សង្គម

CDC រៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយផ្តោតលើការទប់ស្កាត់នៃការជ្រាបចូលសកម្មភាពខុសច្បាប់នេះ ទៅក្នុងតំបន់សេដ្ឋកិច្ចពិសេស

image


ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយផ្តោតលើការការពារ និងទប់ស្កាត់ការជ្រាបចូលនៃសកម្មភាពខុសច្បាប់ពាក់ព័ន្ធអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះទៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។

កិច្ចប្រជុំដែលដឹកនាំដោយលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានប្រព្រឹត្តទៅនៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ដោយមានការចូលរួមពីតំណាងអាជ្ញាធរមូលដ្ឋាន ក្រសួងពាក់ព័ន្ធ និងក្រុមហ៊ុនអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស។
កិច្ចប្រជុំនេះធ្វើឡើងតាមការណែនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងគោលបំណងពង្រឹងសន្តិសុខ និងលើកកម្ពស់បរិយាកាសវិនិយោគ តាមរយៈការបង្ក្រាបអំពើឆបោកអនឡាញដែលកំពុងក្លាយជាបញ្ហាប្រឈមថ្មីមួយ។

ក្នុងឱកាសនោះ លោកអគ្គលេខាធិការ ជា វុទ្ធី បានគូសបញ្ជាក់ថា កិច្ចប្រជុំផ្តោតលើរបៀបវារៈសំខាន់ពីរ គឺ ការផ្សព្វផ្សាយច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងអនុក្រឹត្យស្តីពីការគ្រប់គ្រងសន្តិសុខនៅតាមទីតាំងរស់នៅប្រមូលផ្តុំ ព្រមទាំងការជំរុញអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសឱ្យមានប្រសិទ្ធភាពខ្ពស់។

ជាមួយគ្នានេះ លោកបណ្ឌិត សរ សិនិរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជាបានធ្វើបទបង្ហាញលម្អិតអំពីខ្លឹមសារច្បាប់ និងកាតព្វកិច្ចរបស់ភាគីពាក់ព័ន្ធ ក្នុងការចូលរួមទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាជំហានសំខាន់ក្នុងការការពារទំនុកចិត្តវិនិយោគិន។
បន្ថែមពីនេះ ដោយអនុលោមតាមប្រសាសន៍ណែនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំសេចក្តីព្រាងលិខិតអះអាងអំពីការចូលរួមសហការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សម្រាប់ក្រុមហ៊ុនអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសទាំងអស់ ពិនិត្យ និងចុះហត្ថលេខា។

លោកអគ្គលេខាធិការ ជា វុទ្ធី បានគូសបញ្ជាក់ថា ការអះអាងជាលាយលក្ខ័ណ៍អក្សរនេះមិនមែនជាបន្ទុករដ្ឋបាលថ្មីសម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍តំបន់ទេ ប៉ុន្តែវាជាសក្ខីភាពបង្ហាញពីការប្តេជ្ញាចិត្ត និងឆន្ទៈយ៉ាងមោះមុតជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយគ្មានបង្អង់ដៃ និងគ្មានការលើកលែង ហើយវាក៏នឹងក្លាយជាឧបករណ៍ដ៏មានសារៈសំខាន់សម្រាប់ចូលរួមទាក់ទាញការវិនិយោគឱ្យចូលមកតំបន់របស់ខ្លួនបន្ថែមទៀតផងដែរ។

ទន្ទឹមនឹងនេះដែរ លោកអគ្គលេខាធិការ ក៏បានរំលឹកដល់ក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស ដែលពុំទាន់មានការអភិវឌ្ឍ ឱ្យរួសរាន់ចាប់ផ្តើមរៀបចំហេដ្ឋារចនាសម្ព័ន្ធចាំបាច់ផ្សេងៗសំដៅទាក់ទាញការវិនិយោគចូលក្នុងតំបន់របស់ខ្លួន ចៀសវាងការប្រឈមនឹងការដកហូតមកវិញនូវគោលការណ៍អភិវឌ្ឍន៍តំបន់ ស្របតាមបទប្បញ្ញត្តិជាធរមាន។

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា គិតត្រឹមខែមករា ឆ្នាំ២០២៦នេះ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន ៦១តំបន់ ក្នុងនោះមាន ៣៥តំបន់ បានដំណើរការ និង ២៧តំបន់ បានដាក់ឲ្យដំណើរការនូវយន្តការច្រកចេញចូលតែមួយនៅទីនោះ និងនៅសល់ប៉ុន្មានតំបន់ទៀត គឺកំពុងតែដំណើរការនៃការសាងសង់ផងដែរ។ បច្ចុប្បន្នតំបន់សេដ្ឋកិច្ចទាំងនេះ បានផ្តល់ឱកាសការងារប្រមាណ ២៤ម៉ឺនកន្លែង៕