ព័ត៌មានជាតិ

តំណាងអង្កការយូណេស្កូប្រចាំនៅកម្ពុជា បញ្ជាក់ជូនសម្ដេចតេជោ ហ៊ុន សែន ពីកិច្ចខិតខំប្រឹងប្រែងស្ដារសម្បត្ដិបេតិកភណ្ឌកម្ពុជា ពិសេសគឺប្រាសាទព្រះវិហារដែលរងការបំផ្លិចបំផ្លាញដោយសារសង្គ្រាមរវាងកម្ពុជា-ថៃ

image

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន និង លោក Flavio Bonetti បានលើកឡើងពីសម្បត្ដិបេតិកភណ្ឌដែលត្រូវបានបំផ្លាញដោយសារសង្គ្រាមដែលកើតឡើងរវាងកម្ពុជា និងថៃ ដោយលោកត្រូវបានបំផ្លាញ ដោយលោក Flavio Bonetti បានបញ្ជាក់ថា នឹងខិតខំប្រឹងប្រែងធ្វើកិច្ចការងារជាមួយស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាក្នុងការស្ដារឡើងវិញនូវការខូចខាតសម្បត្ដិបេតេកភណ្ឌទាំងនោះ។
ការលើកឡើងនេះនាឱកាសដែលសម្តេចអសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យ លោក Flavio Bonetti តំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសមព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះនាវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ។


យោងតាម លោក ជា ធីរិទ្ធ អ្នកនាំពាក្យ បានឲ្យដឹងក្រោយជំនួបថា សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការស្វាគមន៍ និងរីករាយដែលបានជួបជាមួយ លោកFlavio Bonetti និងសហការី ក្នុងពេលដែលលោកបំពេញបេសកកម្មតំណាងរបស់អង្កការយូណេស្កូប្រចាំនៅកម្ពុជា ស្របជាមួយគ្នានេះសម្ដេចតេជោសម្ដែងនូវការអរគុណជាពន្លឹកចំពោះអង្កការយូណេស្កូដែលបានរួមចំណែកជួយដល់កម្ពុជានាពេលកន្លងមក ដោយសម្ដេចសង្ឃឹមថា វត្ដមានរបស់លោក Flavio Bonetti នាពេលនេះនឹងញ៉ាំងឲ្យទំនាក់ទំនងកម្ពុជា និងយូណេស្កូរកាន់តែរឹងមាំ។


នៅក្នុងជំនួប លោក Flavio Bonetti បានសម្ដែងនូវការអរគុណជាអនេកដែលសម្ដេចតេជោបានអនុញ្ញាតឲ្យរូបលោក និងសហការីចូលជួបសម្ដែងការគួរសមនាពេលនេះ។ លោក Flavio Bonetti បានលើកឡើងពីទំនាក់ទំនងរវាងកម្ពុជា និងយូណេស្កូរជាតំនាក់ទំនងដ៏រឹងមាំ និងជ្រាលជ្រៅក្នុងដំណើរមកយ៉ាងវែងឆ្ងាយជាមួយគ្នា ហើយលោក Flavio Bonetti បានបញ្ជាក់ថា នៅឆ្នាំនេះ យូណេស្កូនឹងខិតខំប្រឹងប្រែងពង្រឹងនូវកិច្ចសហប្រតិបត្ដិការជាមួយគ្នាឲ្យកាន់តែរឺងមាំ។


ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្ដីពេញចិត្ដរបស់លោក Flavio Bonetti និងបានពិភាក្សាពីកត្កាសំខាន់ៗមួយចំនួនដែលយូណេស្កូ បាននយកចិត្ដទុកដាក់ក្នុងការជួយកន្លងមក និងបន្ដយកចិត្ដទុកដាក់បន្ថែមទៀត។


សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីវិស័យអប់រំនៅកម្ពុជា ដែលសម្ដេចបានសង្កត់ធ្ងន់ថា ដើម្បីឲ្យកម្ពុជាខ្លាំងត្រូវត្រូវតែមានមូលធនមនុស្សធនធានមនុស្សខ្លាំង ហើយមូលធនមនុស្សនេះហើយគឺជាឆ្អឹងខ្នងដ៏សំខាន់ដែលអាចធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាមានភាពធន់ ដោយស្របជាមួយសម្ដេចតេជោ បានលើកឡើងពីការវិវឌ្ឍន៍នៃវិស័យអប់រំកម្ពុជាដែលផ្ដើមពីចំណុចសូន្យរហូតបានរីកចម្រើនដល់បច្ចុប្បន្ន។


ស្របជាមួយគ្នានេះ សម្ដេចតេជោ ក៏បានលើកឡើងពីការចូលរួមរបស់យូណេស្កូក្នុងការអភិរក្សនូវសម្បត្ដិបេតិកភណ្ឌទាំងរូបិយ និងអរូបិយក្នុងប្រទេសកម្ពុជា ហើយបានដាក់បញ្ជូលសម្បត្ដិបេតិកភណ្ឌពិភពលោក សម្ដេចតេជោ ស្នើដល់លោក Flavio Bonetti ឲ្យបន្ដជួយគាំទ្របន្ថែមទៀតពិសេសការការពារសម្បត្ដិបេតិកភណ្ឌរបស់កម្ពុជា និងបន្ដដាក់បញ្ជូលនូវសម្បត្ដិបេតិកភណ្ឌផ្សេងទៀតចូលជាសម្បត្ដិបេតិកភណ្ឌពិភពលោក។


ជាការឆ្លើយតប លោក Flavio Bonetti បានសម្ដែងក្ដីពេញចិត្ដជុំវិញការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ជាពិសេសពាក់ព័ន្ធ និងវិស័យអប់រំ ដោយយូណេស្កូបានគាំទ្រពេញទំហឹងជាមួយស្ថាប័នដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ពិសេសក្រសួងអប់រំដើម្បីពង្រឹងវិស័យនេះ បន្ថែមលើសពីនេះលោកបានលើកឡើងពីការបន្ដការគាំទ្រចំពោះការអភិរក្សនូវសម្បត្ដិបេតិកភណ្ឌ របស់កម្ពុជាទាំងរូបិយ និងអរូបិយ និងបន្ដជួយកម្ពុជាដាក់បញ្ជូលនូវសម្បត្ដិបេតិកភណ្ឌតទាំងនោះក្នុងសម្បត្ដិបេតិកភណ្ឌពិភពលោក។


ក្នុងពេលជំនួប លោក Flavio Bonetti និងសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពីសម្បត្ដិបេតិកភណ្ឌដែលត្រូវបានបំផ្លាញដោយសារសង្គ្រាមដែលកើតឡើងរវាងកម្ពុជា និងថៃ ដោយសម្ដេចតេជោ បានប្រាប់ទៅលោក Flavio Bonetti ថា សម្បត្ដិបេតិកភណ្ឌពិភពលោកត្រូវបានរងការបំផ្លិចបំផ្លាញជាពិសេសគឺប្រាសាទព្រះវិហារ ហើយស្របជាមួយគ្នានេះលោក Flavio Bonetti តំណាងអង្កការយូរណេស្កូ បានសម្ដែងក្ដីក្រៀមក្រំ និងសោកស្ដាយដែលឃើញសម្បត្ដិបេតិកភណ្ឌពិភពលោកត្រូវបានបំផ្លាញ ដោយលោកបានបញ្ជាក់ថា នឹងខិតខំប្រឹងប្រែងធ្វើកិច្ចការងារជាមួយស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាក្នុងការស្ដារឡើងវិញនូវការខូចខាតសម្បត្ដិបេតេកភណ្ឌទាំងនោះ៕


អត្ថបទ៖ ឈឹម ធីតា
រូបភាព៖ ង៉ាន់ សំណាង, ប៉ក់ សុឃីម