ព័ត៌មានអន្តរជាតិ

លោកត្រាំ បង្ហាញមោទនភាពថា ការផលិតប្រេងរបស់វេណេហ្ស៊ូអេឡាកើនឡើងខ្ពស់បំផុតមិនធ្លាប់មាន ក្រោមកិច្ចសហការជាមួយអាម៉េរិក

image

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានលើកឡើងពីភាពជោគជ័យនៃទំនាក់ទំនងសហប្រតិបត្តិការថ្មីរវាងសហរដ្ឋអាម៉េរិក និងវេណេហ្ស៊ូអេឡា បន្ទាប់ពីមានប្រតិបត្តិការយោធាដ៏ខ្លីមួយ។ លោកសង្កត់ធ្ងន់ថា បច្ចុប្បន្នប្រទេសទាំងពីរមិនត្រឹមតែមានភាពចុះសម្រុងនឹងគ្នានោះទេ ប៉ុន្តែថែមទាំងកំពុងធ្វើការយ៉ាងជិតស្និទ្ធបំផុតក្នុងវិស័យថាមពល ដែលធ្វើឱ្យការផលិតប្រេងរបស់វេណេហ្ស៊ូអេឡាកើនឡើងខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលរាប់សិបឆ្នាំកន្លងមកនេះ ។

តាមទស្សនៈរបស់លោក ត្រាំ ទំនាក់ទំនងនេះ ប្រៀបបាននឹងការចូលទុនរកស៊ីជាមួយគ្នាដែលផ្តល់ផលចំណេញយ៉ាងមហាសាលដល់ភាគីទាំងសងខាង។ លោករៀបរាប់ដោយមោទនភាពថា ប្រាក់ចំណេញដែលទទួលបានពីកិច្ចសហការនេះ បានទូទាត់ស៊ីសងចំពោះការចំណាយលើប្រតិបត្តិការវាយប្រហារយោធាដែលបានកើតឡើងកាលពីមុនរួចរាល់អស់ទៅហើយ ហើយថែមទាំងចំណេញលើសពីនោះជាច្រើនដងទៀតផង ។

លោកប្រធានាធិបតី ក៏បានរម្លឹកពីភាពខ្លាំងក្លានៃបច្ចេកវិទ្យាយោធាអាម៉េរិក ដែលបានប្រើប្រាស់ក្នុងការវាយប្រហារយ៉ាងរហ័សត្រឹមតែ ៤៥ នាទីប៉ុណ្ណោះ ដែលធ្វើឱ្យកងទ័ពវេណេហ្ស៊ូអេឡាមិនអាចទប់ទល់បាន។ លោកចាត់ទុកថា យុទ្ធសាស្ត្រ «អ្នកឈ្នះជាអ្នកគ្រប់គ្រងផលលាភ» គឺជាជោគជ័យដ៏ធំធេងសម្រាប់សហរដ្ឋអាម៉េរិក ។

លោក ត្រាំ បានបង្ហាញថាគំរូជោគជ័យនៅវេណេហ្ស៊ូអេឡានឹងត្រូវយកទៅអនុវត្តបន្តនៅប្រទេសអ៊ីរ៉ង់។ លោកមានបំណងប្រើប្រាស់សម្ពាធយោធា និងការគ្រប់គ្រងធនធានធម្មជាតិដើម្បីផលប្រយោជន៍សេដ្ឋកិច្ចអាម៉េរិក ដោយផ្លាស់ប្តូរពីស្ថានភាពសត្រូវមកជាដៃគូសហការដែលផ្តល់ផលចំណេញវិញ តាមរយៈយុទ្ធសាស្ត្រដែលលោកបានរៀបចំឡើង ៕

ប្រែសម្រួល៖ ឡេង លាងហេង

ប្រភព៖ VIORY | រូបភាព៖ VIORY/ (Maryorin Mendez/AFP/Getty Images)