លោករដ្ឋមន្ត្រី សុខ សូកេន ផ្តល់អានុសាសន៍ ៦ចំណុច ដើម្បីពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពនៃយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា
ភ្នំពេញ៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានផ្តល់អានុសាសន៍ ៦ចំណុច ដើម្បីពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពនៃយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា។ ការផ្តល់អានុសាសន៍នេះ ធ្វើឡើងក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នៅព្រឹកថ្ងៃទី៣០ ខែមេសា។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី សុខ សូកេន បានលើកឡើងពីភាពចាំបាច់ក្នុងការពង្រឹងបន្ថែមនូវក្របខ័ណ្ឌច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដែលជាមូលដ្ឋានគ្រឹះធ្វើឱ្យយន្តការដោះស្រាយវិវាទកាន់តែមានភាពច្បាស់លាស់ ដើម្បីផ្តល់ ទំនុកចិត្តដល់ប្រជាពលរដ្ឋ ជាពិសេសភាគីវិវាទ។ ការបន្តពង្រឹងការកសាងសមត្ថភាពមន្ត្រី និងអ្នកសម្រុះសម្រួល រួមទាំងការបណ្តុះបណ្តាលជំនាញទន់ និងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីពង្រឹងអព្យាក្រិតភាព មិនលម្អៀង និងការរក្សាការសម្ងាត់ជូនភាគីវិវាទ។
លោករដ្ឋមន្ត្រី សុខ សូកេន ក៏បានលើកទឹកចិត្តឱ្យបន្តជំរុញ និងបង្កើនការយល់ដឹងសាធារណៈ តាមរយៈការផ្សព្វផ្សាយ និងការអប់រំ សាធារណៈ ដើម្បីឱ្យប្រជាជនយល់ដឹងកាន់តែច្បាស់ ពីសារៈសំខាន់នៃយន្តការដោះ ស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ បន្តគិតគូរលើយន្តការដោះស្រាយវិវាទនៅថ្នាក់មូលដ្ឋាន ដែលនៅកៀកនឹងប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាល និងជនជាតិដើមភាគតិច ដែលការងារនេះ ជាគម្រោងអាទិភាពមួយក្នុងក្របខ័ណ្ឌ អ.ដ.ក. ផងដែរ។
ក្រៅពីនេះ ឯកឧត្តមរដ្ឋមន្ត្រី សុខ សូកេន បានណែនាំឱ្យគិតគូរលើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីធ្វើឱ្យដំណើរការដោះស្រាយវិវាទ មានភាពងាយស្រួល ឆាប់រហ័ស និងអាចចូលប្រើប្រាស់បានពីគ្រប់មជ្ឈដ្ឋាន និងគ្រប់ទីកន្លែង ព្រមទាំងបន្តពង្រឹងកិច្ចសហការជាតិ និងអន្តរជាតិ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ ព្រមទាំង ចែករំលែកបទពិសោធ និងការអនុវត្តល្អៗពីបណ្តាប្រទេស និងដៃគូនានា។
លោករដ្ឋមន្ត្រី សុខ សូកេន បានលើកឡើងបន្ថែមថា សិក្ខាសាលាថ្ងៃនេះ មិនត្រឹមតែជាវេទិកាសម្រាប់ការជួបជុំ និងការផ្លាស់ប្តូរបទពិសោធ ប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសសំខាន់មួយក្នុងការពិភាក្សា ផ្លាស់ប្តូរយោបល់លើចំណុចខ្លាំង និងចំណុចខ្សោយ ព្រមទាំងវាយតម្លៃលើប្រសិទ្ធភាព នៃយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធ តុលាការ ដែលកំពុងដើរតួនាទីកាន់តែសំខាន់នៅក្នុងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។
បើតាមលោក យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានឱ្យដឹងថា សិក្ខាសាលានេះ រៀបចំឡើងក្រោមកិច្ចសហការគាំទ្រពីអង្គការ UNDP ប្រចាំកម្ពុជា គឺជាសិក្ខាសាលាថ្នាក់ជាតិលើកទី ១ របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយអំពីគោលនយោបាយ និងក្របខណ្ឌច្បាប់នានាពាក់ព័ន្ធនឹងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ព្រមទាំងវឌ្ឍនភាពការងារដែលសម្រេចបាននាពេល កន្លងមកជាមួយនេះ គឺ ជាវេទិកាសម្រាប់តំណាងមកពីគ្រប់ភាគីពាក់ព័ន្ធដែលធ្វើការងារលើការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ បានជួបពិភាក្សា ផ្លាស់ប្តូរយោបល់គ្នា និងបង្កើនកិច្ចសហការឱ្យ បានកាន់តែស្អិតល្មួតថែមទៀត រួមគ្នាធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋបានយល់ជ្រួតជ្រាបកាន់តែច្បាស់ពីសារសំខាន់នៃយន្តការដោះស្រាយវិវាទនេះ ក៏ដូចជាជួយលើកកម្ពស់នូវយន្តការដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការឱ្យបានកាន់តែល្អប្រសើរឡើង។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦, អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានទទួលពាក្យបណ្តឹងសរុបចំនួន ២,៩៤១សំណុំរឿង ក្នុងនោះ សំណុំរឿងដែលបានចាត់ការរួច ចំនួន ១,៣៤០សំណុំរឿង ហើយត្រូវបានដោះស្រាយបញ្ចប់ដោយព្រមព្រៀង ចំនួន ៧៤៩សំណុំរឿង និងសំណុំរឿងកំពុង ពិនិត្យនិងដោះស្រាយចំនួន ១,៦០១ សំណុំរឿង៕
រូបភាព៖ ង៉ាន់ សំណាង