តម្លៃប្រេងឡើងថ្លៃ ទីផ្សារភាគហ៊ុនប្រែប្រួល ខណៈក្ដីសង្ឃឹមនៃកិច្ចចរចាសន្តិភាពនៅតែស្រពិចស្រពិល
ហុងកុង៖ តម្លៃប្រេងបានហក់ឡើងនៅថ្ងៃចន្ទ ទី២៧ ខែមេសា ខណៈទីផ្សារភាគហ៊ុនមានសភាពមិនទៀងទាត់ បន្ទាប់ពីសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ នៅតែមិនទាន់អាចបញ្ចប់សង្គ្រាមរយៈពេល ៨ សប្តាហ៍របស់ពួកគេបាននៅឡើយ ក្រោយលោក ដូណាល់ ត្រាំ កាលពីចុងសប្តាហ៍កន្លងទៅ បានលុបចោលដំណើរទស្សនកិច្ចរបស់អ្នកតំណាងអាម៉េរិកសម្រាប់កិច្ចចរចាសន្តិភាព ។
ក្ដីសង្ឃឹមថាភាគីទាំងពីរអាចសម្រេចបានលទ្ធផលក្នុងអំឡុងកិច្ចចរចានៅប្រទេសប៉ាគីស្ថាន ត្រូវរលាយបាត់ទៅវិញកាលពីថ្ងៃសៅរ៍ ដោយសារតែប្រធានាធិបតីអាម៉េរិក បានលើកឡើងថា វាមិនមានប្រយោជន៍អ្វីក្នុងការអង្គុយជជែកគ្នាពីចំណុចដែលគ្មានខ្លឹមសារនោះទេ។ លោកបានប្រាប់ទូរទស្សន៍ ហ្វុកញូវ (Fox News) ថា «យើងមានប្រៀបជាងពួកគេគ្រប់យ៉ាងរួចទៅហើយ ពួកគេអាចទូរសព្ទមកយើងពេលណាក៏បាន ប៉ុន្តែអ្នកមិនត្រូវចំណាយពេលហោះហើរ ១៨ម៉ោង ដើម្បីតែទៅអង្គុយនិយាយរឿងអត់ប្រយោជន៍ទៀតឡើយ» ។
ទោះជាយ៉ាងណាក្ដី លោកបានប្រាប់អ្នកយកព័ត៌មានថា អ៊ីរ៉ង់បានផ្ញើសំណើថ្មីមួយមកវិញ ភ្លាមៗបន្ទាប់ពីលោកសម្រេចចិត្តលុបចោលការចរចា។ លោកថា «ពួកគេបានឱ្យសំណើមួយមកយើង ដែលគួរតែល្អជាងមុន ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺត្រឹមតែ ១០ នាទីក្រោយខ្ញុំលុបចោលការចរចា យើងក៏ទទួលបានសំណើថ្មីដែលល្អជាងមុនឆ្ងាយណាស់»។ ជុំវិញសំណួរថា តើការលុបចោលនេះមានន័យថាការប្រយុទ្ធគ្នានឹងត្រឡប់មកវិញឬទេ? លោក ត្រាំ ឆ្លើយថា «ទេ វាមិនមែនមានន័យបែបនោះទេ យើងមិនទាន់បានគិតដល់រឿងនោះឡើយ»។
មុនពេលការសម្រេចចិត្តរបស់លោក ត្រាំ ឱកាសនៃកិច្ចចរចាក៏ហាក់មិនច្បាស់លាស់ស្រាប់ទៅហើយ ខណៈប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់និយាយថា រដ្ឋមន្ត្រីការបរទេសរបស់ខ្លួនគ្មានគម្រោងជួបមន្ត្រីអាម៉េរិកដោយផ្ទាល់ឡើយ។ យោងតាមប្រភពព័ត៌មាន អ៊ីរ៉ង់បានស្នើបើកច្រកសមុទ្រ ហ័រមូស (Hormuz) ឡើងវិញ ប៉ុន្តែចង់ពន្យារពេលការចរចារឿងនុយក្លេអ៊ែរទៅពេលក្រោយ ។
បច្ចុប្បន្ន កិច្ចចរចាបានឈានដល់ចំណុចទាល់ច្រក ដោយអ៊ីរ៉ង់មិនពេញចិត្តនឹងការបិទខ្ទប់កំពង់ផែពីសំណាក់អាម៉េរិក ចំណែកសេតវិមានទាមទារឱ្យអ៊ីរ៉ង់អនុញ្ញាតឱ្យនាវាដឹកជញ្ជូនឆ្លងកាត់ផ្លូវទឹកដ៏សំខាន់នេះដោយសេរី។ ខណៈនេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានធ្វើដំណើរទៅកាន់ទីក្រុង សេន ផេធ័រស្បេីក (Saint Petersburg) ដើម្បីជួបពិភាក្សាជាមួយលោក ពុទីន ក្រោយពីបានទៅប៉ាគីស្ថាន និងអូម៉ង់។
តម្លៃប្រេងបានឡើងថ្លៃជាង ១% នៅថ្ងៃចន្ទ ដោយអ្នកជំនាញព្រមានថា តម្លៃប្រេងអាចនឹងហក់ឡើងខ្លាំងលើសពី ១១០ ដុល្លារក្នុងមួយបារ៉ែល បើភាពតានតឹងប្រែទៅជាជម្លោះម្ដងទៀត។ ចំណែកទីផ្សារភាគហ៊ុននៅតំបន់អាស៊ី មានការប្រែប្រួល ដោយទីក្រុងតូក្យូ សេអ៊ូល និងតៃប៉ិ បានឡើងថ្លៃដោយសារតែឥទ្ធិពលនៃបច្ចេកវិទ្យា AI ប៉ុន្តែទីផ្សារនៅសិង្ហបុរី និងស៊ីដនី បែរជាធ្លាក់ចុះទៅវិញ។ អ្នកវិនិយោគក៏កំពុងរង់ចាំមើលរបាយការណ៍ចំណូលពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សដូចជា អាល់ហ្វាប៊ែត (Alphabet), មេតា (Meta), ម៉ៃក្រូសូហ្វ (Microsoft), អាម៉ាហ្សូន (Amazon) និងអ៊ែបផល (Apple) ក៏ដូចជាកិច្ចប្រជុំរបស់ធនាគារកណ្ដាលអាម៉េរិក (Fed) ផងដែរ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ AFP via CNA | រូបភាព៖ (AFP/Andrea Bernardi)/ ATTA KENARE