ព័ត៌មានអន្តរជាតិ

កម្ដៅក្ដៅខ្លាំង ធ្វើឱ្យបង្គា និងក្ដាមងាប់រង្គាលនៅតំបន់ដីសណ្ដទន្លេមេគង្គ ប្រទេសវៀតណាម

image


វៀតណាម៖ រលកកម្ដៅដែលអូសបន្លាយពេលយ៉ាងយូរ បានបង្កឱ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរដល់កសិករចិញ្ចឹមបង្គា និងក្ដាមចិញ្ចឹមនៅក្នុងខេត្តទឹកខ្មៅ ឬកាម៉ាវ (Ca Mau) នាតំបន់ដីសណ្ដទន្លេមេគង្គ ដោយបង្គា និងក្ដាមបានងាប់អស់យ៉ាងច្រើនក្បាល ខណៈទឹកស្រះរីងស្ងួត និងកម្រិតជាតិប្រៃកើនឡើងខ្ពស់ ។

ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បង្គាក្នុងស្រះទំហំ ២ ហិកតា របស់លោក ហ៊ូ មិញអ៊ុត (Huu Minh Ut) ក្នុងឃុំ តាន់ឡុក (Tan Loc) បានងាប់អស់ប្រហែលពាក់កណ្តាល។ កម្ដៅខ្លាំងបានធ្វើឱ្យទឹកឆាប់ហួត ហើយការប្រែប្រួលបរិស្ថានភ្លាមៗបែបនេះ ក៏បានធ្វើឱ្យបង្គាចុះខ្សោយ រហូតនាំឱ្យមានការងាប់យ៉ាងរង្គាលតែម្ដង។ លោក អ៊ុត (Ut) បាននិយាយទាំងស្ដាយក្រោយថា «បើអាកាសធាតុអំណោយផល ខ្ញុំអាចរកចំណូលបានប្រហែល ៥០ លានដុង (ជិត ១,៩០០ ដុល្លារ) ក្នុងរយៈពេល ២ ខែ។ តែឥឡូវនេះ ប្រាក់ដើមដែលខ្ញុំបោះទុនជិត ១០ លានដុង ត្រូវរលាយអស់ហើយ» ។

នៅឃុំ ដាត់ម៉ូយ (Dat Moi) ឯណោះវិញ លោក ដាង អាន់ ហ៊ុង (Dang An Hung) និយាយថា ក្ដាមងាប់ដោយសារតែកម្ដៅ ចាប់ផ្ដើមកើតមានតាំងពីខែកុម្ភៈ ហើយវាបានកើតឡើងដដែលៗរៀងរាល់ឆ្នាំ។ ប្រហែលមួយខែមុន ក្ដាមដែលចិញ្ចឹមក្នុងស្រះបង្គាទំហំជាង ៤ ហិកតារបស់លោក ចាប់ផ្ដើមងាប់ជាបន្តបន្ទាប់ រហូតជិតអស់ពីស្រះ ដែលបង្កឱ្យខាតបង់ប្រាក់រាប់សិបលានដុង ។

តំបន់ភាគខាងត្បូងនៃប្រទេសវៀតណាម កំពុងប្រឈមនឹងអាកាសធាតុក្តៅខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ដោយសីតុណ្ហភាពនៅក្នុងខេត្តមួយចំនួនបានហក់ឡើងលើសពី ៣៧ អង្សា។ កសិករនិយាយថា កម្ដៅខ្លាំងធ្វើឱ្យស្លែ និងរុក្ខជាតិក្នុងទឹកដុះលឿនពេក ដោយនៅពេលស្លែទាំងនោះងាប់ទៅវិញ វាធ្វើឱ្យស្ថានភាពទឹកមិនមានលំនឹង ហើយប្រែក្លាយជាបរិស្ថានដែលងាយនឹងមានការផ្ទុះជំងឺផ្សេងៗ ។
ស្ថានភាពនេះ កំពុងកើតឡើងនៅពាសពេញខេត្តទឹកខ្មៅ (Ca Mau) ចំពេលដែលខេត្តនេះ កំពុងឈានចូលរដូវកាលចិញ្ចឹមបង្គារ និងក្ដាម ដោយមានផ្ទៃដីចិញ្ចឹមបង្គាតែមួយមុខបានកើនឡើងលើសពី ៤២២,០០០ ហិកតា។ ស្ថិតិបង្ហាញថា ចាប់តាំងពីដើមឆ្នាំមក ផ្ទៃដីចិញ្ចឹមសត្វទាំងនេះជាង ១,៣០០ ហិកតាត្រូវរងផលប៉ះពាល់ ដែលភាគច្រើនមានការខាតបង់លើសពី ៧០% ពោលគឺខ្ពស់ជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។

មន្ទីរកសិកម្ម និងបរិស្ថាន បានណែនាំដល់អាជ្ញាធរមូលដ្ឋានឱ្យអនុវត្តវិធានការបង្ការ និងគ្រប់គ្រងជំងឺ ព្រមទាំងបញ្ជូនមន្ត្រីចុះទៅយកសំណាក និងណែនាំកសិករអំពីការធ្វើប្រព្រឹត្តិកម្មទឹកស្រះ ការសម្លាប់មេរោគ និងកែលម្អបរិស្ថានទឹក។ អាជ្ញាធរ ក៏បានណែនាំឱ្យកែសម្រួលកាលវិភាគនៃការដាក់កូនពូជ និងងាកមកប្រើវិធីចិញ្ចឹមជាច្រើនដំណាក់កាល ដើម្បីកាត់បន្ថយហានិភ័យ។ អាជ្ញាធរខេត្តទឹកខ្មៅ (Ca Mau) ក៏បានស្នើសុំឱ្យរដ្ឋាភិបាលមជ្ឈិមផ្គត់ផ្គង់សារធាតុក្លរីន (Chlorine) ចំនួន ៥០ តោនពីឃ្លាំងបម្រុងជាតិ ដើម្បីយកមកសម្អាតបរិស្ថានស្រះ និងទប់ស្កាត់ការផ្ទុះឡើងនៃជំងឺនានា ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ eVnExpress on MSN | រូបភាព៖ (VnExpress/An Minh)/ DTINews