ត៌មានបានចូលរួមកត់ត្រា រាយការណ៍ និងនាំយករឿងរ៉ាវរបស់កម្ពុជាទៅកាន់សាធារណជន និងពិភពលោក។ រូបថតនីមួយៗដែលបានដាក់តាំង មិនមែនជារូបភាពធម្មតានោះទេ។ រូបថតទាំងនេះ គឺជាកំណត់ត្រានៃពេលវេលា ជាសាក្សីនៃប្រវត្តិសាស្ត្រ និងជាភស្តុតាងនៃសេចក្តីក្លាហានរបស់អ្នកសារព័ត៌មាន។ រូបថតទាំងនេះនាំឱ្យឃើញទាំងអតីតកាលដ៏ឈឺចាប់ ការប្រឈមរបស់អ្នកសារព័ត៌មាននៅជួរមុខ និងការបន្តរីកចម្រើននៃវិស័យសារព័ត៌មាននៅកម្ពុជានាពេលបច្ចុប្បន្ន។
លោក នេត្រ ភក្ត្រា បានបញ្ជាក់ដែរថា ការតាំងពិព័រណ៍រូបថតនេះ ក៏ជាការរំឭកថា សារព័ត៌មានមានតួនាទីដ៏សំខាន់ក្នុងសង្គម។ នៅសម័យសង្គ្រាម អ្នកសារព័ត៌មានបានរាយការណ៍អំពីការប្រយុទ្ធ ការរងទុក្ខរបស់ប្រជាជន និងការវិវត្តនៃប្រវត្តិសាស្ត្រ។ នៅសម័យសន្តិភាព អ្នកសារព័ត៌មានបន្តមានតួនាទីក្នុងការផ្តល់ព័ត៌មានត្រឹមត្រូវ បង្កើនការយល់ដឹងសាធារណៈ ជំរុញការទទួលខុសត្រូវ និងចូលរួមគាំទ្រដល់ការអភិវឌ្ឍសង្គម។
តាមរយៈការតាំងពិព័រណ៍នេះ គឺចង់ផ្ញើសារមួយយ៉ាងច្បាស់ថា «កម្ពុជាមិនភ្លេចអ្នកដែលបានចូលរួមកត់ត្រាប្រវត្តិសាស្ត្ររបស់ខ្លួនឡើយ។ យើងមិនភ្លេចអ្នកសារព័ត៌មានដែលបានបង្ហាញពិភពលោកឱ្យឃើញពីការឈឺចាប់ ការតស៊ូ និងក្តីសង្ឃឹមរបស់ប្រជាជនកម្ពុជា។ យើងក៏មិនភ្លេចថា សន្តិភាពដែលមានសព្វថ្ងៃ មានតម្លៃខ្ពស់ ហើយត្រូវការការថែរក្សា ការពារ និងលើកតម្កើងជារៀងរាល់ថ្ងៃ»៕