សង្គម

លោក ជា សុមេធី ណែនាំដល់មន្ត្រីសង្គមកិច្ច និងមូលនិធិជនពិការខេត្តព្រៃវែង យកចិត្តទុកដាក់បំពេញតួនាទី និងភារកិច្ច ដើម្បីបម្រើផលប្រយោជន៍ជនរងគ្រោះ និងងាយរងគ្រោះ

image


ព្រៃវែង៖ លោក ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានណែនាំដល់មន្ត្រីសង្គមកិច្ច និងមូលនិធិជនពិការខេត្តព្រៃវែង ត្រូវយកចិត្តទុកដាក់បំពេញតួនាទី ភារកិច្ច ក្នុងការដឹកនាំ និងសម្របសម្រួលការងាររវាងថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ ដើម្បីអនុវត្តការងារបម្រើឱ្យផលប្រយោជន៍ជនរងគ្រោះ និងងាយរងគ្រោះឱ្យមានប្រសិទ្ធភាពខ្ពស់។

ការណែនាំនេះ បានធ្វឡើងនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ក្នុងពិធីប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គម ខេត្តព្រៃវែង និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សាខាមូលនិធិជាតិជំនួយសង្គម និងសាខាមូលនិធិជនពិការខេត្តព្រៃវែង។

លោករដ្ឋមន្ត្រី ជា សុមេធី ក៏បានណែនាំឱ្យត្រូវសហការ និងមានទំនាក់ទំនងល្អជាមួយគ្រប់អង្គភាពជំនាញរបស់ក្រសួង រដ្ឋបាលខេត្ត អាជ្ញាធរ មូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងអង្គភាពជំនាញនានាជុំវិញខេត្ត ជាពិសេសរវាងមន្ទីរសង្គមកិច្ច ជាមួយសាខាមូលនិធិជាតិជំនួយសង្គមខេត្ត និងសាខាមូលនិធិជនពិការខេត្ត ក្នុងការបំពេញតួនាទី ភារកិច្ច និងការងាររបស់ខ្លួន។
ក្រៅពីនេះ ត្រូវសហការជាមួយអនុគណៈកម្មការគ្រប់គ្រងការងារជនអនាថាខេត្ត រដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន ដើម្បីចាត់ចែងការងារជនអនាថា ជនវិបល្លាសស្មារតី អ្នកសុំ ទានតាមទីសាធារណៈ ដែលបង្កឱ្យមានភាពអនាធិបតេយ្យ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងវិស័យទេសចរណ៍របស់ខេត្ត ។

ក្នុងភាពជាអ្នកដឹកនាំ លោករដ្ឋមន្ត្រី ជា សុមេធី ក៏បានណែនាំត្រូវមានវិន័យ មានការទទួលខុសត្រូវ ចេះរៀបចំយុទ្ធសាស្ត្រ ដឹកនាំ អនុវត្ត ត្រួតពិនិត្យកិច្ចការ ចេះប្រមូលកម្លាំង ដឹងពីសុខទុក្ខ និងចេះលើកទឹកចិត្តមន្ត្រីក្រោមឱវាទ ដើម្បីសម្រេចឱ្យបាននូវគោលដៅ និងការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ថា លោក អូម បណ្ឌិត ត្រូវបានប្រកាសជាប្រធានសមាសភាពសាខាមូលនិធិជាតិជំនួយសង្គម ខេត្តព្រៃវែងនិងអនុប្រធាន១រូបនិងសមាជិកមួយចំនួនទៀតផងដែរ៕
អត្ថបទ៖ តែ ផានិត