សង្គម

អភិបាលខេត្តត្បូងឃ្មុំ ដឹកនាំកម្លាំងចម្រុះបើកយុទ្ធនាការទ្រង់ទ្រាយធំ បង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នៅស្រុកពញាក្រែក

image


ត្បូងឃ្មុំ៖ លោក ប៉ែន កុសល្យ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ បានដឹកនាំផ្ទាល់កម្លាំងចម្រុះខេត្ត សហការជាមួយកម្លាំងជំនាញនៃនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចុះអនុវត្តប្រតិបត្តិការរដ្ឋបាលចំហ ដើម្បីត្រួតពិនិត្យ និងបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យា (Online Scam) នៅក្នុងភូមិសាស្ត្រស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាថ្ងៃទី ២៩ ខែមេសា។
ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្ត, កម្លាំងចម្រុះ បានធ្វើការរុករក និងត្រួតពិនិត្យយ៉ាងហ្មត់ចត់តាមខ្នងផ្ទះល្វែង វីឡា និងអគារនានា ក្នុងភូមិត្រពាំងផ្លុងទី ១ ឃុំត្រពាំងផ្លុង ដែលជាតំបន់ជាប់ព្រំដែនកម្ពុជា-វៀតណាម។

ជាលទ្ធផលបឋមនៃប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញទីតាំងចំនួន ១កន្លែង មានសកម្មភាពលួចលាក់ប្រព្រឹត្តបទល្មើសបច្ចេកវិទ្យា (Online Scam) ជាក់ស្តែង។ ទីតាំងចំនួន ២កន្លែង រកឃើញមានជនបរទេសស្នាក់នៅប្រមូលផ្ដុំគ្នា ដែលតម្រូវឱ្យមានការត្រួតពិនិត្យឯកសារ និងសកម្មភាពឱ្យបានលម្អិត។

លោក ប៉ែន កុសល្យ បានបញ្ជាក់ពីគោលជំហរដាច់ខាតក្នុងការគាំទ្រ និងអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការកម្ចាត់រាល់ការឆបោកតាមប្រព័ន្ធអនឡាញ ។

លោកបានបញ្ជាក់ថា “ខេត្តត្បូងឃ្មុំ មិនមែនជាទីជម្រកសុវត្ថិភាពរបស់ជនល្មើសឡើយ តែគឺជាឋាននរករបស់ឧក្រិដ្ឋជនទាំងឡាយណា ដែលបម្រុងមកបង្កគ្រោះថ្នាក់ដល់សន្តិសុខសង្គម”។ បន្ថែមលើសពីនេះ រដ្ឋបាលខេត្តបានដាក់ចេញនូវវិធានការណ៍ក្តៅ ដោយដាក់កម្លាំងប្រចាំការ ២៤ ម៉ោងលើ ២៤ម៉ោង នៅតាមច្រកចេញ-ចូលនៃទីតាំងគោលដៅសរុបចំនួន ៩កន្លែង ក្នុងនោះមានកាស៊ីណូមានអាជ្ញាបណ្ណ ៤កន្លែង និងការដ្ឋានសាងសង់-មណ្ឌលអាជីវកម្ម ៥កន្លែងដើម្បីទប់ស្កាត់ដាច់ខាត មិនឱ្យមានលំហូរចូលថ្មីនៃជនបរទេស ដែលអាចមកបម្រើឱ្យសកម្មភាពខុសច្បាប់។

ទីតាំងទាំង ៩ ដែលស្ថិតក្រោមការឃ្លាំមើលយ៉ាងតឹងរ៉ឹងបំផុតរួមមាន  កាស៊ីណូ៖ GRAND GOLDEN, XAMAT, រ៉ុងស៊ីងទីរីសត និង ឃីងរូស្ទ័រអេនធើធេនម៉ិន, តំបន់សេដ្ឋកិច្ច និងការដ្ឋាន ទីតាំង ប៉ាយ អ៊ុ សួនឧស្សាហ៍កម្មផ្លូវ៧២ ការដ្ឋានភូមិបុស្សចេក ទីតាំង ជើង ពី (GOLDBI RESORT) និង ការដ្ឋាន២៦០។

បើគិតមកត្រឹមថ្ងៃទី២៩ ខែមេសានេះ ស្ថានការណ៍ទូទៅនៅក្នុងភូមិសាស្ត្រដែលបានចុះត្រួតពិនិត្យ គឺស្ថិតក្រោមការគ្រប់គ្រងទាំងស្រុងរបស់សមត្ថកិច្ច ហើយពុំទាន់មានបាតុភាពមិនប្រក្រតីណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ ក្នុងនោះ សមត្ថកិច្ចជំនាញ កំពុងបន្តនីតិវិធីស្រាវជ្រាវ ដើម្បីកំណត់មុខសញ្ញាពាក់ព័ន្ធ និងពង្រីកវិសាលភាពនៃការបង្ក្រាបឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បំផុត៕
អត្ថបទ៖ សុខ ផន