សង្គម

វិទ្យាល័យ ពងទឹក ទទួលបានប្រព័ន្ធប្រមូលទឹកភ្លៀងសម្រាប់បរិភោគ ក្រោយទទួលបានជ័យលាភីលេខ៣ ក្នុងកម្មវិធីសាលារៀនទឹកភ្លៀង

image


ភ្នំពេញ៖ បន្ទាប់ពីទទួលបានជ័យលាភីលេខ៣ ក្នុងកម្មវីធីប្រកួតប្រជែង «សាលារៀនទឹកភ្លៀង» វិទ្យាល័យ ពងទឹក ស្ថិតនៅភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ បានទទួលប្រព័ន្ធប្រមូលទឹកភ្លៀងសម្រាប់បរិភោគ តាមរយៈរាជបណ្ឌិត្យសភាកម្ពុជា ដោយផ្តល់លទ្ធភាពទទួលបានទឹកស្អាត ដែលមានគុណភាពខ្ពស់ រួមចំណែកដោះស្រាយបញ្ហាបរិស្ថាន និងសុខភាព នៅក្នុងសហគមន៍ និងព្រមទាំងលើកកម្ពស់ការប្រើប្រាស់ធនធានទឹកប្រកបដោយនិរន្តរភាព។
ពិធីប្រគល់ និងទទួលប្រព័ន្ធប្រមូលទឹកភ្លៀងសម្រាប់បរិភោគនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ក្រោមវត្តមាន លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា, លោក ពុត សាមិត្ត អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា, លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូបទៀត។

លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា ដើម្បីទទួលបានប្រព័ន្ធប្រមូលទឹកភ្លៀងសម្រាប់បរិភោគនេះ នៅតាមសាលាគោលដៅទាំងអស់ ត្រូវឆ្លងកាត់ការប្រកួតប្រជែងដោយស្មើភាព និងមានតម្លាភាពបំផុត។ នៅឆ្នាំនេះ គម្រោងបានរកឃើញសាលារៀនចំនួន ១០ ដើម្បីបំពាក់ប្រព័ន្ធប្រមូលទឹកភ្លៀងសម្រាប់បរិភោគនេះ ខណៈនៅរាជធានីភ្នំពេញមានសាលាចំនួន ៤ ហើយ ដែលទទួលបានប្រព័ន្ធប្រមូលទឹកភ្លៀងសម្រាប់បរិភោគ ដែលមានចំណុះ ២ម៉ឺនលីត្រ គឺ វិទ្យាល័យ កំបូល ដែលជាសាលាគំរូ, វិទ្យាល័យ ជា ស៊ីម ចំរើនរដ្ឋ ទទួលបានជ័យលាភីលេខ១, វិទ្យាល័យ វិទ្យាល័យ ហ៊ុន សែន ពញាពន់ ទទួលបានជ័យលាភីលេខ២ និងវិទ្យាល័យ ពងទឹក ទទួលបានជ័យលាភីលេខ៣ នាពេលនេះ។

លោក ម៉ម សារិត ប្រធានគម្រោងការកសាងសាលារៀនទឹកភ្លៀងក្នុងតំបន់មេគង្គ បានឱ្យដឹងថា គម្រោងកសាងសាលារៀនទឹកភ្លៀងនេះ មានរយៈពេល ២ឆ្នាំ ដោយអនុវត្តចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៦ ជាគម្រោងមេគង្គ-កូរ៉េ និងជាផ្នែកមួយរបស់អង្គការសហប្រជាជាតិ ដើម្បីគាំទ្រលើវិស័យទឹកស្អាត ដោយផ្តោតសំខាន់លើទឹកភ្លៀង។ សម្រាប់គម្រោង ត្រូវយ៉ាងណាផ្តល់នូវទឹកស្អាត និងមានគុណភាពខ្ពស់ដល់សិស្សានុសិស្ស តាមរយៈការតម្លើងឧបករណ៍ប្រមូលទឹកភ្លៀងនៅតាមសាលារៀនដែលទទួលបានជ័យលាភីពីការប្រកួតប្រជែង ខណៈដែលគម្រោងនេះបានចូលរួមចំណែកទប់ស្កាត់ការប្រែប្រួលអាកាសធាតុផងដែរ។

លោក គឹម ឃី នាយកវិទ្យាល័យ ពងទឹក បានបង្ហាញការសប្បាយរីយរាយ បន្ទាប់ពីទទួលបានប្រព័ន្ធប្រមូលទឹកភ្លៀងសម្រាប់បរិភោគ។ ការណ៍នេះនឹងជួយផ្តល់នូវទឹកស្អាត និងមានគុណភាពសម្រាប់កូនសិស្សបរិភោគ ជាពិសេសការកាត់បន្ថយលើការចំណាយរបស់ពួកគាត់លើថ្លៃទិញទឹកបរិសុទ្ធ ព្រមទាំងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដែលបន្សល់ពីសំបកដងទឹកបរិសុទ្ធក្រោយប្រើប្រាស់រួច។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤​ ក្រសួងអប់រំ យុវជន និងកីឡា រាជបណ្ឌិត្យសភាកម្ពុជា (RAC) និងសាកលវិទ្យាល័យជាតិសេអ៊ូល (SNU) បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការកសាងសាលារៀនទឹកភ្លៀងចំនួន ១ពាន់សាលានៅប្រទេសកម្ពុជា ដើម្បីផ្តល់ទឹកស្អាតដែលមានគុណភាពខ្ពស់ជូនដល់សិស្សានុសិស្ស និងសហគមន៍សាលារៀន ក្នុងដោះស្រាយនូវវិបត្តិអាកាសធាតុ និងប្រកាន់ខ្ជាប់នូវគោលការណ៍ណែនាំតាមរបៀបវារៈរបស់អង្គការសហប្រជាជាតិ៕