រយៈពេល៤ខែនៃឆ្នាំ២០២៦ មន្រ្តីបរិស្ថានបានចុះល្បាតពង្រឹងការអនុវត្តច្បាប់ទប់ស្កាត់ និងបង្រ្កាបបានបទល្មើសធនធនធានធម្មជាតិ ១៧៨ករណីនៅក្នុងតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់
ព្រះវិហារ៖ មន្ត្រីជំនាញនៃក្រសួងបរិស្ថាន និងមន្ត្រីឧទ្យានុរក្ស និងមន្ទីរបរិស្ថាន ក្នុងភូមិសាស្ត្រខេត្តទាំង៤ (កំពង់ធំ, ព្រះវិហារ, ស្ទឹងត្រែង, និងក្រចេះ) រួមនឹងសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានពាក់ព័ន្និងសមាជិកនៃសហគមន៍តំបន់ការពារធម្មជាតិ នៅក្នុងភូមិសាស្ត្រខេត្តទាំង៤ រួមមាន កំពង់ធំ, ព្រះវិហារ, ស្ទឹងត្រែង, និងក្រចេះ បានបន្តចុះល្បាតទប់ស្កាត់ និងបង្ក្រាបបទល្មើស ដើម្បីការពារនិងអភិរក្សធនធានធម្មជាតិ នៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់។ ក្នុងរយៈ ពេល៤ខែ ខែឆ្នាំ២០២៦ គឺពីខែមករា ដល់ខែមេសា ឆ្នាំ២០២៦ ក្រុមការងារបានចុះល្បាត និងអនុវត្តច្បាប់បានចំនួន ៨៥៣លើក ដែលក្នុងនោះបានបង្រ្កាបបានបទល្មើសធនធានធម្មជាតិ សរុបចំនួន១៧៨ករណី ក្នុងមានបទល្មើសកាប់គាស់ រុករានដីព្រៃធ្វើជាកម្មសិទ្ធិ ចំនួន ១៣២ករណី បទល្មើសកាប់ឈើ ចំនួន២៥ករណី បទល្មើសចាប់សត្វព្រៃចំនួន ១៨ករណី បទល្មើសរ៉ែខុសច្បាប់ចំនួន២ករណី និងបទល្មើសនេសាទ ចំនួន១ករណី។ ក្នុងរយៈពេលដូចគ្នានេះដែរ សមត្ថកិច្ចបានចាត់ការកសាង និងបញ្ជូនសំណុំរឿងចំនួន ៨៣ករណីទៅតុលាការ ក្នុងនោះមានជនសង្ស័យចំនួន ១៣នាក់។ ជាមួយគ្នានេះ មន្រ្តីឧទ្យានុរក្សបានដកហូតវត្ថុតាងចាប់យកមួយចំនួនច្រើនផ្សេងទៀតបាន មករក្សាទុកនៅតាមស្នាក់ការល្បាត ដើម្បីបន្តនីតិវិធីច្បាប់។
សូមបញ្ជាក់ថា នៅក្នុងរយៈពេល៤ ខែដើមឆ្នាំ២០២៦ នៅតាមតំបន់ការពារធម្មជាតិ នៃប្រទេសកម្ពុជា មមន្ត្រីឧទ្យានុរក្សបានចុះឡ្បាតអនុវត្តច្បាប់ បានចំនួន ៤ ០៤៨លើក និងបានបង្ក្រាបបទល្មើសធនធានធម្មជាតិសរុបចំនួន ៧១៨ករណី ក្នុងមានបទល្មើសកាប់គាស់ រុករាន ដីព្រៃធ្វើជាកម្មសិទ្ធិ ចំនួន ១៩៨ករណី បទល្មើសព្រៃឈើ ចំនួន២២៨ករណី បទល្មើសចាប់សត្វព្រៃចំនួន ១៨២ ករណី បទល្មើសរ៉ែខុសច្បាប់ចំនួន៨ករណី និងបទល្មើសនេសាទ ចំនួន១០២ ករណី។ ជាមួយគ្នានេះសមត្ថកិច្ចក្រសួអបរិស្ថាន រឹបអូសរណាយន្ត រថយន្ត គោយន្ត និងម៉ូតូ ដោះអន្ទាក់ និងដកហូតនិងរឹបអូសកាំភ្លើងកែច្នៃបានមួយចំនួន។
លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា នេះគឺជាកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីឧទ្យានុរក្ស និងការចូលរួមសហការពីអ្នកពាក់ព័ន្ធ ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិនៅតាមតំបន់ការពារធម្មជាតិ ឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។
ទោះយ៉ាងណា មន្រ្តីឧទ្យានុរក្សបន្តមានការតាំងចិត្តខ្ពស់ក្នុងការទប់ស្កាត់ និងបង្ក្រាបយ៉ាងហ្មឺងម៉ាត់ប្រឆាំងនឹងបទល្មើសធនធានធម្មជាតិ ស្របតាមក្រមបរិស្ថាន និងធនធានធម្មជាតិ ជាមួយការគាំទ្រលើកទឹកចិត្ត និងពង្រឹងសមត្ថភាពក្នុងការប្រើប្រាស់ជំនាញ បច្ចេកវិទ្យា បំពាក់សម្ភារ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថាន និងដៃគូអភិវឌ្ឍនានា។ ក្នុងពេលជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្ដទុកដាក់ខ្ពស់លើការរៀបចំ និងពង្រឹងយន្ដការគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ តាមរយៈការជួយលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ នៅតាមសហគមន៍មូលដ្ឋានបន្ថែមទៀត ដោយបានបង្កើតមុខរបរថ្មី បង្កើតសេដ្ឋកិច្ចនៅមូលដ្ឋាន បង្កើនចំណូល ពីគម្រោងអភិវឌ្ឍន៍គោលដៅលម្ហែបៃតង៕