សង្គម

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម៖ ការដាក់ឱ្យដំណើរការប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅខេត្តបាត់ដំបង ដើម្បីបង្កើនសេដ្ឋកិច្ចប្រជាពលរដ្ឋ

image


បាត់ដំបង៖ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកថា ការដាក់ឱ្យដំណើរការប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តបាត់ដំបង គឺដើម្បីបង្កើនសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលទាញយកផលប្រយោជន៍ពីការប្រើប្រាស់ទឹកស្អាតសម្រាប់បម្រើឱ្យការប្រកបរបរជួញដូរប្រចាំថ្ងៃ និងមានបា្រក់ចំណូលក្នុងគ្រួសារ ។

ថ្លែងក្នុងពេលដែលក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានធ្វើការសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តបាត់ដំបង ក្រោយបញ្ចប់ការអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត ដែលផ្តល់សហហិរញ្ញប្បទានដោយធនាគារអភិវឌ្ឍអាស៊ី(ADB) ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) សហភាពអឺរ៉ុប និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នៅភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រោមវត្តមានចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) ប្រចាំកម្ពុជា តំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា អាជ្ញាធរខេត្ត ក្រុង ស្រុក មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនទៀត។

លោក ហែម វណ្ណឌី បានចាត់ទុកថា នេះគឺជាសមិទ្ធផលនៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក្នុងវិស័យទឹកស្អាតដ៏ធំនិងថ្មីបន្ថែមមួយទៀតសម្រាប់ខេត្តបាត់ដំបង ក្រោមហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ បន្ទាប់ពីគម្រោងផ្គត់ផ្គង់ទឹកស្អាតទីប្រជុំជន ដែលបានអនុវត្តចប់ដោយជោគជ័យនៅក្នុងខែធ្នូ ឆ្នាំ២០២២ នៅខេត្តកំពង់ចាម ពោធិ៍សាត់ កំពត ស្វាយរៀង កំពង់ធំ សៀមរាប ស្ទឹងត្រែង និងស្រុកស្ទោង។ ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មីនេះនឹងជួយពង្រីកសមត្ថភាពផលិត និងផ្គត់ផ្គង់ទឹកស្អាតដល់រដ្ឋាករទឹកបាត់ដំបងចំនួន ៥០.០០០ ម៉ែត្រគូប/ថ្ងៃ បន្ថែមពីលើសមត្ថភាពផលិតបច្ចុប្បន្ន និងបង្កើនអត្រាខ្នងផ្ទះ ដែលភ្ជាប់បណ្តាញទឹកស្អាតក្នុងតំបន់សេវាកម្មពីប្រមាណ៤៧,៦៣% ក្នុងឆ្នាំ២០១៨ រហូតដល់៧៦% នៅក្នុងឆ្នាំ២០២៥ ។

លោក ហែម វណ្ណឌី លើកបង្ហាញថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលទទួលបន្ទុកលើការដឹកនាំនិងគ្រប់គ្រងវិស័យទឹកស្អាត បាននិងកំពុងអនុវត្តន៍បេសកកម្ម របស់ខ្លួនប្រកបដោយស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់សំដៅសម្រេចឱ្យបានគោលដៅអភិវឌ្ឍប្រកបដោយ ចីរភាពកម្ពុជាឆ្នាំ២០១៦-២០៣០ ដែលបានកំណត់ថា ត្រឹមឆ្នាំ២០៣០ សម្រេចបាននូវសកលកម្ម និងសមធម៌ទឹកបរិភោគ ដែលមានសុវត្ថិភាព តម្លៃសមរម្យសម្រាប់ប្រជាជនទាំងអស់គ្នា ជាពិសេសការផ្ដល់សេវាផ្គត់ផ្គង់ទឹកស្អាត ដោយឈរលើលក្ខខណ្ឌ៤យ៉ាង គឺគុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ ហើយក្នុងអាណត្តិថ្មីនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានដាក់ចេញទិសដៅយកទឹកស្អាតជាកម្លាំងចលករ ដើម្បីជំរុញបរិវត្តកម្មសេដ្ឋកិច្ច ស្របតាមទិសស្លោក ទីណាមានទឹកស្អាត ទីនោះនឹងមានការផ្លាស់ប្ដូរជាសេដ្ឋកិច្ច ។

ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាពិសេសប្រជាជននៅក្នុងក្រុងបាត់ដំបង លោក ហែម វណ្ណឌី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារអភិវឌ្ឍន៍អាស៊ី និងទីភ្នាក់បារាំងសម្រាប់ការអភិវឌ្ឍ ដែលបានផ្តល់ហិរញ្ញប្ប សម្រាប់អនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត និងស្នើដល់ធនាគារអភិវឌ្ឍអាស៊ី និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ សហភាពអឺរ៉ុប សូមបន្តពិនិត្យលទ្ធភាពផ្តល់ហិរញ្ញប្បទានសម្រាប់គម្រោងអភិវឌ្ឍវិស័យទឹកស្អាតនៅតាមបណ្តាខេត្តផ្សេងទៀត ក៏ដូចជាជំនួយដទៃទៀតដល់កម្ពុជា ដើម្បីរួមចំណែកកសាង និងកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា ។

សូមបញ្ជាក់ថា ក្រុងបាត់ដំបង មានប្រជាជនប្រមាណ ១១៩.០០០នាក់ ក្នុង នោះ ប្រជាជនទទួលបានទឹកស្អាត មានប្រមាណតែ ៨១.៦០០ នាក់ ប៉ុណ្ណោះ ក្នុងឆ្នាំ២០១៨ ហើយអត្រាគ្របដណ្តប់ក្នុងតំបន់សេវាកម្ម មានប្រមាណតែ៤៧,៦៣%ប៉ុណ្ណោះ ។ ក្នុងស្ថានភាពនេះ និងដើម្បីសម្រេចការគ្របដណ្តប់ការផ្គត់ផ្គង់ទឹកស្អាតកាន់តែខ្ពស់ក្នុងក្រុងបាត់ដំបង រាជរដ្ឋាភិបាលកម្ពុជាបានស្នើសុំការគាំទ្រដល់ការងារពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ដើម្បីឆ្លើយតបនឹងតម្រូវការកើនឡើង របស់ប្រជាពលរដ្ឋ និងតំបន់ជុំវិញ។ ជាលទ្ធផល គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត ដែលទទួលបានកម្ចីហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) សហភាពអឺរ៉ុប (EU) និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងទឹកប្រាក់កិច្ចសន្យាចំនួន ជាង៣១លានដុល្លារអាមេរិក សម្រាប់ការងារពង្រីកសមត្ថភាពផលិត និងចែកចាយទឹកស្អាត ។


គម្រោងនេះស្ថិតនៅភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង គម្រោងមានគោលដៅចម្បងជំរុញអត្រាទទួលបានទឹកស្អាត ដែលមានគុណភាព សុវត្ថិភាព និងនិរន្តភាព ដើម្បីទ្រទ្រង់គុណភាពនៃការរស់នៅរបស់ប្រជាជនក្នុងតំបន់ តាមរយៈការសាងសង់ស្ថានីយបូមទឹកឆៅ រោងចក្រប្រព្រឹត្តកម្មទឹកស្អាត និងប្រព័ន្ធបណ្តាញផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងបាត់ដំបង និងតំបន់ជុំវិញ៕

ដោយ៖ គួយ គឹមស៊ន