ចាប់ខ្លួនមនុស្ស ២១២នាក់ នៅត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ពាក់ព័ន្ធឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ត្បូងឃ្មុំ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំច ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្ត និងលោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះធ្វើរដ្ឋបាលចំហរត្រួតពិនិត្យតាមផ្ទះល្វែង ផ្ទះវីឡា និងអគារដែលមានការសង្ស័យលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ស្ថិតក្នុងភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦។
ប្រតិបត្តិការនេះ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ប៉ែន កុសល្យ អភិបាលខេត្ត និងជាប្រធានគណៈ បញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ដោយមានការសម្របសម្រួលនីតិវិធីដោយលោក ងិន ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ។
ក្នុងប្រតិបត្តិការខាងលើ កម្លាំងចម្រុះខេត្តត្បូងឃ្មុំ បានចុះទៅឃើញទីតាំងមួយ ដែលពាក់ព័ន្ធលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams ) និង២ទីតាំងទៀត មានជនបរទេសរស់នៅប្រមូលផ្ដុំ។ ក្នុងរង្វង់ប្រតិបត្តិការនេះ កម្លាំងជំនាញបានឃាត់ខ្លួនមនុស្សប្រមាណ២១២នាក់ (ស្រី៣៩នាក់) ក្នុងនោះមានជនជាតិចិន ១៩២នាក់ (ស្រី២៤នាក់) ជនជាតិមីយ៉ាន់ម៉ា ស្រី៣នាក់ ជនជាតិវៀតណាម ១០នាក់ (ស្រី៧នាក់) និងជនជាតិខ្មែរ៧នាក់ (ស្រី៥នាក់)។
បច្ចុប្បន្នសមត្ថកិច្ចកំពុងបន្តនីតិវិធី ដើម្បីកំណត់មុខសញ្ញាអ្នកដែលពាក់ព័ន្ធបទល្មើស អ្នកដែលមិនជាប់ពាក់ព័ន្ធ និងស្រាវជ្រាវរកទីតាំងលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បន្តទៀត៕