សង្គម

ជនបរទេសដែលគេចខ្លួនពីការបង្ក្រាបទីតាំងScams online ជាច្រើននាក់ ត្រូវបានឃាត់ខ្លួន ខណៈជម្លៀសតាមរថយន្តចូលខេត្តកំពង់ស្ពឺ

image


កំពង់ស្ពឺ៖ ខណៈមានការបង្ក្រាបទីតាំង Scams online យ៉ាងក្តៅគគុកនៅតាមបណ្តាខេត្តនានា ពិសេសនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជនបរទេសដែលគេចខ្លួនចេញពីទីតាំងបង្ក្រាបទាំងនោះបានធ្វើការចល័តទៅតាមបណ្តាមួយចំនួនដែលពួកគេគិតថាអាចមានសុវត្ថិភាពពីការចាប់នេះ។ ក្នុងនោះខេត្តកំពង់ស្ពឺគឺជាខេត្តគោលដៅមួយដែលក្រុមឧក្រិដ្ឋជនបរទេសទាំងនេះបានកំណត់ជាកន្លែងលាក់ខ្លួនដ៏មានសុវត្ថិភាពផងដែរ។ ផ្ទុយទៅវិញកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ បានបើកប្រតិបត្តិការពិនិត្យ និងទប់ស្កាត់ការចល័តនេះ។

ជាក់ស្តែងនាយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ លោកឧត្ដម សេ នីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំព ង់ស្ពឺ បានដឹកនាំកម្លាំងចុះអន្ដរាគមន៍ និងប្រតិបត្ដិការ បង្រ្កាប ទប់ស្កាត់ការចល័តរបស់ជនបរទេសតាមមធ្យោបាយផ្សេងមកពី តំបន់មួយចំនួនដែលត្រូវបានកងកម្លាំងនគរបាលបេីកប្រតិបត្ដិការបង្រ្កាប ។ ក្នុងប្រតិបត្តិការនេះដែរ កម្លាំងជំនាញបានធ្វើការឆែកឆេរ ត្រួតពិនិត្យនូវគ្រប់មធ្យោបាយដឹកជញ្ជូនទាំងអស់ ដោយបានធ្វើការឃាត់ខ្លួនជនបរទេសជាច្រើននាក់បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត។

ជាមួយនឹងប្រតិបត្តិការខាងលើ លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា យោងតាមបទបញ្ជាម៉ឺងម៉ាត់របស់ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ខេត្តនេះនឹងត្រូវបានបោសសំអាតរាល់បទល្មើសនានាពិសេសគឺScams online។ រាល់ការចរាចរ ការស្នាក់នៅរបស់ជនបរទេសត្រូវបានត្រួតពិនិត្យយ៉ាងតឹងរឹង។

ពាក់ព័ន្ធនឹងបញ្ហានេះពលរដ្ឋដែលមានអាគារ ផ្ទះសំណាក់ឬទីតាំងជួលទៅឱ្យជនបរទេសទាំងអស់ត្រូវចូលរួមសហការនិងរាយការណ៍ដល់អាជ្ញាធរ ឬសមត្ថកិច្ចដើម្បីត្រួតពិនិត្យ និងទប់ស្កាត់ទាន់ពេលវេលា ធ្វើយ៉ាងណាចូលរួមបង្រ្កាបបទល្មេីស ឆបោកតាមប្រព័ន្ធបច្ចេ កវិទ្យា ( Online Scams ) ឱ្យអស់ពីកម្ពុជា ៕
អត្ថបទ៖ ប៊ុត សារុន