អភិបាលខេត្តកំពង់ស្ពឺ ណែនាំជាថ្មីដល់សមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរក្រុង ស្រុក ត្រូវបង្កើនការផ្សព្វផ្សាយ និងបង្ក្រាបឱ្យបានរាល់ទីតាំងឆបោកតាមប្រព័ន្ធអនឡាញ
កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ លោក ជាម ច័ន្ទសោភ័ណ បានធ្វើការណែនាំជាថ្មីទៅដល់សមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរក្រុង ស្រុកឱ្យបង្កើនការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយពីផលប៉ះពាល់ និងទោសទណ្ឌនៃច្បាប់ទៅដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលមានអាគារ ផ្ទះសំណាក់ ឬទីតាំងជួលទៅឱ្យជនបរទេស ដើម្បីប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ(Scams online)។ ការណែនាំជាថ្មីនេះធ្វើឡើងក្នុងកិច្ចប្រជុំគណបញ្ជាការឯកភាពខេត្តនាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ។
លោក ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពយូរអង្វែង និងពង្រឹងជំនឿទុកចិត្តក្នុងសង្គម សម្ដេចធិបតីក៏បានដាក់ចេញនូវបទបញ្ជាម៉ឺងម៉ាត់ ដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវបន្តសកម្មភាពបង្ក្រាបបទល្មើសបច្ចេកវិទ្យានេះជាប្រចាំ ដោយមិនត្រូវទុកចន្លោះឱ្យជនល្មើស មានឱកាសបន្តសកម្មភាពបោកប្រាស់បានឡើយ ក្នុងនោះសម្តេចក៏បានសង្កត់ធ្ងន់ថា រាល់ការអនុវត្តច្បាប់ត្រូវតែមានប្រសិទ្ធភាពបំផុត និងតឹងរ៉ឹងបំផុត។ ជនដែលពាក់ព័ន្ធក្នុងបទល្មើសអនឡាញ ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ដោយគ្មានការយោគយល់ ឬលើកលែងក្នុងករណីណាមួយនោះទេ។
លោក ជាម ច័ន្ទសោភ័ណ ក៏បានបញ្ជាក់បន្ថែមថា តាមរយៈបទបញ្ជានេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានបង្ហាញសាជាថ្មីនូវការប្តេជ្ញាចិត្តខ្ពស់ក្នុងការសម្អាត និងបង្ក្រាបរាល់ទម្រង់នៃបទល្មើសបច្ចេកវិទ្យា ដើម្បីលើកកម្ពស់សន្តិសុខឌីជីថល និងសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងប្រទេសឱ្យកាន់តែប្រសើរឡើង។ ក្រោយទទួលបានបទបញ្ជានេះ រដ្ឋបាលរាជធានី ខេត្ត បានបើកប្រតិបត្តិការជាបន្តបន្ទាប់លើទីតាំងបទល្មើសឆបោកនេះ ដោយក្នុងនោះបានឃាត់ខ្លួនជនបរទេសរាប់ម៉ឺននាក់ និងរឹបអូសឧបករណ៍ប្រព្រឹត្តបានយ៉ាងច្រើន។ ក្រោយប្រតិបត្តិការក្តៅរបស់អាជ្ញាធរ និងសមត្ថកិច្ចរបស់រាជធានី ខេត្ត ក្រុមជនបរទេសបានបំបែករូបភាពនៃការប្រមូលផ្តុំទ្រង់ទ្រាយធំដែលមនុស្សច្រើនលើទីតាំងធំ មកជារូបភាពតូចៗនៅតាមផ្ទះសំណាក់ ផ្ទះជួល ឬទីតាំងជួលរបស់ប្រជាពលរដ្ឋជំនួសវិញតែបង្កើតបទល្មើសដើម្បីបង្ក្រាបឱ្យបានដល់ឬសគល់នៃបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ(Scams online) អាជ្ញាធរក្រុងស្រុក សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវបង្កើនការចុះផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងដល់មូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសអ្នកដែលមានផ្ទះសំណាក់ ផ្ទះជួល អាគារស្នាក់នៅនិងទីតាំងជួលអំពីហានិភ័យ ទោសទណ្ឌ និងការផាកពិន័យធ្ងន់ធ្ងរគ្រាដែលទទួល ឬជួលឱ្យជនបរទេសស្នាក់នៅប្រព្រឹត្តបទល្មើសឆបោក។
ក្រៅពីនេះត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការជួលអគារ ផ្ទះ កន្លែងស្នាក់នៅផ្សេងៗដល់ជនបរទេស ជាពិសេសត្រូវពិនិត្យឯកសារនានា ធ្វើកិច្ចសន្យាឱ្យបានត្រឹមត្រូវមុនពេលជួលឱ្យ ចៀសវាងមានការជាប់ពាក់ព័ន្ធបទល្មើស Scam Online និងត្រូវសង្កេតចាប់អារម្មណ៍ចំពោះអ្នកស្នាក់នៅជាក្រុម មានភ្ជាប់ Internet ទំហំធំៗ គួរឱ្យសង្ស័យ និងសុំឱ្យមានវិធានការចុះត្រួតពិនិត្យ និងបង្ក្រាបបានទាន់ពេលវេលា៕
អត្ថបទ៖ ប៊ុត សារុន