លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ៖ ជាង ២ឆ្នាំមកនេះ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ទទួលសំណុំរឿងក្តីជាង ៣ពាន់ករណី ក្នុងនោះជោគជ័យជាង ៨០០ករណី
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានថ្លែងថា ក្នុងរយៈពេលជាង ២ឆ្នាំមកនេះ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក) ទទួលសំណុំរឿងក្តីបានជាង ៣ពាន់ករណី ក្នុងនោះ អ.ដ.ក សម្រេចជោគជ័យជាង ៨០០ករណី ដែលបានចាត់ការដោះស្រាយជិត ៥០ភាគរយ។
លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក) ថ្លែងក្នុងពិធីបិទសិក្ខាសាលាថ្នាក់ជាតិរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នាល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ថា ជាមធ្យមនៅក្នុង ១ឆ្នាំ ក្រសួងយុត្តិធម៌ទទួលបានរឿងក្តីនៅទូទាំងប្រទេសមានប្រមាណជាង ២២ម៉ឺនសំណុំរឿង ដែលបានដោះស្រាយការកកស្ទុះនៅក្នុងតុលាការ ខណៈដែលក្រសួងបានដាក់ចេញនូវយុទ្ធនាការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ទាំងចៅក្រុម, ព្រះរាជអាជ្ញា និងមន្ត្រីតុលាការ បានខិតខំប្រឹងប្រែងដោះស្រាយរួចនៅក្នុងរង្វង់ចន្លោះពី ៨២ភាគរយ ទៅ ៨៣ភាគរយ។
លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានបន្តថា បច្ចុប្បន្ននេះចៅក្រុម និងព្រះរាជអាជ្ញានៅទូទាំងប្រទេសមានជាង ៧០០នាក់ ក្នុងនោះចៅក្រុមមានប្រមាណតែ ៤០០នាក់ប៉ុណ្ណោះ ដូច្នេះមិនអាចដោះស្រាយសំណុំរឿងជាច្រើន ដែលកំពុងតែមានការកកស្ទុះបានអស់ទាន់ពេលវេលានោះទេ ក៏ប៉ុន្តែការដាក់ចេញនូវយុទ្ធនាការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបែបនេះ ដើម្បីដោះរឿងដែលកកស្ទុះនិងកប់ចោលយូរជាដើម។
លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ គូសបញ្ជាក់ថា ការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ ពិតជាសារៈសំខាន់ណាស់ គឺជាយន្តការបំពេញបន្ថែមមួយទៀតលើយន្តការដែលមានស្រាប់ សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងនិរន្តភាពនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្នុងគោលបំណងបង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់តែខិតទៅជិតប្រជាពលរដ្ឋនៅមូលដ្ឋាន រួមចំណែកក្នុងការកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមតុលា ការផងដែរ។
លោកឧបនាយករដ្ឋមន្ត្រី បន្ថែមទៀតថា ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាយុទ្ធសាស្រ្តមួយក្នុងចំណោមយុទ្ធសាស្រ្តកំណែទម្រង់យុត្តិធម៌ និងតុលាការ ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញក្នុងគោលបំណងដើម្បីពង្រឹងវិធីសាស្រ្តផ្សេងៗ សម្រាប់ការដោះស្រាយវិវាទនៅថ្នាក់ឃុំ សង្កាត់ ស្រុក ខណ្ឌ ខេត្ត ក្រុង រហូតដល់ថ្នាក់ជាតិ ស្របពេលដែលការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាយន្តការ ឬវិធីសាស្ត្រ ក្នុងការដោះស្រាយវិវាទ ដែលគូភាគីនៃវិវាទអាចធ្វើការជ្រើសរើសការដោះស្រាយវិវាទរបស់ខ្លួនក្រៅប្រព័ន្ធតុលាការ គឺយុទ្ធសាស្រ្តឈ្នះឈ្នះទាំងអស់គ្នា។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានចាត់ការសំណុំរឿងសរុបចំនួន ១៣៤០ករណី ស្មើ ៤៥,៥៦% ក្នុងចំណោមសំណុំរឿងដែលទទួលបានសរុប ២៩៤១ករណី ដែលក្នុងនោះសំណុំរឿងចំនួន ៧៤៩ករណី ត្រូវបានសម្រុះសម្រួលដោះស្រាយដោយជោគជ័យ។ សំណុំរឿងចំនួន ១៥៣ករណី ត្រូវបានពិនិត្យនិងលើកចោលដោយសារខុសសមត្ថកិច្ច។ សំណុំរឿង ៤៣៨ករណី ត្រូវបានបិទបញ្ចប់ដោយសារភាគីមិនទទួលយកការសម្រុះសម្រួល និងសំណុំរឿង ១.៦០១ករណី កំពុងស្ថិតក្នុងចំណាត់ការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធ៕
អត្ថបទ៖ ចេង ឆហួត