ព័ត៌មានជាតិ

មនុស្សម្នាក់ស្លាប់ និង៣នាក់ទៀតរងរបួសធ្ងន់ ទាំងកណ្តាលអធ្រាត្រ ក្នុងគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកគ្នា នៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ

image

ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ និង៣នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូបុកគ្នានៅក្រោមស្តុបប្រាសាទពេជ្រ ស្ថិតក្នុងមូលដ្ឋានសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ២:៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦។​

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញយុវជន២នាក់ ជិះម៉ូតូស្កូពី ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ឌុបគ្នាក្នុងល្បឿនលឿនតាមបណ្តោយមហាវិថីព្រះមុនីវង្ស ទិសដៅពីត្បូងទៅជើង បន្ទាប់មកគេឃើញមានយុវជន២នាក់ទៀត ជិះម៉ូតូហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ឌុបគ្នាតាមបណ្តោយមហាវិថីព្រះមុនីវង្ស ក្នុងទិសដៅពីជើងទៅត្បូង ក្នុងទិសដៅបញ្ច្រាសទិសគ្នា លុះមកដល់ចំណុចកើតហេតុ ភាគីខាងម៉ូតូហុងដាឌ្រីម បានបត់ឆ្វេងឆ្លងផ្លូវ ក៏ស្រាប់តែភាគីខាងស្កូពីចាប់ហ្វ្រាំងមិនទាន់ បុកពេញទំហឹង បណ្តាលឲ្យស្លាប់យុវជនម្នាក់ភ្លាមៗ និង៣នាក់ទៀតរងរបួសធ្ងន់ ត្រូវបានពលរដ្ឋទាក់ទងរថយន្តសាម៉ុយ បញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង និងយកម៉ូតូទាំង២គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំភាគីទាំងសងខាងចូលខ្លួនទៅដោះស្រាយតាមនីតិវិធីច្បាប់នៅពេលក្រោយ។ ចំណែកសពយុវជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញប្រគល់ជូនក្រោមគ្រួសារ៕