លោកប្រធានាធិបតីត្រាំ កោតសរសើរមេដឹកនាំអារ៉ាប់រួម ជុំវិញការដកខ្លួនចេញពីអង្គការ OPEC
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះសហភាពអារ៉ាប់រួម ដែលបានសម្រេចចិត្តដើរចេញពីអង្គការ OPEC។ លោកបានលើកសរសើរមេដឹកនាំអារ៉ាប់រួម លោក មូហាំម៉ាត់ ប៊ីន ហ្សាយីដ (Mohamed bin Zayed) ថាជាអ្នកដឹកនាំដ៏ឆ្លាតវៃ និងមានសមត្ថភាពខ្ពស់ក្នុងការសម្រេចចិត្តដើរតាមផ្លូវផ្ទាល់ខ្លួន ដើម្បីផលប្រយោជន៍ជាតិ និងទីផ្សារសកល ។
តាមទស្សនៈរបស់លោក ត្រាំ ការដែលអារ៉ាប់រួមមានសេរីភាពក្នុងការផលិតប្រេងដោយមិនជាប់ចំណងជាមួយ OPEC នឹងក្លាយជាកត្តាជំរុញឱ្យតម្លៃថាមពលជុំវិញពិភពលោកមានការធ្លាក់ចុះ។ លោករំពឹងថា តម្លៃប្រេង និងតម្លៃឧស្ម័ននឹងចុះថោកជាងមុន ដែលវានឹងជួយសម្រួលដល់សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជន ព្រោះអារ៉ាប់រួម គឺជាប្រទេសដែលមានធនធានប្រេងយ៉ាងសន្ធឹកសន្ធាប់ក្នុងដៃ ។
ប្រតិកម្មរបស់លោក ត្រាំ ក៏បានបង្កប់នូវការរិះគន់បន្តិចបន្តួចទៅលើអង្គការ OPEC ផងដែរ ដោយលោកបានលើកឡើងថា អង្គការមួយនេះកំពុងជួបប្រទះបញ្ហាផ្ទៃក្នុងជាច្រើន។ ការគាំទ្ររបស់សហរដ្ឋអាម៉េរិកចំពោះសកម្មភាពរបស់អារ៉ាប់រួមនេះ បានបង្ហាញពីការរឹតចំណងមិត្តភាពកាន់តែជិតស្និទ្ធរវាងមហាអំណាចទាំងពីរ និងជាសញ្ញានៃការផ្លាស់ប្តូរតុល្យភាពអំណាចក្នុងវិស័យថាមពលពិភពលោក ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ (ANDREW CABALLERO-REYNOLDS/Andrew Caballero-Reynolds/AFP via Getty Images)/ (REUTERS/Leonhard Foeger)/ (AFP via Getty Images)