ព័ត៌មានអន្តរជាតិ

សហគមន៍ជ្វីហ្វ សម្តែងក្ដីព្រួយបារម្ភចំពោះសុវត្ថិភាព ក្រោយមានករណីចាក់ដោយកំបិតយ៉ាងសាហាវក្នុងទីក្រុងឡុងដ៍ ខណៈរដ្ឋាភិបាលអង់គ្លេសប្តេជ្ញាបង្កើនសន្តិសុខទ្វេដង

image


អង់គ្លេស៖ សហគមន៍ជ្វីហ្វក្នុងទីក្រុងឡុងដ៍ បានសម្តែងក្ដីព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពរបស់ពួកគេ កាលពីថ្ងៃពុធ បន្ទាប់ពីមានករណីចាក់ដោយកំបិតយ៉ាងសាហាវទៅលើសហគមន៍មួយនេះ នៅក្នុងតំបន់ ហ្គោលឌ័រ ហ្គ្រីន (Golders Green) ដែលសមត្ថកិច្ចកំណត់ថា ជាអំពើភេរវកម្ម។ ជនរងគ្រោះពីរនាក់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ ខណៈជនសង្ស័យត្រូវមន្ត្រីឃាត់ខ្លួនភ្លាមៗ ក្រោយពីបានព្យាយាមស្វែងរកជនរងគ្រោះដោយចេតនា ដែលបង្កឱ្យមានការតក់ស្លុតយ៉ាងខ្លាំងដល់ប្រជាជនដែលរស់នៅតំបន់នោះ ។

សហគមន៍ជ្វីហ្វ បានបង្ហាញពីការខកចិត្ត និងទាមទារឱ្យរដ្ឋាភិបាលចាត់វិធានការឱ្យបានម៉ឺងម៉ាត់ ជាជាងការត្រឹមតែចេញសេចក្តីថ្លែងការណ៍ថ្កោលទោស។ ពួកគេយល់ថា បច្ចុប្បន្នសន្តិសុខនៅតាមវិហារសាសនា និងទីកន្លែងសាធារណៈមិនទាន់មានការធានាឱ្យបានពេញលេញនៅឡើយ ដែលទាមទារឱ្យមានការបង្កើនកម្លាំងយាមកាម និងការល្បាតឱ្យបានដិតដល់ ដើម្បីការពារអាយុជីវិតមនុស្សជាទីស្រឡាញ់របស់ពួកគេ ។

ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី គែរ ស្តាម័រ (Keir Starmer) បានសន្យាថានឹងបង្កើនកញ្ចប់ថវិកា និងធនធានយោធាដើម្បីពង្រឹងសន្តិសុខជុំវិញសហគមន៍ដែលងាយរងគ្រោះ។ លោកបានទទួលស្គាល់ពីកម្រិតនៃភាពភ័យខ្លាច និងក្ដីព្រួយបារម្ភរបស់ប្រជាជនដែលមិនហ៊ានបង្ហាញអត្តសញ្ញាណសាសនាខ្លួនឯងនៅតាមទីសាធារណៈ ដោយនេះជាបញ្ហាសង្គមដ៏ធ្ងន់ធ្ងរមួយដែលរដ្ឋាភិបាលត្រូវដោះស្រាយជាបន្ទាន់ ។

ហេតុការណ៍នេះ បានធ្វើឱ្យមានការពិភាក្សាយ៉ាងក្ដៅគគុកអំពីនយោបាយការបរទេស ជាពិសេសការទាមទារឱ្យមានការរឹតបន្តឹងលើទំនាក់ទំនងជាមួយប្រទេសដែលរងការសង្ស័យថាបានគាំទ្រមនោគមវិជ្ជាជ្រុលនិយម។ ខណៈជនរងគ្រោះកំពុងសម្រាកព្យាបាល មជ្ឈិនដ្ឋានទូទៅកំពុងតាមដានមើលថា តើទីក្រុងឡុងដ៍នឹងអាចស្ដារទំនុកចិត្ត និងសុវត្ថិភាពជូនដល់ពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់សាសនាបានដោយរបៀបណា ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY