គ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ ទាំងកណ្តាលយប់ នៅខណ្ឌដង្កោ
ភ្នំពេញ៖ ក្មេងស្រីវ័យ ៦ឆ្នាំម្នាក់បានស្លាប់ ក្រោយពេលបញ្ជូនទៅពេទ្យ បន្ទាប់ពីម៉ូតូ១គ្រឿងបើកបុក ធ្លាក់ពីលើរ៉ឺម៉ក កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅផ្លូវបេតុងទួលពង្រ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករ៉ឺម៉កលក់ស្លាបមាន់ ជើងមាន់ បានធ្វើដំណើរដឹកគ្រួសាររបស់គាត់ រួមមាន ប្រពន្ធ និងកូន២នាក់ស្រី ម្នាក់អាយុ៦ខែ ម្នាក់អាយុ ៦ឆ្នាំ ត្រលប់ទៅផ្ទះវិញ។ លុះពេលធ្វើដំណើរតាមបណ្តោយផ្លូវបេតុងទួលពង្រ ទិសដៅពីកើតទៅលិច ស្រាប់តែមានបុរសម្នាក់ បើកម៉ូតូក្នុងល្បឿនលឿន ជ្រុលមកបុករ៉ឺម៉កខាងលើទាំងកំរោល បណ្តាលឲ្យធ្លាក់ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ រងរបួសធ្ងន់ និងត្រូវបានក្រុមគ្រួសារនាំគ្នាបញ្ជូនទៅពេទ្យភ្លាមៗ តែជាអកុសលបានបាត់បង់ជីវិតក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យ។
ក្រោយកើតហេតុ ម៉ូតូ និងរ៉ឺម៉ក ត្រូវបានសមត្ថកិច្ចជំនាញ ធ្វើការវាស់វែងយកទៅរក្សាទុក រង់ចាំដោះស្រាយតាមនីតិវិធីច្បាប់នៅពេលក្រោយ ខណ:ម្ចាស់ម៉ូតូរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដូចគ្នា។ ចំណែកសពក្មេងស្រីរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ៕
អត្ថបទ៖ រដ្ឋ រង្សី