អភិបាលរាជធានីភ្នំពេញ ចែករំលែកបទពិសោធន៍នៃការអភិវឌ្ឍរាជធានីភ្នំពេញ ដល់អភិបាលក្រុងតូក្យូ ប្រទេសជប៉ុន
ក្រុងតូក្យូ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានចូលជួបពិភាក្សាការងារជាមួយ លោកស្រី យូរីកូ កូអ៊ីកេ អភិបាលក្រុងតូក្យូ នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសដែលលោកទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព (3rd G-NETS Leaders Summit) នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងពីទីក្រុងតូក្យូមកថា នៅក្នុងកិច្ចពិភាក្សាការងារជាមួយ លោកស្រី យូរីកូ កូអ៊ីកេ អភិបាលក្រុងតូក្យូ អភិបាលរាជធានីភ្នំពេញ បានជម្រាបជូនលោកស្រីអំពីស្ថានភាពរបស់រាជធានីភ្នំពេញចាប់តាំងពីពេលកកើតរហូតដល់ពេលបច្ចុប្បន្ន ជាពិសេសអំពីការកសាងអភិវឌ្ឍន៍រាជធានី ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ប៉ិនប្រសប់ និងគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលជាថ្នាក់ដឹកនាំបន្តវេនវ័យក្មេង ប្រកបដោយសមត្ថភាព បញ្ញាញាណ និងថាមពល បាននិងកំពុងបន្តផ្តោតការយកចិត្តទុកដាក់ខ្ពស់ថែរក្សាសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាបុរេលក្ខខណ្ឌ ដើម្បីធានាដល់ការអភិវឌ្ឍជាតិមាតុភូមិរហូតមកដល់សព្វថ្ងៃ។
អភិបាលរាជធានីភ្នំពេញ បានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោអតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតីនាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត បណ្តាញប្រឡាយលូ ប្រព័ន្ធគ្រប់គ្រងទឹកកខ្វក់ ការគ្រប់គ្រងសំណល់រឹង ការគ្រប់គ្រងចរាចរណ៍ និងការរក្សាអនាម័យនៅតាមបណ្តោយដងទន្លេផងដែរ សម្តៅធ្វើយ៉ាងណាឲ្យរាជធានីភ្នំពេញមានសោភណភាពស្រស់ស្អាត បរិយាកាសរស់នៅល្អ និងមានភាពធន់ទៅនឹងគ្រោះធម្មជាតិ ជំនន់ទឹកភ្លៀង និងគ្រោះមហន្តរាយផ្សេងៗ ព្រមទាំងការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងទីក្រុងតាមបែបឆ្លាតវៃ តាមរយៈការបំពាក់នូវកាមេរ៉ាឆ្លាតវៃនៅតាមដងផ្លូវ ដែលមានសមត្ថភាពខ្ពស់ក្នុងការថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ទីក្រុង។ កិច្ចការស្តារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធខាងលើក៏ត្រូវបានចូលរួមចំណែកយ៉ាងជិតស្និទ្ធពីសំណាក់រដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារ JICA ដែលបានផ្តល់នូវគម្រោងហិរញ្ញប្បទានឥតសំណងជាច្រើនគម្រោង ដើម្បីរួមចំណែកធ្វើឲ្យរាជធានីភ្នំពេញមានការអភិវឌ្ឍប្រកបដោយចីរភាព។
ជាកិច្ចឆ្លើយតប លោកស្រីអភិបាលក្រុងតូក្យូ បានជម្រាបជូនលោកអភិបាលរាជធានីភ្នំពេញអំពីគោលបំណងដែលទីក្រុងតូក្យូបង្កើតឱ្យមានព្រឹត្តិការណ៍ G-NETS ចាប់តាំងពីឆ្នាំ២០២២ មក ដើម្បីជំរុញចំណងការទូតរវាងទីក្រុង និងទីក្រុងក្នុងសកលលោក ដោយអនុញ្ញាតឱ្យទីក្រុងនានាប្រើប្រាស់វេទិកានេះដើម្បីចែករំលែកចំណេះដឹង ជំនាញបច្ចេកទេស សាកល្បងបច្ចេកវិទ្យាច្នៃប្រឌិត និងសហការលើគោលនយោបាយកម្រិតខ្ពស់ ក្នុងការដោះស្រាយបញ្ហាប្រឈមជាសកល និងបង្កើតអនាគតទីក្រុងរួមគ្នាប្រកបដោយនិរន្តរភាព ភាពធន់ និងបរិយាប័ន្ន ហើយលោកស្រីសង្ឃឹមថា រដ្ឋបាលរាជធានីភ្នំពេញ អាចការចែករំលែកនូវបទពិសោធន៍ និងចំណេះដឹងរបស់ខ្លួនជាមួយបណ្តាទីក្រុងជាសមាជិកផ្សេងទៀត ព្រមទាំងទទួលបាននូវបទពិសោធន៍ថ្មីៗបន្ថែមទៀតទាក់ទងនឹងការដោះស្រាយគ្រោះមហន្តរាយ ពីការចូលរួមក្នុងកម្មវិធីនេះ៕