ព័ត៌មានជាតិ

អភិបាលខេត្ត៖ ខេត្តកំពង់ស្ពឺ ឈរក្នុងលំដាប់លេខរៀងទី៥ ក្នុងចំណោម ២៥រាជធានី ខេត្តដែលទទួលបានភ្ញៀវទេសចរ និងប្រជាពលរដ្ឋមកកម្សាន្តច្រើនជាងគេ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី

image

កំពង់ស្ពឺ៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ នាសាលាខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កន្លងទៅនេះ រដ្ឋបាលខេត្ត កំពង់ស្ពឺ ទទួលបានភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋមកកម្សាន្ត នៅកំពង់ ស្តីសង្ក្រាន តំបន់រមណីយដ្ឋាន ២៩ទីតាំង មានចំនួនជាង១លាន៧សែននាក់ (១.៧១២.០០០ដង/នាក់) គឺឈរក្នុងលំដាប់លេខរៀងទី៥ ក្នុងចំណោម ២៥រាជធានី ខេត្ត។

អភិបាលខេត្តថ្លែងដូចនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំសង្កាត់ និងមន្ទីរអង្គភាពនានាជុំវិញខេត្ត ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់បំផុត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា។

ពាក់ព័ន្ធនឹងការអភិវឌ្ឍក្នុងខេត្ត, លោកអភិបាលខេត្ត បានបញ្ជាក់ថា រដ្ឋបាលខេត្ត បានយកចិត្តទុកដាក់ ក្នុងការបង្កើន និងជំរុញសក្តានុពល វិស័យកសិកម្ម តាមរយៈពង្រាយមន្ត្រីកសិកម្មតាមឃុំ-សង្កាត់ ដើម្បីជួយការងារ បណ្តុះបណ្តាល និងណែនាំបច្ចេកទេសដល់ប្រជាកសិករ ដែលមានផ្ទៃដីបង្កបង្កើន ផលសរុបជាង១២ម៉ឺនហិកតា (១២១.១៧៣ហិកតា) ទិន្នផល ជាង៤០ម៉ឺនហិកតា (៤០៧.៣៣០តោន) ដំណាំឧស្សាកម្ម ដូចជា ស្វាយកែវរមៀត ប្រមាណជាង៦ម៉ឺនហិកតា (៦៤.០៣៧ហិកតា) ទិន្នផលជាង៤០ម៉ឺនតោន (៤០៤.៨៧៩តោន) អំពៅ ប្រមាណជាង ៥ម៉ឺន២ពាន់ហិកតា (៥២.០០០ហិកតា) ទិន្នផលសរុប ប្រមាណ២លាន៦សែនតោន (២.៦០០.០០០តោន) ផលិត ស្ករ អំពៅ បានប្រមាណ៣៤ម៉ឺនតោន (៣៤០.០០០តោន/ឆ្នាំ) និងដំណាំរួមផ្សំរាប់សែនហិកតា ព្រមទាំង មានកសិដ្ឋានចិញ្ចឹមសត្វ ៤៦២កន្លែង មានប្រមាណជាង១៤លានក្បាល (១៤.៥៦៨.០១៥ក្បាល) រួមមាន ជ្រូក មាន់ (ពងមាន់នាំចេញប្រមាណជាង ៦៣លានគ្រាប់ (៦៣.៤៥៧.២០០គ្រាប់/ឆ្នាំ)) ដែលជា គិតជាទឹកប្រាក់សរុបលើសពី ៣៥០លានដុល្លារក្នុង១ឆ្នាំ (៣៥០.០០០.០០០ដុល្លារ/ឆ្នាំ)។ 

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបន្តថា ចំពោះវិស័យឧស្សាហកម្ម ក៏មានការកើនឡើងឥតឈប់ឈរ ក្នុងនោះកាលពីឆ្នាំ២០២៥កន្លងទៅ ទទួលបានគម្រោង វិនិយោគក្រោម ៥លានដុល្លារ ចំនួន ១២៦គម្រោង និងនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចំនួន ១៣០គម្រោង។ ដោយឡែក គិតត្រឹមខែមេសា ឆ្នាំ២០២៦នេះ ខេត្តក៏ទទួលបានគម្រោងវិនិយោគក្រោម ៥លានដុល្លារ ចំនួន ៣៥គម្រោងបន្ថែមទៀត។ បច្ចុប្បន្ន ទូទាំងខេត្តមានតំបន់សេដ្ឋកិច្ច(SEZ) ២កន្លែង សួនឧស្សាហកម្ម ៩កន្លែង និងរោងចក្រ សហគ្រាស គ្រឹះស្ថាន សរុបមានចំនួន ១.៦១៨កន្លែង ស្របកម្លាំងពល កម្មសរុប ៣២៧.១៩៣នាក់។ 

ក្រៅពីវិស័យសេដ្ឋកិច្ច ក៏មានវិស័យសង្គមកិច្ចដទៃទៀត បានចូលរួមចំណែកក្នុងផ្តល់សេវាសាធារណៈ និងលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ព្រមទាំងបានបង្កើនទំហំសេដ្ឋកិច្ចខេត្ត មានចំនួន ២.៦០៥លានដុល្លារ និងចំណូលសម្រាប់មនុស្សម្នាក់ៗ (GDP) មានចំនួន ២.៧០២ដុល្លារ (ក្នុងឆ្នាំ២០២៤)៕

អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ អេង សុគុណ