មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជំរុញដល់រដ្ឋបាលខេត្តរតនគិរី ត្រូវបន្តពង្រឹងការងារ និងក្ដាប់ឱ្យបាននូវរាល់សភាពការណ៍នានាដែលកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីដោះស្រាយទាន់ពេលវេលា
រតនគិរី៖ លោក ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានជំរុញដល់រដ្ឋបាលខេត្តរតនគីរី ត្រូវបន្តពង្រឹងការងារគណៈបញ្ជាការឯកភាពខេត្តឱ្យបានរឹងមាំ ក្ដាប់ឱ្យបាននូវរាល់សភាពការណ៍នានាដែលកើតមានឡើងតាមក្រុង ស្រុក ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីដោះស្រាយ និងឆ្លើយតបឱ្យទាន់ពេលវេលាជូនប្រជាពលរដ្ឋ។
ការជំរុញនេះ បានធ្វើឡើងក្នុងឱកាសដែលលោក អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តរតនគិរី។
លោក ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់រដ្ឋបាលខេត្តដែលបានខិតខំអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទទួលបានលទ្ធផលគួរជាទីមោទន។ លោករដ្ឋលេខាធិការ បានជំរុញ និងលើកទឹកចិត្តដល់កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវបន្តពង្រឹងការផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដល់មន្ត្រីរាជការស៊ីវិល កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ រដ្ឋបាលឃុំ សង្កាត់ ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានា លើកកម្ពស់ការយល់ដឹង ជាពិសេសការចូលរួមក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ប្រកបដោយប្រសិទ្ធភាព និង ទទួលបានលទ្ធផលកាន់តែល្អប្រសើរឡើងនាឆ្នាំបន្តបន្ទាប់ទៀត។
ក្នុងឱកាសនោះទៀតដែរមលោករដ្ឋលេខាធិការ ក៏បានជំរុញដល់រដ្ឋបាលខេត្តរតនគិរី ត្រូវបន្តពង្រឹងការងារគណៈបញ្ហាការឯកភាពខេត្តឱ្យបានរឹងមាំ ក្តាប់បាននូវរាល់សភាពការនានាដែលកើតមានតាមក្រុង-ស្រុក ក្នុងដែនសមត្ថកិច្ចខ្លួន ដើម្បីធ្វើការដោះស្រាយ និងឆ្លើយតបបានទាន់ពេលវេលា។ ត្រូវចុះផ្សព្វផ្សាយផ្ទាល់តាមខ្នងផ្ទះប្រជាពលដ្ឋអំពីគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព, ត្រូវរៀបចំវេទិការសាធារណៈ ដើម្បីស្តាប់កង្វល់ និងសំណូមពរនានាពីប្រជាពលដ្ឋ ដើម្សីរួមគ្នាដោះស្រាយឱ្យបានទាន់ពេលវេលា។
ក្នុងឱកាសនោះដែរ លោក ប៉ាវ ហមផាន ក៏បានគ្រល់លិខិតសរសើរ និងថវិកាជូនដល់ ឃុំ សង្កាត់ របស់រដ្ឋបាលក្រុង-ស្រុកមួយចំនួន ដែលមានស្នាដៃល្អ ក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព រយ:ពេល ១ត្រីមាសកន្លងមកនេះផងដែរ៕
អត្ថបទ៖ ប៉េស សារី