ព័ត៌មានអន្តរជាតិ

ប្រធាន IAEA សង្កត់ធ្ងន់ថា ការទប់ស្កាត់ការរីកសាយភាយអាវុធនុយក្លេអ៊ែរ គឺជាកាតព្វកិច្ចរួមរបស់ប្រទេសទាំងអស់នៅលើពិភពលោក

image


សហរដ្ឋអាម៉េរិក៖ លោក រ៉ាហ្វាអ៊ែល ហ្គ្រូស៊ី (Rafael Grossi) ប្រធានទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ហៅកាត់ថា IAEA បានសង្កត់ធ្ងន់ថា ការទប់ស្កាត់ការរីកសាយភាយអាវុធនុយក្លេអ៊ែរ គឺជាកាតព្វកិច្ចរួមរបស់ប្រទេសទាំងអស់នៅលើពិភពលោក។ លោកបានជំរុញឱ្យសហគមន៍អន្តរជាតិបង្កើនការយកចិត្តទុកដាក់លើការគោរពច្បាប់អន្តរជាតិ និងកាត់បន្ថយចំនួនអាវុធដ៏មហន្តរាយនេះ ដើម្បីធានាបាននូវសន្តិសុខសកល ចំពេលដែលពិភពលោកកំពុងប្រឈមនឹងជម្លោះ និងភាពតានតឹងផ្នែកនយោបាយយ៉ាងខ្លាំង ។

ចំពោះកម្មវិធីអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ទីភ្នាក់ងារ IAEA កំពុងតាមដានយ៉ាងដិតដល់លើទីតាំងថ្មីមួយដែលអ៊ីរ៉ង់ទើបតែបានប្រកាស។ ទោះបីជាទទួលបានការអនុញ្ញាតឱ្យចូលពិនិត្យក៏ដោយ ប៉ុន្តែសកម្មភាពត្រួតពិនិត្យជាក់ស្ដែង ត្រូវបានរារាំងដោយសារស្ថានភាពអរិភាពដែលកំពុងកើតមាននាពេលបច្ចុប្បន្ន។ ភាពមិនច្បាស់លាស់នេះ បានបង្កជាក្តីព្រួយបារម្ភថា តើទីតាំងនោះ ត្រូវបានប្រើប្រាស់សម្រាប់គោលដៅសន្តិភាព ឬកំពុងរៀបចំឧបករណ៍សម្រាប់ផលិតអាវុធនុយក្លេអ៊ែរ ។

ជម្លោះយោធានៅតាមតំបន់ផ្សេងៗ ជាពិសេសរវាងរុស្ស៊ី និងអ៊ុយក្រែន បានក្លាយជាឧបសគ្គដ៏ធំដល់ការឃ្លាំមើលសុវត្ថិភាពនុយក្លេអ៊ែរ។ លោក Grossi បានបញ្ជាក់ថា IAEA កំពុងព្យាយាមសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ រួមមានរុស្ស៊ី និងសហរដ្ឋអាម៉េរិក ដើម្បីការពារកុំឱ្យមានគ្រោះថ្នាក់នុយក្លេអ៊ែរណាមួយកើតឡើងនៅក្នុងតំបន់ជម្លោះ។ សុវត្ថិភាពនៃរោងចក្រថាមពលនុយក្លេអ៊ែរក្នុងកាលៈទេសៈសង្គ្រាម គឺជាអាទិភាពខ្ពស់បំផុតដែលមិនអាចធ្វេសប្រហែសបានឡើយ ។

សេចក្តីថ្លែងការណ៍របស់លោក Grossi ធ្វើឡើងដើម្បីត្រៀមលក្ខណៈសម្រាប់សន្និសីទត្រួតពិនិត្យសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ឬហៅកាត់ថា NPT ដែលនឹងប្រព្រឹត្តទៅនៅឆ្នាំ ២០២៦ ខាងមុខ។ វាគឺជាការរម្លឹកដល់មហាអំណាចនុយក្លេអ៊ែរ និងប្រទេសសមាជិកទាំងអស់ឱ្យវិលមករកតុចរចា និងប្រកាន់ខ្ជាប់នូវគោលការណ៍សន្តិភាព ដើម្បីបញ្ចៀសនូវវិនាសកម្មនុយក្លេអ៊ែរដែលប៉ះពាល់ដល់មនុស្សជាតិទាំងមូល ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ (Sepahnews via AP)