ព័ត៌មានជាតិ

ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ

image

អត្ថបទ៖ ហ៊ន សុភ័ក្រ

————-
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ និងខួបអនុស្សាវរីយ៍ លើកទី៣០ នៃជំនួយ អភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុនសម្រាប់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (១៩៩៦-២០២៦) នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ នៅទីតាំងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។

ពិធីអបអរសាទរខួបអនុស្សាវរីយ៍ នៃទិវាពលកម្មអន្តរជាតិ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធរៀបចំឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ មកទល់បច្ចុប្បន្ន ដើម្បី រំលឹកនូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃចលនាកម្មករអន្តរជាតិ កាលពី ១៤០ឆ្នាំមុន។

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងថា “ក្រៅអំពីការរៀបចំពិធីជួបសំណេះសំណាល រាជរដ្ឋាភិបាលកម្ពុជាក៏តែងតែបានយកចិត្តទុកដាក់ខ្ពស់ និង បានគិតគូរក្នុងការលើកកម្ពស់ការការពារសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈរបស់កម្មករ និយោជិត និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ តាមរយៈការពង្រឹងការអនុវត្តយ៉ាងពេញលេញនូវច្បាប់ស្តីពី ការងារ ច្បាប់ស្តីពីសហជីព ច្បាប់ស្តីពីរបបសន្តិសុខសង្គម ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា គោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងអនុសញ្ញាអន្តរជាតិផ្នែកការងារ ក្នុងគោលបំណង ធានាបាននូវលក្ខខណ្ឌការងារល្អប្រសើរ សុវត្ថិភាពនិងសុខភាពការងារ ដែលការពារផលប្រយោជន៍ រួមជូនបងប្អូនកម្មករ និយោជិត និងនិយោជក រួមជាមួយនឹងការគិតគូរអំពីការចរចា និងដំឡើង ប្រាក់ឈ្នួលអប្បបរមា ប្រាក់រង្វាន់អតីតភាពការងារ និងអត្ថប្រយោជន៍ផ្សេងៗជាប្រចាំ”៕