រដ្ឋាភិបាលរុស្ស៊ី ព្រមានថា អឺរ៉ុបនឹងក្លាយជាជនរងគ្រោះមុនគេបង្អស់ បើបន្តគាំទ្រដល់មហិច្ឆតានុយក្លេអ៊ែររបស់អ៊ុយក្រែន
រុស្ស៊ី៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារី ហ្សាខារ៉ូវ៉ា (Maria Zakharova) បានលើកឡើងនៅក្នុងសន្និសីទកាសែតប្រចាំសប្តាហ៍នៅទីក្រុងមូស្គូ កាលពីថ្ងៃពុធ ដោយព្រមានយ៉ាងខ្លាំងដល់បណ្តាប្រទេសនៅអឺរ៉ុបខាងលិច ចំពោះគ្រោះថ្នាក់ដែលអាចកើតមានពីការគាំទ្រដល់មហិច្ឆតានុយក្លេអ៊ែររបស់អ៊ុយក្រែន។ ទីក្រុងមូស្គូ មើលឃើញថា ការទាមទាររបស់លោក ហ្សេលែនស្គី ដែលចង់បានអាវុធនុយក្លេអ៊ែរ និងការចូលជាសមាជិកណាតូ គឺជាការញុះញង់ឱ្យមានសង្គ្រាមនុយក្លេអ៊ែរទ្រង់ទ្រាយធំ ដែលនឹងធ្វើឱ្យអឺរ៉ុបក្លាយជាជនរងគ្រោះមុនគេបង្អស់ ។
ក្រៅពីបញ្ហាសន្តិសុខ រុស្ស៊ីក៏បានលើកឡើងពីមហន្តរាយបរិស្ថានដែលបង្កឡើងដោយការវាយប្រហាររបស់អ៊ុយក្រែនលើហេដ្ឋារចនាសម្ព័ន្ធថាមពល។ ការវាយប្រហារលើរោងចក្រចម្រាញ់ប្រេងក្នុងតំបន់ ធូអ៊ែបសេ (Tuapse) បានបណ្តាលឱ្យមានការសាយភាយជាតិពុលទៅក្នុងបរិយាកាស និងធ្លាក់មកវិញជាទម្រង់ភ្លៀងពណ៌ខ្មៅ ដោយត្រូវរុស្ស៊ីចាត់ទុកថាជាអំពើភេរវកម្មរបស់របបទីក្រុងគីវ ដែលកំពុងបំផ្លាញប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់សមុទ្រខ្មៅ ។
អ្នកនាំពាក្យរូបនេះ ក៏បានទម្លាក់កំហុសលើប្រទេសសមាជិកណាតូ ជាពិសេសតួកគីយេ និងប៊ុលហ្គារី ថាត្រូវទទួលខុសត្រូវរួមគ្នាចំពោះការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន។ រុស្ស៊ីជឿថា ការផ្ដល់ជំនួយយោធា និងហិរញ្ញវត្ថុឥតឈប់ឈរពីសំណាក់លោកខាងលិច គឺជាកត្តាដែលជំរុញឱ្យអ៊ុយក្រែនបន្តសកម្មភាពវាយប្រហារដែលមិនខ្វល់ពីផលប៉ះពាល់ដល់សន្តិសុខ និងបរិស្ថានពិភពលោក ។
ជំហររបស់រុស្ស៊ីនៅតែរឹងមាំក្នុងការទាមទារឱ្យអ៊ុយក្រែនប្រកាសខ្លួនជាប្រទេសអព្យាក្រឹត និងមិនចូលជាសមាជិកណាតូ ដើម្បីបញ្ចប់ជម្លោះដែលបានអូសបន្លាយតាំងពីឆ្នាំ២០២២។ ក្នុងខ្សែភ្នែករបស់រុស្ស៊ី សកម្មភាពបច្ចុប្បន្នរបស់អ៊ុយក្រែន រួមទាំងការបន្តច្បាប់អាជ្ញាសឹក និងការកេណ្ឌទ័ពដោយបង្ខំ គឺជាការរុញច្រានពលរដ្ឋខ្លួនឯង និងតំបន់អឺរ៉ុបទាំងមូលឱ្យធ្លាក់ចូលទៅក្នុងសោកនាដកម្មដែលមិនអាចវិលត្រឡប់ក្រោយវិញបាន ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ istockphoto & nytimes on Microsoft Bing