មេខ្លោងជនជាតិឥណ្ឌូណេស៊ី ត្រូវចាប់ខ្លួននៅភូកេតតាមសំណើរបស់ FBI ក្រោយឆបោកលុយពលរដ្ឋអាម៉េរិក ១០លានដុល្លារ
ប្រទេសថៃ៖ មេខ្លោងឆបោកជនជាតិឥណ្ឌូណេស៊ី អាយុ ៣៣ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួន នៅក្នុងតំបន់ទេសចរណ៍ដ៏ល្បីល្បាញនៃទីក្រុងភូកេត ប្រទេសថៃ កាលពីថ្ងៃសុក្រសប្ដាហ៍មុន ក្រោយអាជ្ញាធរក្នុងស្រុកទទួលបានព័ត៌មានសម្ងាត់ពីការិយាល័យស៊ើបអង្កេតសហព័ន្ធអាម៉េរិក (FBI)។ ជនសង្ស័យរូបនេះ ត្រូវបានចោទប្រកាន់ពីបទឆបោកប្រាក់ពីប្រជាជនអាម៉េរិកយ៉ាងច្រើនសន្ធឹកសន្ធាប់ ។
ជនសង្ស័យ បានប្រើប្រាស់ល្បិចកលដោយជួលតារាម៉ូដែលឱ្យប្រើសម្រស់មកលួងលោមជនរងគ្រោះតាមបណ្ដាញសង្គម និងកម្មវិធីស្វែងរកគូស្រករ។ ការប្រើរូបភាពជឿជាក់ និងការសន្យាពីការទទួលបានប្រាក់ចំណេញយ៉ាងច្រើនសន្ធឹកសន្ធាប់ និងក្នុងរយៈពេលដ៏ខ្លី បានធ្វើឱ្យជនជាតិអាម៉េរិកជាច្រើនធ្លាក់ក្នុងអន្ទាក់ ហើយបាត់បង់ប្រាក់សរុបប្រហែល ១០ លានដុល្លារ តាមរយៈគម្រោងវិនិយោគបោកប្រាស់ ។
មុនពេលត្រូវចាប់ខ្លួននៅប្រទេសថៃ ជនសង្ស័យរូបនេះ បានគ្រប់គ្រងប្រតិបត្តិការបញ្ជារបស់ខ្លួនចេញពីទីក្រុងឌូបៃ។ ស្ថានភាពនេះ បង្ហាញថាបណ្ដាញឧក្រិដ្ឋកម្មអនឡាញលែងមានព្រំដែនទៀតហើយ ដោយមេខ្លោងអាចស្ថិតនៅប្រទេសណាមួយ ប៉ុន្តែអ្នកដែលត្រូវចាញ់បោក និងសកម្មភាពបោកប្រាស់ជាក់ស្ដែង គឺកើតឡើងនៅពាសពេញពិភពលោកតែម្ដង ។
ការចាប់ខ្លួននេះ គឺជាជោគជ័យមួយនៃកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមអនឡាញ។ បច្ចុប្បន្ន ជនសង្ស័យកំពុងស្ថិតក្រោមការឃុំខ្លួននៅក្នុងទីក្រុងបាងកក ដោយរង់ចាំនីតិវិធីបញ្ជូនខ្លួនទៅកាន់សហរដ្ឋអាម៉េរិក ដើម្បីប្រឈមមុខនឹងការកាត់ទោសតាមផ្លូវច្បាប់ចំពោះទង្វើដែលខ្លួនបានសាងឡើង ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ South China Morning Post | រូបភាព៖ Mizzima News Media/ The Sun Daily/ (Daniel Naupold/EPA)