សង្គម

សម្ដេចតេជោ ហ៊ុន សែន និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិ បញ្ជាក់ពីគោលដៅរួម ដើម្បីអភិវឌ្ឍន៍កម្ពុជាប្រកបដោយចីរភាព នៅឆ្នាំ២០៣០ ខណ:អង្គការសហប្រជាជាតិរង់ចាំជួយជ្រោមជ្រែងកម្ពុជាជានិច្ច

image


ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន និងលោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ បានពិភាក្សាគ្នាជុំវិញគោលដៅរួមដើម្បីអភិវឌ្ឍន៍កម្ពុជាប្រកបដោយចីរភាពនៅឆ្នាំ២០៣០ ដោយលោកស្រី បានបញ្ជាក់នៅចំពោះមុខសម្ដេចតេជោ ថាអង្គការសហប្រជាជាតិរង់ចាំជួយដល់ប្រទេសកម្ពុជាជានិច្ច ជាពិសេសការជួយជ្រោមជ្រែងដល់កម្ពុជាឲ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

ការពិភាក្សានេះធ្វើឡើង នាឱកាសសម្ដេចអគ្គមហាសេនាបតី ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោកស្រី វ្លាដាំងកា អាន់ឌ្រេវ៉ា (Vladanka Andreeva) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ តែងតាំងថ្មី ប្រចាំកម្ពុជា និងសហការី ចូលជួបសម្ដែងការគូរសម នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ នាវិមានសាមគ្គីភាពនៃព្រឹទ្ធសភា រាជធានីភ្នំពេញ។

យោងតាម លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងក្រោយជំនួបថា សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការស្វាគមន៍ និងក្ដីរីករាយដែលបានជួបជាមួយលោកស្រី និងសហការី ដោយសម្ដេចតេជោសង្ឃឹមថាវត្ដមានរបស់លោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជានឹងញុំាង កិច្ចសហប្រតិបត្ដិការ ទំនាក់ទំនងរវាងកម្ពុជា និងអង្គការសហប្រជាជាតិឲ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត សម្ដេចតេជោ ក៏បានថ្លែងអរគុណដល់អង្គការសហប្រជាជាតិដែលបានរួមចំណែកជួយដល់ប្រទេសកម្ពុជានាពេលកន្លងមក។

លោកស្រី Vladanka Andreeva មានប្រសាសន៍ថា កម្ពុជា និងអង្គការសហប្រជាជាតិមានទំនាក់ទំនងដ៏រឹងមាំ និងយូរអង្វែងនាពេលកន្លងមក ដោយលោកស្រី បានបញ្ជាក់នៅចំពោះមុខសម្ដេចតេជោ ថាអង្គការសហប្រជាជាតិរង់ចាំជួយដល់ប្រទេសកម្ពុជាជានិច្ចជាពិសេសការជួយជ្រោមជ្រែងដល់កម្ពុជាឲ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

ជាការឆ្លើយតបសម្ដេចតេជោ បានសម្ដែងការពេញចិត្ដជុំវិញការលើកឡើងរបស់លោកស្រី ហើយសម្ដេចតេជោ បានពិភាក្សាជាមួយលោកស្រី Vladanka Andreeva ផ្ដោតទៅលើបញ្ហាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅឆ្នាំ២០៣០ ដែលដាក់ចេញដោយអង្គការសហប្រជាជាតិ ដោយទាំងសម្ដេចតេជោ និងលោកស្រី Vladanka Andreeva បានលើកឡើងពីបញ្ហាប្រឈមមួយចំនួនដែលប្រទេសនានាលើពិភពលោកដែលជាសមាជិករបស់អង្គការសហប្រជាជាតិកំពុងជួបប្រទះ ហើយជាសំនួរសម្ដេចតេជោ បានមានប្រសាសន៍ថា តើគោលដៅនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០នេះ អាចសម្រេចបានតាមការគ្រោងទុកឬយ៉ាងណា ដោយភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាជុំវិញបញ្ហានេះ។

បន្ថែមពីលើនេះ សម្ដេចតេជោ និងលោកស្រី Vladanka Andreeva បានពិភាក្សាគ្នាពីបញ្ហាប្រឈមនាពេលបច្ចុប្បន្ន ជាពិសេសបញ្ហាសន្ដិសុខថាមពលដែលកំពុងកើតមាន បញ្ហាតម្លៃប្រេងឡើងថ្លៃនេះគឺជាក្ដីកង្វល់របស់សមាជិកអង្គការសហប្រជាជាតិ និងកម្ពុជាផងដែរ ស្របជាមួយគ្នានេះលោកស្រី បានលើកឡើងពីការរួមចំណែករបស់កម្ពុជាក្នុងការថែរក្សាសន្ដិភាពពិភពលោកតាមរយ:ការបញ្ជូនកងទ័ពមួកខៀវរបស់កម្ពុជាទៅកាន់ប្រទេសមួយចំនួនក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដែលមានប្រមាណ១ម៉ឺននាក់មកកន្លងមកនេះ។

លោកស្រី Vladanka Andreeva បានអរគុណសម្ដែងការកោតសរសើរកម្ពុជាដែលបានបញ្ជូនកងទ័ពរបស់ខ្លួនក្នុងបុព្វហេតុការពារសន្ដិភាពរបស់ពិភពលោក ហើយចំនុចសំខាន់មួយទៀត សម្ដេចតេជោ និងលោកស្រី Vladanka Andreeva បានពិភាក្សាគ្នាជុំវិញការបម្រែបម្រួលអាកាសធាតុ ដែលជាកង្វល់រួមរបស់ពិភពលោកទាំងមូល ដែលតម្រូវឲ្យអង្គការសហប្រជាជាតិ និងប្រទេសជាសមាជិករួមគ្នាគិតគូរពីបញ្ហានេះ៕
អត្ថបទ៖ ឈឹម ធីតា
រូបភាព៖ ង៉ាន់ សំណាង, ប៉ក់ សុឃីម